ថៃ៖ ​បាតុករ​គម្រាម​ចាប់​ខ្លួននាយករដ្ឋមន្ត្រី យីង ឡាក់ បង្ខំឲ្យចុះចេញ

ក្រុមបាតុករនៅក្នុងប្រទេសថៃ ដែលតវ៉ាប្រឆាំងនឹងរដ្ឋាភិបាល នៅក្នុងរដ្ឋធានីបាំងកក កាលពីម្សិលមិញ បានព្រមានចាប់ខ្លូនលោកស្រីនាយករដ្ឋមន្រ្តីថៃ យីង ឡាក់ស៊ីណាវ៉ាត្រា ព្រមទាំងបានចូលកាន់កាប់អាគាររដ្ឋសំខាន់ៗ ដើម្បីទាមទារឲ្យអ្នកស្រីចុះចេញពីតំណែង។ ក៏ប៉ុន្តែសម្រាប់លោកស្រី យីង ឡាក់ បានអះអាងថា នឹងមិនចុះចេញពីតំណែងជាដាច់ខាត។
Loading...
  • ដោយ: ជា ធីរិទ្ធ
  • កែប្រែចុងក្រោយ: January 15, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមបាតុករនៅក្នុងប្រទេសថៃ ដែលតវ៉ាប្រឆាំងនឹងរដ្ឋាភិបាល នៅក្នុងរដ្ឋធានីបាំងកក កាលពីម្សិលមិញ បានព្រមាន​ចាប់ខ្លូនលោកស្រីនាយករដ្ឋមន្រ្តីថៃ យីង ឡាក់ស៊ីណាវ៉ាត្រា ព្រមទាំងបានចូលកាន់កាប់អាគាររដ្ឋសំខាន់ៗ ដើម្បី​ទាមទារឲ្យអ្នកស្រីចុះចេញពីតំណែង។ ក៏ប៉ុន្តែសម្រាប់លោកស្រី យីង ឡាក់ បានអះអាងថា នឹងមិនចុះចេញ​ពី​តំណែង​ជាដាច់ខាត។


នាយករដ្ឋមន្ត្រីថៃបច្ចុប្បន្ន លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា។ (រូបថត Reuter)

នយោបាយថៃ - ក្រោយពីធ្វើប្រតិបត្តិការបិទទីក្រុងបាងកក ដូចការគ្រោងទុករបស់ខ្លួននៅថ្ងៃចន្ទទី១៣ ខែមករា​រួចមក កាលពីថ្ងៃអង្គារម្សិលមិញ ក្រុមបាតុករប្រឆាំងរដ្ឋាភិបាលថៃ ដែលដឹកនាំដោយអតីតឧបនាយករដ្ឋមន្រ្តីថៃ​លោក ស៊ូថេប ថងស៊ូបាន បានព្រមានចាប់ខ្លួននាយករដ្ឋមន្រ្តីថៃ លោក ស្រី យីងឡាក់ និងបិទអាគារដ្ឋាភិបាល​ទាំង​អស់ មិនឲ្យដំណើរការក្នុងមហិច្ចតា ដើម្បីទាមទារឲ្យលោកស្រី យីង ឡាក់ (Yingluck ) ចុះចេញពីតំណែងឲ្យ​ខានតែ​បាន។ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានរបស់បារាំង អាអេហ្វប៉េ (AFP) ដែលបានចេញ​ផ្សាយកាលពីយប់ថ្ងៃអង្គារម្សិលមិញ។

សារព័ត៌មាន AFP បានបន្តថា ក្រុមអ្នកតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលថៃ បានធ្វើសកម្មភាពដោយមានការគាំទ្រ ពីរស្ថាប័ន​រាជបល្ល័ង្គថៃ និងក្រុមអ្នកមានជាច្រើននោះ កំពុងធ្វើសកម្មភាពបិទទីក្រុងបាំងកក និងចូលបិទអាគាររដ្ឋ ដើម្បីឲ្យស្ទះ​ការងាររដ្ឋាភិបាល ដោយបង្ខំទាមទារឲ្យលោក ស្រី យីងឡាក់ចុះចេញពីតំណែង។ ជាមួយនឹងការតវ៉ារបស់​ក្រុម​ប្រឆាំង​ថៃ បិទទីក្រុងបាងកក និងព្រមានចាប់ខ្លួននាយករដ្ឋមន្រ្តីទៀតបែបនេះ មកទល់ពេលនេះខាងយោធាថៃ នៅ​មិនទាន់ចេញមុខធ្វើសកម្មភាពបង្ក្រាប ឬបំបែកក្រុមបាតុករ ដែលនាំឲ្យមានអំពើហិង្សាណាមួយកើតឡើងនោះទេ។ ភាពព្រងើយកន្តើយរបស់យោធាថៃ បិទភ្នែកមើលក្រុមប្រឆាំងបិទរដ្ឋធានីបាំងកកនេះ បានធ្វើឲ្យមតិមួយចំនួន​កំពុង​សង្ស័យថា កងទ័ពមានបំណងចូលដៃចូលជើង ពោលគឺគាំទ្រក្រុមបាតុករថៃ ដោយចង់ធ្វើរដ្ឋប្រហារទម្លាក់លោកស្រី យីង ឡាក់ចេញពីអំណាច។

