ហ៊ុន សែន សន្យា​ជា​មួយ​វៀតណាម បញ្ចប់​ការ​បោះ​បង្គោល​ព្រំដែន​ យ៉ាង​យូរក្នុង​​ខែ​ឧសភា​២០១៨

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ង្វៀន ស៊ុនហ្វុក (Nguyễn Xuân Phúc) នាយករដ្ឋមន្ត្រី​វៀតណាម បានសន្យារួមគ្នាថា នឹងឲ្យគណៈកម្មាធិការព្រំដែនគោក នៃប្រទេសទាំងសងខាង បោះបង្គោលព្រំដែនឲ្យបានចប់រួចរាល់ នៅឆ្នាំក្រោយនះ ។
ហ៊ុន សែន សន្យា​ជា​មួយ​វៀតណាម បញ្ចប់​ការ​បោះ​បង្គោល​ព្រំដែន​ យ៉ាង​យូរក្នុង​​ខែ​ឧសភា​២០១៨
ពីឆ្វេងទៅស្ដាំ៖ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ង្វៀន ស៊ុនហ្វុក នាយករដ្ឋមន្ត្រី​វៀតណាម។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១១ វិច្ឆិកា ២០១៧
  • កែប្រែចុងក្រោយ: November 11, 2017
  • ប្រធានបទ: ព្រំដែនខ្មែរយួន
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការបោះបង្គោលព្រំដែន កម្ពុជា-វៀតណាម ដ៏ប្រទាំងប្រទើស នឹងត្រូវគណៈកម្មាធិការព្រំដែនគោក មកពីប្រទេសទាំងសងខាង រួមគ្នាធ្វើឲ្យបានចប់រួចរាល់ នៅក្នុង«រដូវប្រាំង ឆ្នាំ២០១៨»នេះ។ នេះ ជាការសន្យារបស់ប្រមុខដឹកនាំ មកពីប្រទេសទាំងពីរ នៅក្នុងជំនួបមួយ ក្នុងព្រឹកថ្ងៃសៅរ៍ ទី១១ ខែវិច្ឆិកានេះ នៅមុនពេលទទួលទានអាហារពេលព្រឹក ដែលនាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន ស៊ុនហ្វុក (Nguyễn Xuân Phúc) រៀបចំទទួលនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ក្នុងក្រុង ដាណាំង ប្រទេសវៀតណាម។

ទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន បានសរសេរបញ្ជាក់ នៅមុននេះថា៖ «មេដឹកនាំរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានសន្យារួមគ្នាថា នឹងខិតខំជំរុញគណៈកម្មាធិការព្រំដែន ធ្វើការបោះបង្គោលព្រំដែនគោក នៃប្រទេសទាំងពីរ ឲ្យហើយរួចរាល់ នៅក្នុងរដូវប្រាំងឆ្នាំ២០១៨ខាងមុខ ដើម្បីធ្វើយ៉ាងណា ប្រែក្លាយតំបន់ព្រំដែនគោក នៃប្រទេសទាំងពីរកម្ពុជា-វៀតណាម ក្លាយជាតំបន់ព្រំដែន ប្រកបដោយសន្តិភាព ស្ថេរភាព ការអភិវឌ្ឍ ការផ្លាស់ប្តូរទំនិញ ពាណិជ្ជកម្ម ទេសចរណ៍ និងការធ្វើដំណើរឆ្លងដែនទៅមក របស់ប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាភ្ញៀវទេសចរណ៍ ដោយគ្មានការភ័យខ្លាច»។

