ស៊ិន សក្កដា អះអាងបន្ថែមថា ហ៊ុន ម៉ានី «ខាំ»ទាំងប្រុសទាំងស្រី
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី២៦ មីនា ២០១៨
- កែប្រែចុងក្រោយ: March 26, 2018
- ប្រធានបទ: រឿង«ខាំ»
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
កូនប្រុសនាយករដ្ឋមន្ត្រី ចូលចិត្តល្បែងខុសគេមួយ គឺដើរខាំគេឯង ទាំងប្រុសទាំងស្រី ដោយមិនរើសមុខ។ នេះ បើតាមការអះអាង នៅមុននេះបន្តិច ពីសំណាក់តារាសំដែង និងជានាដការិនី កញ្ញា សិន សក្កដា ដែលរងការចោទ តាមរយៈវីដេអូបែកធ្លាយមួយ កាលពីពាក់កណ្ដាលខែមុនថា មានទំនាក់ទំនងផ្លូវភេទ ជាមួយលោក ហ៊ុន ម៉ានី កូនប្រុសនាយករដ្ឋមន្ត្រី និងជាតំណាងរាស្ត្រ របស់គណបក្សប្រជាជនកម្ពុជា។
ជាមួយនឹងរូបថតច្រើនសន្លឹក ដែលមានពីរសន្លឹក បង្ហាញពីស្នាមខាំ នៅលើដើមដៃរបស់នាងផង តារាសំដែងវ័យក្មេង បានសរសេរនៅលើគណនីហ្វេសប៊ុករបស់នាងថា៖ «កាលពីឆ្នាំមុន ក្នុងកម្មវិធីខួបកំណើតឯកឧត្ដម ហ៊ុន ម៉ានី គាត់ខាំទាំងប្រុសទាំងស្រី ហើយគាត់កំប្លែងលេង ដាក់មនុស្សគ្រប់ៗគ្នា។ ខ្ញុំមានសាក្សីជាច្រើន តែអ្នកដែលមានគំនិតស្មោគគ្រោក វាយប្រហារមិនគិតពីកិត្តិយសខ្ញុំ។»។
នាដការិនីរបាំបូរាណរូបនេះ បានសរសេរលាងសំអាតខ្លួន ជាបន្តថា៖ «ខ្ញុំមិនបានធ្វើអ្វីខុស ខ្ញុំមិនខ្លាចឡើយ ខ្ញុំនឹងរកភាពស្អាតស្អំរបស់ខ្ញុំមកវិញ។ នេះជារូបភាព កាលពីថ្ងៃខួបកំណើតរបស់គាត់ ហើយខ្ញុំសូមបដិសេធទុកជាមុន បើមានរូបភាពណាផ្សេងពីនេះ។ ពួកមនុស្សតិរិច្ឆាន កាឡៃ និងបង្ខូចកិត្តិយសខ្ញុំ បានគ្រប់បែបយ៉ាង ដើម្បីបំពេញសេចក្តីសំរេច ដ៏ស្មោគគ្រោគរបស់ពួកគេ។»។
នៅក្នុងវីដេអូចំនួនបួន ដែលត្រូវបានក្រុម ហែគ័រ (Hacker) យកមកបង្ហោះ នៅលើបណ្ដាញចែករំលែកវីដេអូ យូធូប និងនៅលើបណ្ដាញសង្គម មានវីដេអូមួយ បានបង្ហាញពីការជជែកគ្នា នៅក្នុងសារឯកជនរវាង គណនី «Sin Sakada» និងគណនី «Mani Hun» ទាក់ទងនឹង«ការខាំ» ដែលបណ្ដាលឲ្យម្ចាស់គណនី «Sin Sakada» ត្អូញនៅក្នុងសារជជែកគ្នានោះ ថា«ឈឺ» ដែលធ្វើឲ្យ«ជាំដៃ»។ ជាចម្លើយទៅវិញ គណនី «Mani Hun» បានសុំទោស និងសារភាពថា «ការខាំ»ក្នុង«យប់»នោះ ជា«បំណងយូរហើយ» មុននឹង «Sin Sakada» តបវិញថា «ឲ្យតែបងបានសប្បាយចិត្ត ក្នុងថ្ងៃនេះ ឈឺបន្តិចបន្តួចមិនសំខាន់»។
តែការបកស្រាយ និងការបង្ហោះរូបថតរបស់កញ្ញា ស៊ិន សក្កដា ទទួលស្គាល់«ការខាំ» របស់លោក ហ៊ុន ម៉ានី នៅថ្ងៃនេះ ហាក់ធ្វើឡើងផ្ទុយពីការបកស្រាយ របស់កញ្ញា កាលពីម្សិលម៉ិញ ដែលលើកឡើងថា ស្លាកស្នាមនៅលើដើមដៃរបស់នាង មិនមែនជាស្នាមខាំទេ តែកើតឡើង ដោយសារនាងមានបញ្ហា នៅលើស្បែក។ នាងបានសរសេរថា៖ «ខ្ញុំស្រលាញ់ និងគោរពឯកឧត្ដម ហ៊ុន ម៉ានី ដូចជាបងប្រុសម្នាក់របស់ខ្ញុំ។ ស្លាកស្នាមនៅលើដៃ គីជាបញ្ហាស្បែករបស់ខ្ញុំ ខ្ញុំបានទទួលវេជ្ជបញ្ជា ពីវេជ្ជបណ្ឌិតត្រឹមត្រូវ»៕