យន្ដហោះ AirAsia៖ តុលាការបារាំងបើកការអង្កេតមួយ ពីបទ«មនុស្សឃាតដោយអចេតនា»
- ដោយ: សេក មនោរកុមារ អត្ថបទ៖ សេក មនោរកុមារ ([email protected]) - ប៉ារីស ថ្ងៃទី៣១ ធ្នូ ២០១៤
- កែប្រែចុងក្រោយ: December 31, 2014
- ប្រធានបទ: គ្រោះអាកាស
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តុលាការនៃរដ្ឋធានីប៉ារីសប្រទេសបារាំង បានសម្រេចបើកសំនុំរឿងស៊ើបអង្កេត ក្នុងជំហានដំបូងមួយ កាលពីថ្ងៃអង្គារម្សិលម៉ិញ ពីបទ«មនុស្សឃាតដោយអចេតនា» ទៅលើគ្រោះថ្នាក់ធ្លាក់យន្ដហោះ អ៊ែរប៊ូស (Airbus A320-220) របស់ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរអេសៀ កាលពីថ្ងៃអាទិត្យទី២៨ ខែធ្នូនេះ នៅលើសមុទ្រហ្សាវ៉ា (Java) ដែលមានជំនួយការបើកបរយន្ដហោះមួយរូប ជាជនជាតិបារាំង។
ការបើកសំនុំរឿងរបៀបនេះ បានធ្វើឡើងសឹងតែជាស្វ័យប្រវត្តិ ដោយតុលាការបារាំង នៅពេលណាដែលមានគ្រោះថ្នាក់មួយកើតឡើង មានជាប់ពាក់ព័ន្ធនឹងជនជាតិបារាំង ទោះនៅទីណាក៏ដោយ។ ហើយការស៊ើបអង្កេតនេះ ត្រូវបានច្បាប់បារាំងបញ្ជា ឲ្យមន្ត្រីដែលមានសមត្ថកិច្ច អនុវត្តនូវភារកិច្ចរបស់ខ្លួន ដោយមិនចាំបាច់មានពាក្យបណ្ដឹង ពីជនរងគ្រោះឡើយ។ ចំពោះគ្រោះថ្នាក់ធ្លាក់យន្ដហោះនេះ តុលាការបារាំង បានចាត់ការស៊ើបអង្កេតនេះ មកឲ្យនគរបាលអង្កេត ដែលមានជំនាញខាងបទល្មើសផ្លូវអាកាស។
យន្ដហោះ បានធ្លាក់នៅកណ្ដាលសមុទ្រ នៅពេលដែលវាបានហោះងើបខ្លួន ចេញពីព្រលានយន្ដហោះអន្តរជាតិក្រុង ស៊ូរ៉ាបាយ៉ា (Surabaya) បានរយៈពេល៤២នាទី ហោះឆ្ពោះទៅកាន់ប្រទេសសាំងហ្គាពួរ។ អ្នកដំណើរ និងអ្នកបម្រើនៅលើយន្ដហោះ ចំនួន ១៦២នាក់ ទំនងជាបានរងគ្រោះស្លាប់ទាំងអស់។ មកដល់ម៉ោងនេះ គេទើបនឹងស្រង់បានសាកសព៦ប៉ុណ្ណោះ ខណៈពេលដែលសាកសពទាំងនេះ បានបណ្ដែតមកលើផ្ទៃទឹក។ ក្នុងថ្ងៃពុធនេះ យុទ្ធនាការរុករក ត្រូវបានផ្អាក ដោយហេតុមកពីស្ថានភាពឧត្តុនិយមមិនអំណោយផល៖ មានខ្យល់ និងមានធ្លាក់អ័ព្ទច្រើនពេក។
ក្នុងចំណោមជនរងគ្រោះ ដែលនៅលើយន្ដហោះ ដែលបានធ្លាក់នេះ មានជំនួយការបើកបរមួយរូប ជាជនជាតិបារាំង លោក រ៉េមី អេម៉ានុយអែល ប្លេសែល (Rémi-Emmanuel Plésel) អាយុ៤៦ឆ្នាំ។ លោក រ៉េមី មានដើមកំណើតពីកោះ ម៉ាទីនិក (Martinique) និងជាអតីតវិស្វករនៅក្រុមហ៊ុនតូតាល។ លោកបានផ្លាស់ប្ដូរមុខរបររបស់លោក កាលពីឆ្នាំ២០១២ និងបានទទួលសញ្ញាបត្រផ្នែកបើកបរយន្ដហោះនេះ មុននឹងរូបលោកត្រូវបានទទួលឲ្យធ្វើការ ជាជំនួយការបើកបរយន្ដហោះ ដោយក្រុមហ៊ុន អ៊ែរអេសៀ៕