ផាកហ្គីអៅ អាចជាប់ពន្ធនាគារ នៅអាមេរិក!
- ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី០៥ ឧសភា ២០១៥
- កែប្រែចុងក្រោយ: May 06, 2015
- ប្រធានបទ: ប្រដាល់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅសហរដ្ឋអាមេរិក គេមិនត្រូវយកប្រព័ន្ធយុត្តិធម៌ របស់ប្រទេសនេះ មកលេងសើចនោះទេ ជាពិសេសជាមួយពាក្យ«មុសា» ដែលបានធ្វើឡើង ក្នុងគោលបំណងដ៏ខ្មៅកខ្វក់ ចង់បង្វិលព្រឹត្តិការណ៍ មានលក្ខណៈ«ផ្លូវការ»ណាមួយ។ ហើយក៏ដោយសារ តែពាក្យ«កុហក» ដែលបានធ្វើបន្ទាប់ពី «ការប្រកួតប្រចាំសតវត្ស» កាលពីចុងសប្ដាហ៍មុន ទល់នឹង ផ្លយ ម៉ាយវេដ័រ កីឡាករប្រដាល់មិនដែលចាញ់ របស់អាមេរិកនោះ ទើបកីឡាករជាតិហ្វីលីពីន ម៉ានី ផាកហ្គីអៅ អាចនឹងជាប់ទោស ពី១ទៅ៤ឆ្នាំ ក្នុងពន្ធនាគារ និងត្រូវបង់ពិន័យជាប្រាក់ ប្រមាណជា ៥០០០ដុល្លា នោះថែមទៀត។ នេះបើតាមសារព័ត៌មានអង់គ្លេស «The Telegraph» ដែលបានរាយការណ៍ ពីករណីនេះ កាលពីប៉ុន្មានម៉ោងមុខ។
ជាការពិត កីឡាករប្រដាល់ ផាកហ្គីអៅ មានរបួសនៅត្រង់ស្មារ នៅក្នុងអំឡុងកាលកន្លងមក។ ប៉ុន្តែបន្ទាប់ពីការប្រកួត បានមួយថ្ងៃ កីឡាក បានថ្លែងអះអាងថា ការឈឺចុកចាប់ នៅលត្រង់ស្មារខាងស្ដាំនេះ បានរើឡើងចាប់ពីទឹកទី៣ ដែលជាហេតុធ្វើឲ្យខ្លួន វាយចេញមិនបានច្រើន និងមិនមានប្រសិទ្ធិភាព រហូតដល់ខ្លួនបានចាញ់ កីឡាករអាមេរិក ម៉ាយវេដ័រ ដោយពិន្ទុ។ កីឡាករបញ្ជាក់ថា នឹងត្រូវធ្វើការវះកាត់ រួចត្រូវធ្វើការសម្រាក ពីសៃវៀន ជាច្រើនខែនោះថែមទៀត។
ប៉ុន្តែរឿងដែលបង្កជាបញ្ហា ដល់កីឡាករជាតិហ្វីលីពីន គឺដោយសារកីឡាករ បានឆ្លើយ«ទេ» តបនឹងការសាកសួរ របស់គណកម្មការប្រដាល់ ណឺវ៉ាដា (Nevada Athletic Commission) ដែលជាស្ថាប័នមានសមត្ថកិច្ច គ្រប់គ្រងលើការប្រកួតកីឡាប្រដាល់ នៅក្នុងរដ្ឋ ដែលមានព្រឹត្តិការណ៍នេះ។ សំនួរនោះ សួរថា៖ «តើអ្នកឯងបានរង ការឈឺចុកចាប់ ពីរបួសស្មារ គួយដៃ ឬដៃ ដែលចាំបាច់ ត្រូវធ្វើការត្រួតពិនិត្យឬទេ?»
ចម្លើយបដិសេធរបស់ ផាកហ្គីអៅ បានធ្វើឲ្យកីឡាករ មានទោសពីបទ«កុហក» ដើម្បីបង្វិល លទ្ធផលនៃព្រឹត្តិការណ៍ ជា«ផ្លូវការ»មួយ ដែលនៅសហរដ្ឋអាមេរិក ជាទោសកំហុស អាចជាប់ពន្ធនគារ។ នៅក្នុងពេលនេះ អាជ្ញាធរ ណឺវ៉ាដា បានបើកការស៊ើបអង្កេតមួយឡើងហើយ ដើម្បីពិនិត្យមើលថា សម្ដីទាំងអស់ កើតឡើងយ៉ាងដូចម្ដេច និងនៅពេលណា៕