សម្បត្តិវប្បធម៌ធម្មជាតិចំនួនប្រាំពីរ ក្លាយជាសម្បត្តិបិតិកភ័ណ្ឌពិភពលោក (រូបភាព)
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: June 22, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ភ្នំពេញ៖ សម្បត្តិវប្បធម៌ធម្មជាតិចំនួនប្រាំពីរ(៧) ក្នុងចំណោម សម្បត្តិធម្មជាតិវប្បធម៌ទាំង៣២ ដែលត្រូវបានស្នើដោយរដ្ឋជាសមាជិក បានចុះក្នុង«បញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូនីស្កូ (UNESCO)» កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៣ ដោយគណកម្មាធិការបេតិកភណ្ឌពិភពលោកក្នុងប្រទេសកម្ពុជា។
មហាកំផែងនៅកូនភ្នំ រ៉ាចាសថាន់ (Rajasthan) នៃប្រទេសឥណ្ឌា មិនទាន់ត្រូវបានចុះបញ្ជីជាបេតិកភ័ណ្ឌពិភពលោកនៅឡើយ។
សម្បត្តិវប្បធម៌ធម្មជាតិទាំងប្រាំពីរ ក្នុងចំណោមសម្បត្តិបិតិកភ័ណ្ឌចំនួន៣២ មកពីប្រទេសតាហ្ស៊ីគីស្ថាន, ប្រទេសអ៊ីតាលី, ប្រទេសម៉ិកស៊ីកូ, ប្រទេសឥណ្ឌា, ប្រទេសណាមីប៊ី, ប្រទេស កេនយ៉ា និងប្រទេសចិន ដែលបានស្នើរសុំចុះបញ្ជីជាសម្បត្តិបិតិកភ័ណ្ឌពិភពលោក បានទទួលស្គាល់ជាផ្លូវការហើយកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៣ ដោយគណកម្មាធិការបិតិកភ័ណ្ឌពិភពលោក ក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ខ្លួននៅប្រទេសកម្ពុជា។ កិច្ចប្រជុំគណៈកម្មាធិការបិតិកភ័ណ្ឌពិភពលោកលើកទី៣៧នេះ មានសមាជិកចូលរួមជាងមួយពាន់(១៤៦៥)នាក់ ដែលមកពីមួយរយម្ភៃប្រាំបី(១២៨)ប្រទេស ជាសមាជិកនៃអនុសញ្ញាឆ្នាំ១៩៧២ ស្ដីពីការការពារបិតិកភ័ណ្ឌពិភពលោកវប្បធម៌ និងធម្មជាតិ នៃអង្គការយូណេស្កូដែលមានសមាជិកចំនួន១៩៥ប្រទេស។
រីឯសម្បត្តិវប្បធម៌ធម្មជាតិបិតិកភ័ណ្ឌចំនួន២៥ទៀត នឹងត្រូវអង្គប្រជុំធ្វើការពិភាក្សា និងអនុម័តដាក់បញ្ចូលទៅក្នុងសម្បត្តិបិតិកភ័ណ្ឌពិភពលោកនៅថ្ងៃបន្ដបន្ទាប់ទៀត។ ប្រទេសមួយចំនួនដែលកំពុងជួបបញ្ហាសង្គ្រាម ដូចជាប្រទេសស៊ីរីជាដើម ដែលគំពុងតែកើតមាននូវផ្ទៃក្នុង(សង្គ្រាមស៊ីវិល) ហើយសម្បត្តិវប្បធម៌ធម្មជាតិនៃប្រទេសនេះក៏កំពុងរងគ្រោះថ្នាក់ផងនោះ គណៈកម្មាធិការបេតិកភណ្ឌពិភពលោកលើកទី៣៧ ក៏បានសម្រេចយកសម្បត្តិវប្បធម៌ធម្មជាតិចំនួនប្រាំមួយ(៦) មកធ្វើការពិចារណាដើម្បីសម្រេចដាក់ ជាសម្បត្ដិវប្បធម៌បិតិកភ័ណ្ឌពិភពលោក។
