ទុក​ទារក​អាយុ​ប្រាំ​ខែ​ចោល រហូត​អត់​ឃ្លាន​ស្លាប់​ ឯ​ខ្លួន​ទៅ​ដើរ​លេង

ហេតុការណ៍ដ៏រន្ធត់ ទៅលើទារកទើបនឹងចេញពីផ្ទៃ បានកើតឡើងទៀតហើយ។ ម្ដាយវ័យក្មេងមួយរូប បានទុកទារិកា​របស់ខ្លួន ដែលទើបនឹងមានអាយុ៥ខែ ចោលចំនួន២សប្ដាហ៍ រហូតលុះត្រាទារិកាដ៏កំសត់បានស្លាប់ នឹងភាព​អត់ឃ្លាន​ រីឯខ្លួនឯងបានចេញទៅដើរលេង ធ្វើមិនដឹង។
Loading...
  • ដោយ: ឈូករ័ត្ន ដោយ ឈូករ័ត្ន (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី០៩ តុលា ២០១៤
  • កែប្រែចុងក្រោយ: September 09, 2014
  • ប្រធានបទ: ហិង្សាលើទារក
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បណ្ដាញផ្សព្វផ្សាយ នៅប្រទេសរ៉ូស្សី បានហៅស្ត្រីវ័យក្មេងនោះ ថាជា«ម្ដាយបីសាច»។ នាង អាលីយ៉ូណា អ៊ីប៉ាតូវ៉ា (Alyona Ipatova) អាយុ១៩ឆ្នាំ ត្រូវបានតុលាការនៃទីក្រុង ស៊ាំង-ប៉េធើស្បួរ (Saint-Pétersbourg) ផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារ១០ឆ្នាំ និងបង្ខំឲ្យធ្វើការជាទម្ងន់ ពីបទបានទុក ទារិកាអាយុ៥ខែរបស់ខ្លួនចោល រហូតស្លាប់នឹងភាពអត់ឃ្លាន។

ស្ត្រីជាប់ចោទរូបនេះ បានទទួលស្គាល់ពីទង្វើរបស់ខ្លួន ដែលបានទុកកូនស្រីរបស់ខ្លួនចោល តែម្នាក់ឯងនៅ​ក្នុងផ្ទះ អស់រយៈពេល... ១៤ថ្ងៃ។ រីឯខ្លួនបានចេញទៅដើរលេង នៅក្នុងពិធីបុណ្យសប្បាយមួយ។ ពីរសប្ដាហ៍​ក្រោយ នាងបានវិលត្រឡប់មកផ្ទះវិញ ដើម្បីមកជួបកូនស្រីកំសត់របស់នាង។

តែវាហួសពេលទៅហើយ។ ១៤ថ្ងៃ ដោយអត់ឃ្លាន តើមនុស្សណាមួយអាចអត់ទ្រាំបាន កុំថាឡើយដល់ទៅ​​ទារិកា ដែលទើបនឹងមានអាយុ៥ខែនោះ? នេះគេនៅមិនទាន់គិតដល់ផងទេថា តើទារិកាដ៏តូចល្អិត បាន​ស្រែក​យំទារយកចំណីយ៉ាងណា មុននឹងគ្នាលែងដឹងខ្លួន ហើយលាចាកលោកនោះ?

នៅក្នុងសវនាការ នាង អ៊ីប៉ាតូវ៉ា បានដឹងពីកំហុសរបស់ខ្លួន និងសម្ដែងការសោកស្ដាយថា៖ «ខ្ញុំមិនចង់ ឲ្យ​មាន​រឿងបែបនេះ កើតឡើងទេ។ ខ្ញុំទទួលកំហុសពីអ្វី ដែលខ្ញុំបានធ្វើ»។ មេធាវីរបស់នាង បានការពារកូន​ក្ដី​ខ្លួនថា «ម្ដាយបីសាច»រូបនេះ បានសុំទៅឪពុករបស់ទារិកា ឲ្យមកមើលកូន នៅពេលនោះដែរ។ តែតុលាការ​បាន​រក​ឃើញ​ថា បើទោះជាឪពុករបស់ទារិក មិននៅក៏ដោយ ក៏នាង អ៊ីប៉ាតូវ៉ា ធ្លាប់បានទុកកូន​របស់​ខ្លួន​ចោល​នៅ​ពេល​យប់ ហើយបានត្រឡប់មកវិញ តែនៅពេលព្រឹកព្រហាមឡើងនោះដែរ។

តុលាការបានបដិសេធ ទឡ្ហីករណ៍របស់ខាងការពារក្ដី ដែលទាមទារឲ្យតុលាការយល់ថា នេះគ្រាន់​តែ​ជា​ភាព​ខ្ជីខ្ជារមួយ ដែលបង្កគ្រោះឲ្យទារិកាស្លាប់ប៉ុណ្ណោះ ហើយបានប្រកាសសាលក្រម ផ្ដន្ទាទោសស្ត្រីវ័យក្មេង ពី​បទ​«ឃាតកម្មទៅលើអនិតិជន ដោយភាពសហាវឃោឃៅ» ដោយដាក់ពន្ធនាគារចំនួន១០ឆ្នាំ និងបង្ខំឲ្យ​ធ្វើ​ការ​ជា​ទម្ងន់៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...