តើនាឡិកា វ័ធ្ច របស់អ័បផល មានរូបរាងបែបណា? មានវីដេអូបង្ហាញជូន!
- ដោយ: សុបិន្ដ ដោយ សុបិន្ត (ទាក់ទង៖ [email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី០៩ កញ្ញា ២០១៤
- កែប្រែចុងក្រោយ: September 10, 2014
- ប្រធានបទ: បច្ចេកវិទ្យា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សូមកុំហៅនាឡិកាចេញថ្មីនេះ ថាជាអាយវ័ធ្ច (iWatch) តែត្រូវហៅឈ្មោះផ្លូវការរបស់វា ថា«អ័បផលវ័ធ្ច (Apple Watch)»។ បំពាក់ដោយអេក្រង់នៃបច្ចេកវិទ្យា រ៉ឺទីណា (Retina) និងរុំស្រោបដោយកែវសាហ្វៀ (Sapphire) ដែលធន់នឹងភាពប៉ះទង្គិចនោះ ផលិតផលចេញថ្មី អ័បផលវ័ធ្ច មានពីរប្រភេទ ដែលយើងមើលឃើញពីខាងក្រៅ ថាវាខុសគ្នាត្រឹមតែកម្រាស់ប៉ុណ្ណោះ៖ ប្រភេទទីមួយ ៣៨ មីលីម៉ែត្រ និងប្រភេទទីពីរ ៤២មីលីម៉ែត្រ។
នាឡិកាទំនើប ដែលទើបនឹងប្រកាសចេញ ដោយក្រុមហ៊ុនបច្ចេកវិទ្យាដ៏ល្បីនេះ មានបំពាក់ដោយឧបករណ៍ និងសម្ភារៈពិសេសថ្មីៗជាច្រើន ក្នុងនោះរួមមាន ប្រព័ន្ធវាស់ចង្វាក់ដើររបស់បេះដូង ប្រព័ន្ធទូទាត់ទំនិញជំនួសឲ្យប័ណ្ណឥណទាន នឹងអាចប្រើទាក់ទងជាមួយទូរស័ព្ទអាយហ្វូន ៦ ដែលទើបនឹងចេញថ្មីដូចគ្នា។ ជាមួយនឹងខ្សែនាឡិកា ដែលអាចធ្វើការផ្លាស់ប្ដូរបាន ដល់ទៅជាង៥០ប្រភេទនោះ នាឡិកានេះមានថ្មបង្កប់ជាប់នៅក្នុងតួរបស់វា អាចប្រើបានរយៈពេលពេញមួយថ្ងៃ (?) ហើយបើត្រូវការបញ្ចូល គេគ្រាន់តែដាក់ពីលើឆ្នាំងសាកប៉ុណ្ណោះ (នៅពេលយប់)។
ដោយមានមោទនភាពខ្លាំងមកជាមួយផង នាយកប្រតិបត្តិអ័បផលលោក ធីម ខុក (Tim Cook) បានប្រកាសថា ផលិតផលថ្មី ដូចយ៉ាង អ័បផលវ័ធ្ច នេះ ជាផលិតផលយ៉ាងពិសេសមួយ ដែលក្រុមហ៊ុនមិនដែលបានបង្ហាញពីមុនមកទេ។
តែគួរឲ្យស្ដាយ ដែលនាឡិកានេះ នៅមិនទាន់ត្រូវបានបញ្ជាក់ឲ្យច្បាស់ ថាតើគេអាចប្រើវាបានក្នុងរយៈពេលប៉ុន្មាន ជាពិសេសវានៅមិនទាន់ធន់ នឹងទឹកបានជម្រៅជ្រៅ ដូចនាឡិកាធម្មតានោះឡើយ។ ហើយសម្រាប់មនុស្សដែលមានទម្លាប់ប្រើដៃឆ្វេង ក៏ប្រហែលជាពិបាកដែរ ដោយសារតែប៊ូតុងសម្រាប់ចុច មាននៅតែខាងស្ដាំទាំងអស់។ ផលិតផលថ្មីពិសេសនេះ នឹងដាក់មកក្នុងទីផ្សារ នៅដើមឆ្នាំ២០១៥ខាងមុខនេះ ក្នុងតម្លៃចាប់ពី៣៤៩ដុល្លារ ឡើងទៅ ដោយអាស្រ័យទៅលើ រូបរាងខាងក្រៅ និងការបំពាក់អង្គផ្ទុករបស់វា៕
សូមទស្សនាវីដេអូ៖