សម្រាប់​កម្មករ តើ​សហជីព​សំខាន់​យ៉ាង​ណា?

តើអ្វីទៅ ដែលនាំឲ្យកម្មករ នយោជិក ចាំបាច់ត្រូវមានសហជីព? សូមអានការពន្យល់ របស់ក្រុមកម្មករ និង​បុគ្គលិក​បម្រើ​ការ​មួយ​ចំនួន ដែលពួកគេបានគិតថា មានសហជីព គឺផ្ដល់នូវសារៈប្រយោជន៍យ៉ាងច្រើន សម្រាប់ពួកគេ និងសង្គម។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ស្រ៊ុន ទិត្យ - ភ្នំពេញថ្ងៃទី ១៥ មិថុនា ២០១៥
  • កែប្រែចុងក្រោយ: June 16, 2015
  • ប្រធានបទ: កម្មករ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ស្រីពៅ សព្វថ្ងៃជានារីបម្រើការងារ ក្នុងក្លិបរាត្រីម្នាក់ បានលើកឡើង ប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា មិន​មែនតែកម្មកររោងចក្រ ឬ បុគ្គលិកក្រុមហ៊ុននោះទេ ដែលត្រូវការសហជិព រូបនាងផ្ទាល់ ក៏ត្រូវការបែបនេះដែរ។ ស្រ្តីរូបនេះ បន្តពីទុក្ខលំបាករបស់នាងថា ពាក្យថាស្រ្តីធ្វើការពេលយប់ ត្រូវបានមនុស្សជាច្រើន គិតថា ជាស្រីមិន​ល្អ ហើយមើលងាយមើលថោក ជាដើម។ ទោះជាយ៉ាងនេះក្តី នាងមិនបានខឹងសម្បារ នឹងពាក្យសម្តីឥត​ប្រយោជន៍​ទាំងនោះទេ ព្រោះយ៉ាងហោចណាស់ វាប្រសើរជាងការសុំទានគេ នៅតាមផ្លូវ។

នាងបន្តថា ជារៀងរាល់ថ្ងៃ ការងារនេះអាចជួយនាង និងគ្រួសារនាងមួយជ្រុង តែវាមិនបានទាំងស្រុងនោះទេ ព្រោះ​ថា បញ្ហាកើតឡើងរហូត ជាពិសេសគឺរឿងសុខភាព ព្រោះមិនបានគេងគ្រប់គ្រាន់ ហើយត្រូវបង្ខំចិត្ត​ឲ្យញ៉ាំ​ស្រា រាល់ពេលធ្វើការទៀតផង។ នាងបាននិយាយថា នាងត្រូវការសហជីព ដូចក្រុមអ្នកធ្វើការដ៏ទៃដែរ ដើម្បី​មាន​ឱកាសតវ៉ា ពីទុក្ខលំបាកនោះទៅកាន់ថៅកែ។

ការថ្លែងរបស់ ស្រីពៅ ខាងលើ បានធ្វើឡើង នៅក្នុងឱកាស នៃការចូលរួមរបស់កញ្ញា នៅក្នុងវេទិការយុវជន​កម្មករ ស្តីពី«បញ្ហាប្រឈម និងការទាមទារ លក្ខខណ្ឌការងារ របស់ក្រុមកម្មករ» ដែលបានប្រព្រឹត្តិទៅ នៅ​ព្រឹក​ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៥កន្លងទៅនេះ នៅសាកលវិទ្យាល័យខេមរៈ រាជធានីភ្នំពេញ។ នៅក្នុងវេទិកានោះ ក្រុមកម្មករកម្មការិនីជាច្រើន បានចូលរួមពិភាក្សាយ៉ាងផុលផុស អំពីច្បាប់ស្ដីពី«សហជីព» ដែលរដ្ឋាភិបាល​កំពុង​គ្រោង ត្រៀមដាក់ឡើងទៅរដ្ឋសភា ដើម្បីសុំការអនុម័ត។

