ហ្គេម៖ «ផ្លែនស្ស៊ូមប៊ី២» អាចដំណើរការលើ អាយអូអេសហើយ
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: August 17, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ទីបំផុតហ្គេម «ផ្លែនស្ស៊ូមប៊ី២» (Plants vs. Zombies 2) ដែលជាហ្គេមមួយ មានប្រជាប្រិយភាពបំផុត ក្នុងរយះពេល៤ឆ្នាំ ចុងក្រោយនេះ បានប្រកាសថាអាចដំណើរការលើឧបករណ៏ ដែលដំណើរការដោយប្រព័ន្ធដំណើរការ អាយអូអេស (iOS) ហើយ ខណៈដែលវាអាចអនុញ្ញាតឲ្យអ្នកចូលចិត្តលេងហ្គេមនេះ អាចទាញយកបាននៅលើ អាយហ្វូន (iPhone), អាយផេដ (iPad) និង អាយផដ (iPod)។
រូបភាពដកស្រង់ពីឈុតឆាកមួយ នៅក្នុងហ្គេម «ផ្លែនស្ស៊ូមប៊ី២»។
ហ្គេម «ផ្លែនស្ស៊ូមប៊ី២» នេះ ជាប្រភេទហ្គេម ដែលតម្រូវឲ្យអ្នកលេងមានភាពប៉ិនប្រសព្វក្នុងការរៀបចំ និងចេះប្រើប្រាស់ដំណាំរុក្ខជាតិឲ្យត្រូវទៅតាមកាលៈទេសៈ ដើម្បីការពារពពួកខ្មោចស្ស៊ូមប៊ី កុំឲ្យវាចូលដល់មាត់ទ្វារផ្ទះ។ ជាមួយនឹងការប្រកាសចេញលើអាយអូអេសនេះ «ផ្លែនស្ស៊ូមប៊ី២» បានធ្វើកំណែរប្រែថ្មីៗមួយចំនួនទៀតដូចជា៖ បន្ថែមនូវតំបន់ថ្មីៗ រុក្ខជាតិថ្មីៗ និងខ្មោចស្ស៊ូមប៊ីថ្មីៗទៀតផងដែរ។
ហ្គេមនៅជំនាន់មុនៗ អ្នកមិនអាចបកទៅមើលកំរិតលេងពីអតីតកាលរបស់អ្នក (previous levels) ឬក៏ចង់មើលកំរិតនៅខាងមុខ (upcoming levels) បាននោះទេ។ ប៉ុន្តែ «ផ្លែនស្ស៊ូមប៊ី២» នេះ វាមានការកែប្រែបន្ថែម ដោយវាមានផែនទីពិភពលោកមួយ ដែលមានតំបន់ធំៗ៣ និងមានរយះពេលខុសៗគ្នា ក្នុងនោះមានដូចជា៖ អេស្សីបបុរាណ (Ancient Egypt), ចោរសមុទ្រ (Pirate Seas) និងព្រៃភាគខាងលិច (Wild West) ហើយនឹងមានតំបន់ផ្សេងៗទៀត នៅពេលក្រោយ។ ពិភពតំបន់ទាំងនោះ មានការរចនាឡើងខុសៗគ្នា និងមានបញ្ហាប្រឈមមុខខុសៗគ្នា។
ក្រៅពីនោះ ហ្គេមនេះក៏បានបន្ថែមរុក្ខជាតិថ្មីៗជាច្រើនទៀតដែរ ដូចជាឈ្មោះ «បុងឆយ» (Bonk Choy) ដែលវាអាចជួយទប់ស្កាត់ខ្មោចស្ស៊ូមប៊ី បានរយះពេលខ្លី ប៉ុន្តែមិនអាចការពារបានល្អនោះទេ។ រីឯខ្មោចវិញ ក៏មានបន្ថែមច្រើនណាស់ដែរ ដូចជា «ឈិឃិន វ៉ាំរាំងឡឺ» (Chicken Wrangler) ជាដើម ដែលមានភាពកាចសាហាវជាងមុន។ ចំពោះរុក្ខជាតិ និងខ្មោច ដែលមាននៅជំនាន់មុនៗ វានៅតែមាននៅជំនាន់ថ្មីនេះទាំងអស់ គ្រាន់តែធ្វើការបន្ថែមទៀតតែប៉ុណ្ណោះ។
ហ្គេមនេះ នឹងអនុញ្ញាតឲ្យអ្នកប្រើប្រាស់ អាចទាញយកដោយឥតគិតថ្លៃ ពីកន្លែងរក្សារទុកកម្មវិធី (App Store) ខណៈដែលជំនាន់អេនដ្រយ (Android version) នឹងចេញក្នុងពេលឆាប់ៗខាងមុខដូចគ្នា៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