ណីម៉ា អាចចេញប្រកួតលើកដំបូង ជាផ្លូវការជាមួយក្រុមប៉ារីស
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១១ សីហា ២០១៧
- កែប្រែចុងក្រោយ: August 11, 2017
- ប្រធានបទ: ផ្ទេរកីឡាករ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ទោះជាកីឡាករអន្តរជាតិ ណីម៉ា (Neymar) របស់ប្រទេសប្រេស៊ីល បានចុះកិច្ចសន្យា៥ឆ្នាំ ជាមួយក្រុមប៉ារីសសាំងហ្សែរម៉ាំង (Paris Saint germain - ប្រទេសបារាំង) ក៏ដោយ តែកីឡាកររូបនេះ នៅមិនទាន់អាចចេញប្រកួត នៅក្នុងការប្រកួតជាផ្លូវការទាំងឡាយ បាននៅឡើយ បើគ្មានលិខិតបញ្ជាក់ ស្ដីពីការផ្ទេរកីឡាករជាអន្តរជាតិ ហៅជាភាសាអង់គ្លេស «International Transfer Certificate» ចេញដោយក្រុមបាសឺឡូន (FC Barcelone - ប្រទេសអេស្ប៉ាញ) ដែលកីឡាករបានលេងជាមួយ មុនចេញមកក្រុមប៉ារីស។
លិខិតបញ្ជាក់នេះ មិនត្រូវបានក្រុមបាល់ទាត់ បាសឺឡូន ផ្ដល់ភ្លើងខៀវភ្លាមៗ ឲ្យសហព័ន្ធភូមិន្ទបាល់ទាត់អេស្ប៉ាញ (RFEF) ផ្ញើរមកកាន់សហព័ន្ធបាល់ទាត់បារាំង (FFF) ទេ ក្រោមមូលហេតុថា ទឹកប្រាក់២២២លានអ៊ឺរ៉ូ ដែលជាប្រាក់សំណងរំលោះកិច្ចសន្យា ដែលកីឡាករ ណីម៉ា បានចុះហត្ថលេខាជាមួយក្រុមបាសឺឡូន នៅមិនទាន់ចូល ដល់ក្នុងគណនីធនាគារខ្លួននៅឡើយ។
ប៉ុន្តែនៅថ្ងៃនេះ ស្ថាប័នគ្រប់គ្រងបាល់ទាត់ របស់ប្រទេសបារាំង អះអាងថា ខ្លួនបានទទួលជាស្ថាពរ និងជាផ្លូវការ នូវលិខិតបញ្ជាក់ខាងលើនោះហើយ។
La FFF confirme la réception du certificat de transfert de @neymarjr envoyé par la RFEF
— FFF (@FFF) August 11, 2017
លិខិតបញ្ជាក់ ស្ដីពីការផ្ទេរកីឡាករជាអន្តរជាតិ នឹងអនុញ្ញាតឲ្យកីឡាករ ណីម៉ា អាចចូលប្រកួតចាប់ពីថ្ងៃនេះតទៅ ជាមួយក្រុមប៉ារីស ក្នុងការប្រកួតជាផ្លូវការទាំងឡាយរបស់ក្រុមបាល់ទាត់មួយនេះ។ គេគ្រាន់តែរង់ចាំមើលថា តើគ្រូបង្វឹករបស់ក្រុមប៉ារីស សម្រេចចិត្តយកកីឡាកររូបនេះ ដាក់ចូលទៅប្រកួត ឬយ៉ាងណាប៉ុណ្ណោះ ជាពិសេសការប្រកួត ជាមួយក្រុម «Guingamp» នៅយប់ថ្ងៃអាទិត្យខាងមុខ៕