សូមបញ្ជាក់ថា ការស្នើរចុះជាសម្បត្តិបិតិកភ័ណ្ឌទាំង៣២ នៃបណ្តាប្រទេសលើពិភពលោក ក្នុងគោលបំណងធានាឲ្យបាននូវកិច្ចការពារ និងការអភិវឌ្ឃន៍តំបន់ដែលមានតម្លៃជាសកលនេះ ទុកសម្រាប់មនុស្សជំនាន់ក្រោយ។ ឯការចុះបញ្ជីវិញតម្រូវឲ្យមានការគោរពតាមលក្ខខ័ណ្ឌដប់យ៉ាង។ គណកម្មាធិការនៃអង្គការវប្បធម៌អន្តរជាតិដ៏កំពូលនេះធ្វើការវាយតម្លៃ ជាមធ្យមពី២៥ទៅ៣០ទាំងសម្បត្តិរូបី និងអរូបីជារៀងរាល់ឆ្នាំដែលរួមមានសម្បត្តិបី(៣)ប្រភេទទីមួយ«សម្បត្តិធម្មជាតិ» ទីពីរ«សម្បតិ្តជីវចម្រុះ» និងទីបី«សម្បតិ្តវប្បធម៌»។
គិតមកដល់ថ្ងៃទី២១ មិថុនានេះ មានប្រទេសចំនួន១៥១ ដែលបានចុះជាសម្បត្តិវប្បធម៌ ឬធម្មជាតិរបស់ខ្លួនចំនួន៨១៨ ទៅក្នុងបញ្ជីបិតិកភ័ណ្ឌពិភពលោក ក្នុងនោះរួមទាំងសម្បតិ្តបិតិកភ័ណ្ឌចំនួនបួន(៤) របស់កម្ពុជាដូចជា«តំបន់អង្គរ»ត្រូវបានចុះបញ្ជីជាបេតិភ័ណ្ឌពិភពលោកនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២, «របាំក្បាច់បុរាណខ្មែរ “របាំព្រះរាជទ្រព្យ”» ចុះនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០៣, «ល្ខោនស្រមោលស្បែកធំ» នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥ និង«ប្រាសាទព្រះវិហារ»នៅថ្ងៃទី៧ កក្កដា ឆ្នាំ២០០៨។ ក្នុងឆ្នាំនេះ(២០១៣) លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏ស្នើឲ្យមានការដាក់បញ្ចូលនូវប្រាសាទ «សម្បូរព្រៃគុហ៍» ដែលជារមណីយដ្ឋានមុនសម័យអង្គរ និងប្រាសាទ«កោះកេរ្តិ៍» ជារាជធានីនៃអធិរាជាណាចក្រខ្មែរក្នុងសតវត្សទីដប់ ដែលបង្ហាញនូវសិល្បៈនៃរូបចម្លាក់រស់រវើកមុនគេនៅទ្វីបអាស៊ី ទៅក្នុងបញ្ជីបិតិភ័ណ្ឌពិភពលោកផងដែរ។
សូមទស្សនារូបភាពសម្បត្តិវប្បធម៌ធម្មជាតិចំនួនប្រាំពីរ(៧) ដែលទទួលស្គាល់ជាសម្បត្តិបិតិភ័ណ្ឌពិភពលោកជាផ្លូវការដូចតទៅ៖
១- រមណីយដ្ឋានធម្មជាតិ Tajik National Park (Mountains of the Pamirs) ប្រទេសតាហ្ស៊ីគីស្ថាន
២-រមណីយដ្ឋានធម្មជាតិ Mount Etna ប្រទេសអ៊ីតាលី
៣-រមណីយដ្ឋានធម្មជាតិ El Pinacate and Gran Desierto de Altar Biosphere Reserve ប្រទេសម៉ិកស៊ីកូ
៤-រមណីយដ្ឋានធម្មជាតិ Great Himalayan National Park ប្រទេសឥណ្ឌា
៥-រមណីយដ្ឋាន ធម្មជាតិ សមុទ្រខ្សាច់ Namib Sand Sea ប្រទេសណាមីប៊ី
៦-រមណីយដ្ឋានធម្មជាតិ Mount Kenya-Lewa Wildlife Conservancy ប្រទេស កេនយ៉ា
៧-រមណីយដ្ឋានធម្មជាតិ ភ្នំ Xinjiang Tianshan ប្រទេសចិន
---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី១៨ មិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