យុវជនម្នាក់ស្លាប់ ព្រោះធ្លាក់ពីលើរូបសំណាក«សាធារណរដ្ឋ»
- ដោយ: ដ. កែវ អត្ថបទ - ស្រាវជ្រាវ៖ ដ. កែវ ([email protected]) - ប៉ារីស ថ្ងៃទី១៩ កញ្ញា ២០១៥
- កែប្រែចុងក្រោយ: September 20, 2015
- ប្រធានបទ: គ្រោះថ្នាក់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ហេតុការណ៍បង្កភាពតក់ស្លុត ដល់អ្នកនៅជុំវិញ នៅរសៀលថ្ងៃសៅរ៍ទី១៩ ខែកញ្ញានេះ បន្ទាប់ពីពួកគេបាន មកចូលរួមដង្ហែកំសាសន្ដសប្បាយ នៅក្នុងកម្មវិធី «Techno Parade»។ ប៉ុន្តែអ្នកទទួលខុសត្រូវ ក្នុងការរៀបចំកម្មវិធីដង្ហែនេះ បានបញ្ជៀសការទទួលខុសត្រូវ ទាក់ទងនឹងមរណៈភាពរបស់យុវជន ដែលបណ្ដាលមកពីការឡើងទៅលើរូបសំណាក តំណាងឲ្យស្ត្រី«សាធារណរដ្ឋបារាំង» នៅលើទីលានសាធារណៈរដ្ឋ (place de la République) កណ្ដាលរដ្ឋធានីប៉ារីស។
ស្រង់សម្ដី ដោយទីភ្នាក់ងារសារព័ត៌មានបារាំង (AFP) លោក តូមី វ៉ូឌឺក្រាន (Tommy Vaudecranne) ប្រធានសមាគម «Technopol» ដែលរៀបចំកម្មវិធី «Techno Parade» បានឲ្យដឹងថា៖ «ហេតុការណ៍យុវជនធ្លាក់ ពីលើរូបសំណាកនេះ បានកើតឡើង នៅក្រោយការបញ្ចប់ នៃកម្មវិធី "Techno Parade" ទៅហើយ។ រាល់យានយន្ដរបស់កម្មវិធី បានចាកចេញ ពីទីនោះអស់ហើយ។»
យុវជនខាងលើ ដែលអត្តសញ្ញាណ មិនត្រូវបានបង្ហើបឲ្យស្គាល់ បានតោងឡើងទៅលើ រូបសំណាកហើយបានរអិល (ទំនងជារបូកដៃ) ធ្លាក់ពីទីនោះ ដែលមានកំពស់ប្រមាណជា ២០ម៉ែត្រ។ នេះបើតាមប្រភពពីមន្ត្រីនគរបាល។ វាជាមរណៈភាពលើកដំបូងមួយ សម្រាប់ការដង្ហែនៃកម្មវិធីបែបនេះ ដែលបានធ្វើអស់រយៈពេល ១៧ឆ្នាំ (មួយឆ្នាំម្ដង) មកហើយ។
នគរបាល មិនបានបង្ហើបឲ្យដឹង ពីមូលហេតុដែលជំរុញឲ្យយុវជន បានតោងឡើងទៅលើរូបសំណាកនោះតែឯង ដោយគ្មានសម្ភារៈការពារអ្វីទាំងអស់។ ប៉ុន្តែសារព័ត៌មានបារាំង «Le Parisien» បានអះអាងថា ការស៊ើបអង្កេតមួយ ត្រូវបានអាជ្ញាធរបើកធ្វើហើយ ដើម្បីពន្យល់ពីករណីនេះ៕
វីដេអូខាងក្រោម ត្រូវបានថតជាប់ ដោយអ្នកនៅក្នុងព្រឹត្តិការណ៍ ហើយបានផ្សាយ ពាសពេញបណ្ដាញសង្គម៖