មានវត្តមាន ក្នុងសិក្ខាសាលានេះដែរ កញ្ញា ណុប បញ្ញា ជាបុគ្គលិកមកពីក្រុមហ៊ុន ស្ថានីយ៍ប្រេងកាល់តិច នៅ​ម្តុំ​ផ្សារដេប៉ូ បានប្រាប់ទស្សនាវដ្តីឲ្យដឹងថា គ្មានអ្នកណាម្នាក់ ចង់បាត់បង់សហជីព របស់ខ្លូននោះទេ បើ​រដ្ឋាភិបាល​ចង់បង្កើតច្បាប់ លុបបំបាត់ ឬកាត់បន្ថយសិទ្ធ របស់សហជីពមែន នោះក្រុមកម្មករ ច្បាស់ជាមានប្រត្តិកម្ម​មិន​ខាន។ កញ្ញាបានប្រាប់បន្ថែមថា បើគេចង់ឲ្យមានតែបុគ្គលិក និងថៅកែប៉ុណ្ណោះ ហើយគ្មានក្រុមសហជីពនោះ វានឹងមិនមានយុត្តិធម៌ឡើយ។

កញ្ញា ណុប បញ្ញា បានលើកឡើងថា មានសហជីព ទើបមានលុយថ្លៃអាហារ លុយសុខភាព ឬលុយអត្ថ​ប្រយោជន៍​ផ្សេងៗ តាមច្បាប់ការងារនោះ។ នាងបញ្ជាក់ថា ច្បាស់ណាស់ បើក្រុមសហជិពទាំង​នោះ គ្មានសិទ្ធ​ធ្វើ​ជាតំណាង របស់ក្រុមកម្មករទៀតទេ នោះច្បាស់ជាកម្មករ នឹងធ្លាក់ចុះដុនដាប ជាងបច្ចុប្បន្នទៀត។

អគ្គលេខាធិការ​ របស់​សហព័ន្ធ​សហជីព​ចំណី​អាហារ​ និង​សេវាកម្ម​កម្ពុជា លោក ទុយ ស៊ីធៀង ដែលជាមន្ត្រី​សម្រមសម្រួល ក្នុងវេទិកានេះ បានលើកឡើងថាក្នុងកម្មវិធីនេះថា លោកសូមលើកទឹកចិត្តកម្មករ ដើម្បីឲ្យ​មាន​ការក្រោកឈរឡើង ហ៊ានតវ៉ានូវអ្វី ដែលថៅកែ មិនផ្តល់ឲ្យយើង។

រីឯអ្នកស្រី អ៊ូ ទេព​ផល្លីន អនុប្រធាសហព័ន្ធដដែលនេះ បានថ្លែងពីរឿងនេះដែរថា ក្រុមកម្មករមិនគួរ​បណ្តោយ ឲ្យគេទទួលយកអត្ថប្រយោជន៍ពីខ្លួន ដោយគ្មានអ្វីដោះដូរសមរម្យនោះទេ អ្វីដែលសំខាន់ គឺការតម្លើង​ប្រាក់​ខែ ជូនក្រុមកម្មករកម្មការនី បុគ្គលិករដ្ឋ និងឯកជនទាំងអស់ ឲ្យបានប្រសើរ សមទៅតាមច្បាប់ការងារ នៅក្នុង​ប្រទេស។ អ្នកស្រីបានបញ្ជាក់ទៀតថា គ្មានអ្នកណាម្នាក់ ដែលមិនចង់ចំណេញទេ តែបើថៅកែ ឬម្ចាស់​ក្រុមហ៊ុន គិតតែចំណេញ ហើយបានផលប្រយោជន៍ តែខ្លូនឯង មិនព្រមគោរពតាម អ្វីដែលបានសន្យាជាមួយកម្មករ ឬ​បុគ្គលិក​នោះ វាជារឿងមួយ ដែលត្រូវតែទាមទារ នឹងធ្វើការតវ៉ា៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...