ក៏ប៉ុន្តែពាក្យចចាមអារាមដែលថា យោធាមានបំណងចង់ធ្វើរដ្ឋប្រហារ ឬគំាទ្រក្រុមបាតុករថៃនេះ ត្រូវបានបដិសេធ​ចោលដោយមេទ័ពថៃជាន់ខ្ពស់ ដោយអះអាងថា ការសង្ស័យនោះមិនមែនជាការពិតនោះទេ គឺយោធាថៃបាន​ខិត​ខំ​ធ្វើខ្លួនឲ្យអព្យាក្រិត្យ មិនគាំទ្រចូលដៃចូលជើងជាមួយក្រុមណាឡើយ ហើយជាពិសេស គ្មានបំណងចង់ធ្វើរដ្ឋប្រហារ​ទម្លាក់លោកស្រីនាយករដ្ឋមន្ត្រី បច្ចុប្បន្នដូចការសង្ស័យកន្លងមកនោះទេ។

យ៉ាងណាក៏ដោយ ខណៈដែលក្រុមប្រឆាំងរដ្ឋាភិបាលថៃ កំពុងធ្វើបាតុកម្មបិទទីក្រុងបាំងកក នៅឯតាមខេត្ត ដែល​នៅជិតទីក្រុងបាងកកឯណោះវិញ ក្រុមអ្នកគាំទ្ររដ្ឋាភិបាលថៃកំពុងធ្វើការតវ៉ាដែល ដើម្បីប្រឆាំងទៅនឹងបាតុករ​នៅ​ទីក្រុងបាំងកក។ អ្នកបាតុករគាំទ្រ លោកស្រីយីង ឡាក់ បានចាត់ទុកសកម្មភាពរបស់បាតុករនៅទីក្រុងបាងកកថា កំពុងធ្វើឲ្យប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសថៃ ដែលមិនពួកគេទទួលយកបាននោះទេ ពីព្រោះថា លោកស្រី យីង ឡាក់កើតចេញមកពីការបោះឆ្នោតត្រឹមត្រូវ។

ជាមួយគ្នានេះដែល កាលពីថ្ងៃចន្ទកន្លងទៅ ពោលគឺថ្ងៃទី១ ដែលក្រុមប្រឆាំងថៃបិទទីក្រុងបាងកក លោកស្រីនាយក​រដ្ឋមន្រ្តីថៃ យីង ឡាក់ បានប្រកាសថា អ្នកស្រីនឹងមិនចុះចេញពីតំណែងជាដាច់ខាត ព្រោះលោកស្រី ជានាយរដ្ឋមន្រ្តី​ស្របច្បាប់ កើតឡើងពីប្រជាពលរដ្ឋ ហើយនឹងបន្តកាន់តំណែង ជានាយករដ្ឋមន្រ្តីបន្តទៀត ដើម្បីការពារលទ្ធិ​ប្រជាធិបតេយ្យ។ លទ្ធិប្រជាធិបតេយ្យ គឺរដ្ឋាភិបាលកើតចេញពីការបោះឆ្នោត។

អស់រយៈពេលជាងពីរខែមកហើយ ពោលគឺចាប់តាំងពីខែវិច្ឆិកាឆ្នាំ២០១៣មក ប្រទេសថៃបានធ្លាក់ក្នុងវិបត្តិ​នយោបាយធ្ងន់ធ្ងរបំផុត។ ក្រុមបាតុកររាប់ម៉ឺននាក់ បានប្រមូលផ្តុំគ្នាតវ៉ា ដើម្បីទាមទារឲ្យលោកស្រីយីឡាក់ ស៊ីណាវ៉ាត្រា ចុះចេញពីតំណែង។ មូលហេតុចម្បងដែលនាំឲ្យមានការតវ៉ា គឺដោយសារដ្ឋាភិបាលថៃ បានបង្កើត​ច្បាប់លើកលែងអ្នកទោសនយោបាយ ដែលមានទិសដៅអាចឲ្យលោក ថាក់ ស៊ីន បងប្រុសរបស់នាយករដ្ឋមន្រ្តី​បច្ចុប្បន្នអាចចូលស្រុកវិញបាន។ មូលហេតុនេះ បានរាលដាលរហូតក្លាយជាការតវ៉ា ដើម្បីទម្លាក់លោកស្រីយីងឡាក់ ពីនាយករដ្ឋមន្រ្តី ពោលគឺក្រុមបាតុករ ចង់រំលាយឥទ្ធិពលលោក ថាក់ ស៊ីន និងត្រកូលស៊ីណាវ៉ាត្រា ឲ្យបាត់ពី​ប្រទេស​ថៃតែម្តង៕

---------------------------------------------------
ដោយ ជា ធីរិទ្ធ (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី ១៥ ខែមករា ឆ្នាំ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...