ស្លាប់ក្នុងចានងូតទឹក ព្រោះ«ឆក់ចរន្ដ»ពីទូរស័ព្ទអាយហ្វូន
- ដោយ: ជ័យវិបុល ([email protected]) - ប៉ារីស ថ្ងៃទី២១ មិនា ២០១៧
- កែប្រែចុងក្រោយ: March 22, 2017
- ប្រធានបទ: បច្ចេកវិទ្យា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
វេជ្ជបណ្ឌិតជំនាញ ខាងការស៊ើបអង្កេត ទៅលើសាកសពមួយរូប ទើបនឹងធ្វើរបាយការណ៍មួយ ទៅកាន់ក្រុមហ៊ុនយក្ស អ៊េបផល (Apple) របស់អាមេរិក ដើម្បីជូនដំណឹងថា ការប្រើប្រាស់ទូរស័ព្ទដ៏ទំនើប ប្រភេទ អាយហ្វូន (iPhone) របស់ក្រុមហ៊ុននេះ នៅក្នុងបន្ទប់ងូតទឹក អាចនឹងបង្កឲ្យមានគ្រោះថ្នាក់ ហើយអាចឈាន ទៅប៉ះពាល់ដល់ជីវិតនោះទៀត។ ជាភស្ដុតាង ដែលវេជ្ជបណ្ឌិត បានរកឃើញដោយផ្ទាល់នោះ គឺហេតុការណ៍ខាងលើ បានសម្លាប់បុរសជាតិអង់គ្លេសម្នាក់ ដែលជាអ្នករស់នៅ ក្នុងរាជធានី ឡុងដ៍ (ប្រទេសអង់គ្លេស) រួចជាស្រេចហើយ។
សារព័ត៌មានអង់គ្លេស «Daily Mail» បានផ្សាយឲ្យដឹង កាលពីថ្ងៃសុក្រកន្លងទៅថា ជនរងគ្រោះដែលមានឈ្មោះ «Richard Bull» និងមានអាយុ៣២ឆ្នាំ ត្រូវបានភរិយារបស់លោក រកឃើញថា បានបាត់បង់ស្មារតី នៅក្នុងចានងូតទឹក។ ស្ត្រីជាភរិយាបានហៅ រកការជួយសង្គ្រោះជាបន្ទាន់ និងបានគិត នៅក្នុងជំហានដំបូងថា ស្វាមីរបស់អ្នកស្រី ទំនងជារងគ្រោះ ដោយសារហេតុភេទអ្វីមួយ។
ប៉ុន្តែនៅពេលមកដល់ ក្រុមអ្នកជួយសង្គ្រោះ មិនអាចជួយអ្វីបានទេ ព្រោះលោក «Richard Bull» បានស្លាប់ទៅហើយ។ ពួកគេបានរកឃើញថា បុរសរងគ្រោះមានស្នាមរលាក នៅនឹងប្រអប់ដៃ និងនៅលើដើមទ្រូង។ នៅក្នុងចានងូតទឹក គេឃើញមានទូរស័ព្ទ អាយហ្វូន និងឆ្នាំងសាកថ្មមួយ ព្រមទាំងនៅលើកម្រាលឥដ្ឋ មានប្រអប់ដោតចរន្ដអគ្គិសនីបន្ត មួយគ្រឿងទៀត។
នៅក្នុងបន្ទប់ងូតទឹក ទូរស័ព្ទ អាយហ្វូន ក្លាយជាឃាតករបិតមុខ...
អ្នកស៊ើបអង្កេត បានសង្ស័យជាបឋមថា ការធ្វើអត្តឃាត ទំនងជាមូលហេតុដ៏សំខាន់ នៃមរណភាពនេះ ប៉ុន្តែវេជ្ជបណ្ឌិតពិនិត្យសាកសព បានរកឃើញសេចក្ដីសន្និដ្ឋាន បែបផ្សេង៖ លោក «Richard Bull» ត្រូវបានសម្លាប់ដោយឃាតករលាក់មុខមួយ... គឺទូរស័ព្ទ អាយហ្វូន របស់លោក។ វេជ្ជបណ្ឌិតជំនាញ បានអះអាងថា ខ្សែរបស់ឆ្នាំងសាក ដែលតភ្ជាប់មកទូរស័ព្ទ ទំនងជាបានប៉ះទឹក ក្នុងចានងូតទឹកដោយចៃដន្យ ហើយទំនងជាបានបង្ក ឲ្យឆ្លងចរន្ដ ឆក់ជនរងគ្រោះ រហូតដល់ស្លាប់ដូច្នេះ។
រឿងរ៉ាវបានកើតឡើង នៅថ្ងៃទី១១ ខែធ្នូកន្លងទៅ នៅមុនពេលដែលលោក «Richard Bull» ត្រូវមានកម្មវិធី ទៅទទួលទានបាយពេលថ្ងៃមួយ នៅមុនបុណ្យណូអែល ជាមួយបងប្អូន និងឪពុកម្ដាយរបស់លោក។ ម្ដាយរបស់លោក បានថ្លែងព្រមាន តាមរយៈសារព័ត៌មានអង់គ្លេស ទៅកាន់បណ្ដាអ្នកប្រើប្រាស់ទាំងអស់ ឲ្យប្រយ័ត្នប្រយែង ពីគ្រោះថ្នាក់ដែលអាចកើតឡើង ជាមួយនឹងទូរស័ព្ទរបស់ខ្លួន។ ស្ត្រីវ័យចំណាស់បានថ្លែងឡើងថា៖ «ខ្ញុំព្រួយបារម្ភណាស់ សម្រាប់ក្មេងៗ យុវជនៗសម័យនេះ ដែលញៀននឹងទូរស័ព្ទរបស់ខ្លួន មិនអាចអត់បាន។ ពួកគេមិនបានដឹង ពីគ្រោះថ្នាក់ ថាវានឹងកើតឡើង ដោយមានទំហំបែបណានោះទេ។»៕