ក្រសួងធម្មការ ប្រកាសរឹបអូសផលិតផលដែលលក់ផ្សាយពី ធាន វុទ្ធី
- ដោយ: ប្រាថ្នា ដោយ ក.ចាន់នីតា (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី៣០ កក្កដា ២០១៤
- កែប្រែចុងក្រោយ: July 30, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
លិខិតរបស់ក្រសួងធម្មការ និងសាសនា ចុះនៅថ្ងៃទី២៨ ខែកក្តដា បានឱ្យដឹងថា ក្រសួងធម្មការ នឹងចាត់វិធានការយ៉ាងតឹងតែងបំផុតចំពោះបុគ្គល ធាន វុទ្ធី ដែលបានតែងតាំងខ្លួនថា ជាព្រះសិរអារ្យមេត្រីយ៍ និងការលក់ដូររូបថត និងវីដេអូជាដើម។
រូបតាបស ធាន វុទ្ធី ដែលតាំងខ្លួនជាព្រះពុទ្ធទី៥។ (រូបថត ហ្វេសប៊ុក)
អបិយជំនឿ - ក្រោយពីសារព័ត៌មានជាច្រើន និងអ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំបង្ហោះចែកចាយវីដេអូដែលទាក់ទងលោក ធាន វុទ្ធី តាំងខ្លួនជា«ព្រះសិរអារ្យមេត្រីយ៍»មក លោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការ និងព្រះតេជព្រះគុណ ឈឹង ប៊ុនឈា សមាជិកថេរៈសភា មិនអាចនៅព្រងើយកន្តើយ មិនប្រតិកម្មទៀតចំពោះរឿងមិនប្រក្រតីនេះ បានទេ។
បន្ទាប់ពីបានចុះធ្វើការស្រាវជ្រាវដោយផ្ទាល់ ដោយលោករដ្ឋមន្ត្រី និងព្រះតេជគុណសមាជិកថេរៈសភាផ្ទាល់ កាលពីថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០១៤នេះ ទាក់ទងនឹងព័ត៌មានដែលថា លោក ធាន វុទ្ធី ធ្វើឱ្យប៉ះពាល់ដល់ព្រះពុទ្ធសាសនាយ៉ាងធ្ងន់ធ្ងរនេះ ទីបំផុតទៅ ក្រសួងធម្មការបានសម្រេចថា៖ «ក្រសួងធម្មការនិងគណសង្ឃនាយក យល់ឃើញថា ប្រតិកម្មទាំងអស់នេះកើតឡើង ដោយហេតុច្រើនយ៉ាង ក្នុងនោះមានការផ្សព្វផ្សាយរូបបុគ្គល ធាន វុទ្ធី ជារូបថត ជាវីដេអូ ដែលធ្វើសកម្មភាពហួសព្រំដែន ខុសនឹងច្បាប់ព្រះពុទ្ធសាសនា និងច្បាប់រដ្ឋ»។
សេចក្ដីសម្រេចនេះ បានសរសេនៅក្នុងលិខិតមួយ របស់ក្រសួងធម្មការ និងសាសនា ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៤ នេះ ដោយមានហត្ថាលេខា របស់លោករដ្ឋមន្ត្រី មិន ឃិន និងព្រះរាជតំណាងសម្ដេចព្រះសង្ឃនាយក ព្រះតេចគុណ អំ លឹមហេង នោះផង។
លិខិតដដែលបានដាក់កំហិត ទៅលើអភិបាលនិងគណៈអភិបាលខេត្តកណ្តាល ត្រូវតែចាត់វិធានការប្រមូលយកនូវឯកសារ និងដាក់បម្រាមឱ្យបានតឹងតែងជាទីបំផុត ដើម្បីកុំឱ្យមានការលក់ដូ ឬផ្សព្វផ្សាយបន្តទៅទៀត ព្រោះនេះជាទង្វើបោកប្រាស់ និងខុសទៅនឹងច្បាប់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។
បើតាមប្រធានការិយាល័យធម្មការស្រុកកោះធំ លោក ទើង ស្រ៊ុន ដែលស្រង់សម្តីដោយវិទ្យុអន្តរជាតិមួយ បានដឹងថា រឿងរ៉ាវនេះ ពិតជាធ្លាប់បានកើតឡើងពិតមែន តែលោក ធាន វុទ្ធី ក៏បញ្ឈប់ធ្វើរឿងនេះហើយ។ ដោយឡែកអ្នកមានជំនឿស៊ុបលើលោក ធាន វុទ្ធី ក៏នំាគ្នារចនារូបលោក ធាន វុទ្ធី ជារូបព្រះសិរអារ្យមេត្រី ហើយនាំគ្នាដាក់លក់ ដោយគេថានេះជាសិទ្ធិរបស់ពួកគេ។ តែលោកបញ្ជាក់ថា រាល់ថវិកាបានមកពីការលក់រូបទាំងនេះ មិនអាចយកទៅកសាងសមិទ្ធផលនានាក្នុងវត្តឲ្យបានគ្រប់គ្រាន់ទេទេ។ សមិទ្ធផលទាំងនេះ ចេញមកពីថវិកា របស់ប្រជាពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋាន ទាំងក្នុងនិងក្រៅប្រទេស៕
រូបផ្សាយពាណិជ្ជកម្ម នៅក្នុងវត្តទួលរាជា បង្ហាញថាតាបស ធាន វុទ្ធី ជាព្រះពុទ្ធទី៥។ (រូបថត ហ្វេសប៊ុក)