អ្នកប្រដាល់ចិន ស៊ូ ស្សីមីង មានក្តីសុបិន្តធំ
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: March 26, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
កីឡាករប្រដាល់ ម្ចាស់មេដាយមាសអូឡាំពិក ២សម័យកាល ស៊ូ ស្សីមីង (Zou Shiming) បាននិយាយថា គាត់ចង់ទៅដល់កំរិតកំពូល មុនពេលការចាប់ផ្តើម ការប្រកួតជាផ្លូវការរបស់គាត់ នៅខែក្រោយ។ ហើយគាត់ចង់ក្លាយ ជាអ្នកប្រដាល់របស់ចិនដំបូងគេ ដែលមានកេរ្តិ៏ឈ្មោះល្បីល្បាញ នៅលើឆាកអន្តរជាតិ។
កីឡាករប្រដាល់ចិន ស៊ូ ស្សីមីង (រូបទីពីរពីឆ្វេង) ក្រោយពេលទទួលមេដាយមាសអូឡាំពិក។
ភាពរហ័សរហួនរបស់កីឡាករ ស្សីមីង បានធ្វើឲ្យគាត់ទទួលបានមេដាយមាស អូឡាំពិក ឆ្នាំ២០០៨ និងឆ្នាំ២០១២ ក្នុងប្រភេទទំងន់ស្រាល។ គាត់នឹងត្រូវប្រកួតដ៏ធំមួយ ក្នុងការប្រកួតដណ្តើម ខ្សែក្រវ៉ាត់ពិភពលោក ជាមួយនឹងកំពូលអ្មកប្រដាល់ របស់ម៉ិកស៊ិកូ អេលេសា វ៉ាឡិនស្ស៊ូឡា (Eleazar Valenzuela) នាថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៣ ខាងមុខ ក្នុងទីក្រុង ម៉ាកាវ (Macau) ប្រទេសចិន។
ស្សីមីង ជាអ្នកប្រដាល់ជើងឯងពិភពលោក ៣សម័យកាល ឆ្នាំ២០០៥, ២០០៧ និង២០១១។ គាត់ត្រូវបានប្រជាជនចិនស្គាល់ ហើយដាក់រហ័យនាមថា «អ្នកប្រដាល់មិនរាថយ ស៊ូ ស្សីមីង»។ ពេលនេះគាត់សង្ឃឹមថា នឹងបង្ហាញសមត្ថភាពរបស់គាត់ ដល់អ្នកទស្សនានៅលើពិភពលោកបានឃើញ និងធ្វើឲ្យប្រទេសចិនកាន់តែល្បីល្បាញ ខាងវិស័យកីឡា។
អ្នកប្រដាល់រូបនេះបានប្រាប់ដល់កាសែត អាអេហ្វប៉េ (AFP) ថា «វាជាក្តីសុបិន្តរបស់ខ្ញុំ ដើម្បីក្លាយទៅជា អ្នកប្រដាល់អាជីពដ៏ល្បីល្បាញម្នាក់។ ពេលនេះខ្ញុំមានឱកាស ហើយបើសិនជាខ្ញុំឈ្នះជើងឯកពិភពលោកឆ្នាំនេះ នោះជាគោលដៅរបស់ខ្ញុំ ដែលតែងតែចង់បាន។»
ស្សីមីង បានចុះកិច្ចសន្យា ជាមួយនឹងក្លឹបប្រដាល់ ថប់រ៉ែងប្រូម៉ូសិន (Top Rank promotions) របស់លោក បប់ អារ៉ាំ (Bob Arum) ក្នុងរដ្ឋឡាសវីកាស (Las Vegas) សហរដ្ឋអាមេរិក។ ហើយវឺកហាត់ជាមួយនឹងអ្នកប្រដាល់ជើងចាស់ របស់អាមេរិក លោក ហ្វីឌី រ៉ច (Freddie Roach)។ គ្រូបង្វឹករូបនេះ បានប្រៀបធៀប ស្សីមីង ទៅនឹងកំពូលអ្នកប្រដាល់ឆ្នើមរបស់អាស៊ី ម៉ែនី ផាគីអៅ ( Manny Pacquiao) ជាជនជាតិហ្វីលីពីន។
គាត់បាននិយាយថា «ស្សីមីង អាចទទួលយកអ្វីថ្មីៗ បានយ៉ាងឆាប់រហ័ស ហើយខ្ញុំគិតថា គាត់នឹងក្លាយទៅជាម្ចាស់ជើងឯកក្នុងពេលដ៏ខ្លី។ ខ្ញុំបានប្រាប់ដល់ម្ចាស់ក្លឹប កាលពីឆ្នាំមុនថា បុរសនេះ នឹងក្លាយជាម្ចាស់ជើងឯកពិភពលោកឆាប់ៗ។ ខ្ញុំដឹងថា វាដូចជាឆាប់រហ័សពេក ប៉ុន្តែតាមបទពិសោធន៏របស់គាត់ ខ្ញុំគិតថា យើងប្រកដជាឈានដល់ចំណុចនោះ។»
ស្សីមីង មានកម្ពស់ ១,៦៥ម៉ែត្រ មកពីខេត្តក្វាងស្ស៊ូ (Guizhou) ភាគខាងត្បូងនៃប្រទេសចិន។ កីឡាករនេះបានទៅធ្វើការហ្វឹកហាត់បន្ថែមនៅសាហរដ្ឋអាមេរិក ដើម្បីឈោងចាប់អាជីពជាអ្នកប្រដាល់ លំដាប់ពិភពលោក។
អ្នកប្រដាល់វ័យ ៣១ឆ្នាំរូបនេះ បានបន្ថែមថា «ខ្ញុំសម្រេចចិត្តស្នាក់នៅទីនេះ ៤ឆ្នាំ ហើយបានប្រកួតប្រជែង ក្នុងព្រឹត្តិការណ៏អូឡាំពិកទីក្រុងឡុងដ៏។ ពេលនេះ ខ្ញុំកំពុងតែសម្លឹងមើលគោលដៅ ដើម្បីក្លាយទៅជា អ្នកប្រដាល់អាជីពដ៏អស្ចារ្យម្នាក់៕»
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២៦ ខែមិនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