ដុតកូនឆ្មារទាំងរស់៖ ផ្អើលពិភពអ៊ិនធើណែត តែហ្វេសប៊ុកធ្វើមិនដឹង! (vdo)
- ដោយ: សុបិន្ដ ដោយ សុបិន្ត (ទាក់ទង៖ [email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី០៩ កញ្ញា ២០១៤
- កែប្រែចុងក្រោយ: September 09, 2014
- ប្រធានបទ: ហិង្សាលើសត្វ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅក្នុងវីដេអូខាងក្រោម (ហាមក្មេងក្រោមអាយុ១២ឆ្នាំ ឬមនុស្សដែលមានអារម្មណ៍ខ្សោយទស្សនា) គេនឹងឃើញកូនឆ្មារមួយក្បាលត្រូវបានក្រុមមនុស្ស ចាក់ស្រោចប្រេងសាំងពីលើ រួចបន្ទាប់មកដុតទាំងរស់។ អ្នកទស្សនាវីដេអូនេះ រាប់សិបម៉ឺននាក់ជាពិសេស នៅក្នុងប្រទេសអង់គ្លេស បានសម្ដែងការក្ដៅក្រហាយ ដោយបានចាត់ទុកថា នេះជាអំពើព្រៃផ្សៃបំផុតមួយ។ អ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន ថែមទាំងបានរាយការណ៍ពីវីដេអូនេះ ទៅហ្វេសប៊ុក ដើម្បីសុំឲ្យដកវីដេអូនេះចេញទៀតផង។
វីដេអូនេះ ដែលពិបាកនឹងទ្រាំទស្សនា បានជំរុញឲ្យអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើននាក់ ធ្វើប្រតិកម្ម។ បុរសម្នាក់បានបញ្ចេញវាចាថា៖ «ខ្ញុំបានសម្រេចចិត្ត ចុចមើលវីដេអូនេះ។ តែគួរឲ្យស្អប់ខ្ពើមណាស់។ ខ្ញុំបានរាយការណ៍វាទៅហ្វេសប៊ុក។» តែសម្រាប់បណ្ដាញសង្គម បានឆ្លើយមកវិញថា៖ «វីដេអូនេះ មិនបានខុសនឹងលក្ខន្តិក របស់ហ្វេសប៊ុកឡើយ»។
តំណាងមួយរូបរបស់ហ្វេសប៊ុក បានឆ្លើយប្រាប់សារព័ត៌មានអង់គ្លេស MailOnline ថា វីដេអូនេះ ស្របតាមលក្ខន្តិក របស់បណ្ដាញសង្គម ដោយបាននិយាយថា៖ «មនុស្សជាច្រើននាក់ ដែលនៅលើបណ្ដាញសង្គមរបស់យើង បានចែកផ្សាយបទពិសោធន៍ ពីអ្វីដែលកើតឡើងនៅក្នុងលោក និងអ្វីៗដែលបានកើតឡើងនៅជុំវិញខ្លួនរបស់គេ។ ហើយករណីនេះ វាអាចធ្វើឲ្យមានការចែករំលែក នូវអ្វីដែលមនុស្សផ្សេងទៀត យល់ឃើញថា រន្ធត់ញាប់ញ័រ។» តែតំណាងរូបនោះបានបញ្ជាក់ទៀតថា៖ «ប្រសិនបើវីដេអូនេះ ត្រូវបានចុះផ្សាយជាមួយពាក្យសម្ដីសរសេរ ដោយមានរើសអើង យើងអាចនឹងលប់វាចេញ»។
យ៉ាងណាក៏ដោយ ក៏វីដេអូនេះ មិនត្រូវបានឃើញមាន នៅលើហ្វេសបុកតទៅទៀតឡើយ ហើយគណនីដែលបានចុះផ្សាយវីដេអូនេះ ក៏ត្រូវបានបិទចោលដែរ។ នេះទំនងជាប្រតិកម្ម ពីបណ្ដាអ្នកប្រើប្រាស់ផ្សេងទៀត ដែលបង្កើតចំហេះក្ដៅក្រហាយពេញព្រោងព្រាត បង្ខំឲ្យហ្វេសប៊ុកត្រូវតែចាត់វិធានការ។
មិនមែនជាលើកទីមួយទេ ដែលហ្វេសប៊ុកតែងបណ្ដោយ ឲ្យវីដេអូរន្ធត់សាហាវញ៉ាប់ញ័រជាច្រើន ត្រូវបានចុះផ្សាយ និងមានដំណើរការនៅលើបណ្ដាញរបស់ខ្លួន។ វីដេអូមួយទៀត បង្ហាញពីការសម្លាប់មនុស្សរស់ទាំងមូលមួយរូប ដោយការកាត់ករ (ទំនងជានៅក្នុងប្រទេសម៉ិចស៊ិក) ត្រូវបានចុះផ្សាយក្នុងបណ្ដាញសង្គម កាលពីខែតុលាកន្លងទៅ ហើយបង្កឲ្យការក្ដៅក្រហាយម្ដងហើយ នៅពេលនោះ ដោយសារតែហ្វេសប៊ុក បានបដិសេធមិនដកចេញនូវវីដេអូនេះ។ រីឯអ្នកប្រើប្រាស់បណ្ដាញសង្គម នៅក្នុងប្រទេសកម្ពុជាជាច្រើន ក៏បានចុះផ្សាយជាញឹកញាប់ដែរ នូវរូបភាពអាក្រក់ៗ ដូចយ៉ាងគ្រោះថ្នាក់ចរាចរណ៍ មនុស្សស្លាប់ដេកស្ដូកស្ដឹង ដាច់ក្បាល ដាច់ដៃឬជើង... តែវីដេអូទាំងនោះ នៅតែមានជីវិតរហូតដល់សព្វថ្ងៃ។
ហ្វេសប៊ុក ធ្លាប់បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ថាខ្លួននឹងពិនិត្យឡើងវិញ ពីលក្ខន្តិក និងបែបផែននៃការរាយការណ៍ទាំងឡាយ ទាក់ទងនឹងទិន្និន័យហិង្សា។ ក្រុមហ៊ុនបណ្ដាញសង្គមយក្ស របស់អាមេរិកមួយនេះ បានសរសេរឲ្យដឹងទៀតថា៖ «យើងបានចាត់ទុកទិន្និន័យទាំងនោះ ទៅក្នុងប្រភេទ"ហិង្សាដែលមិនសមប្រកប និងគ្មានការទទួលខុសត្រូវ"»៕
វីដេអូខាងក្រោម ហាមក្មេងអាយុ១២ឆ្នាំ ឬមនុស្សដែលមានអារម្មណ៍ខ្សោយទស្សនា៖