លោក វ៉ា គឹមហុង ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា បានថ្លែងប្រាប់វិទ្យុសម្លេងប្រជាធិបតេយ្យ (VOD) កាលពីម្សិលម៉ិញថា រហូតដល់ពេលនេះ ការបោះបង្គោលព្រំដែន បំពេញបន្ថែម នៅតាមព្រំដែនកម្ពុជា-វៀតណាម បានរួចរាល់ជាង ៨៤ភាគរយនៅក្នុងចំណោមព្រំដែនសរុប។ ហើយការបោះ បង្គោល ដែលមានចែង នៅក្នុងសន្ធិសញ្ញាបំពេញបន្ថែម ត្រូវបានភាគីទាំងសងខាង ឯកភាពបោះឲ្យចប់សព្វគ្រប់ នៅចុងឆ្នាំ២០១៧ខាងមុខ ខណៈតំបន់ព្រំដែន ដែលនឹងសេសសល់ នឹងមានការស្នើសុំជំនួយ ពីប្រទេសបារាំង ដែលធ្លាប់ជាអាណាព្យាបាល របស់ប្រទេសទាំងពីរ។

លោក គឹមហុង ត្រូវបានស្រង់សំដីមកចុះផ្សាយថា៖ «គណៈកម្មាការចម្រុះព្រំដែន នៃប្រទេសទាំងពីរ បញ្ចប់ការបោះបង្គោលបំពេញបន្ថែម នៃកំណាត់​​​ខ្សែព្រំដែន ដែលឯកភាពគ្នា ឲ្យចប់មុនបំណាច់ឆ្នាំ២០១៧។ នេះជាអ្វី ដែលយើងប៉ងប្រាថ្នា ​របស់នាយករដ្ឋមន្ត្រី នៃប្រទេសទាំងពីរ។ ប៉ុន្តែ នៅចំណុចខ្លះ ដែលយើងនៅមិនទាន់ឯកភាពគ្នា យើងពឹងបារាំងទៅ បារាំងមិនទាន់មកផង។»។

រដូវប្រាំងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ត្រូវបានគន់គូរជាទូទៅ ថាមានរយៈពេលពីខែធ្នូ ឆ្នាំមុន រហូតទៅដល់ខែឧសភា ឆ្នាំបន្ទាប់។ ដូច្នេះ បើតាមការសន្យារបស់មេដឹកនាំទាំងពីរ បង្គោលព្រំដែនគោល នៃប្រទេសទាំងពីរ ដែលមានប្រវែងប្រមាណជា ១ ២៧០គីឡូម៉ែត្រ នឹងត្រូវបោះឲ្យចប់រួចរាល់ យ៉ាងយូរបំផុត នៅក្នុងខែឧសភា ឆ្នាំ២០១៨។ 

សម្រាប់ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ដែលមានទីតាំង នៅប្រទេសណ័រវេស៍ និងដែល​ធ្វើការ​អង្កេត​ ទៅ​លើ​បញ្ហា​ព្រំដែន​កម្ពុជាវិញ បានទាមទារឲ្យរដ្ឋាភិបាលកម្ពុជា ផ្អាកការបោះបង្គោលនេះជាបន្ទាន់ ដោយសារកម្ពុជានៅក្នុងខណៈនេះ កំពុងឆ្លងកាត់«វិបត្តិនយោបាយ»។ ប្រធានក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត បានសរសេរពន្យល់ នៅលើបណ្ដាញសង្គមថា ក្រុមលោក​ប្រឆាំង​យ៉ាង​ដាច់អហង្ការ ​ចំពោះ​ការ​បោះ​បង្គោល​ព្រំដែន​កម្ពុជា-​វៀតណាម ក្នុង​ពេលគណបក្ស​អំណាច និង​គណបក្ស​ឆាំង​ ដែល​មាន​អាសនៈ​ក្នុង​រដ្ឋ​សភា​កំពុង​ប្រេះឆា ហើយ​រដ្ឋសភា​កម្ពុជា ពុំ​អាច​ដំណើរ​ការ​បាន​រលូន​ ពេញ​លក្ខណៈ​ផង​នោះ។

លោក ម៉ែន ណាត បានបញ្ជាក់ថា ក្រុមលោកមិនដែលទទួលស្គាល់ ការបោះបង្គោលព្រំដែនទាំងនោះទេ ដោយចាត់ទុក ការបោះបង្គោលថ្មីៗ តាំងពីឆ្នាំ២០០៦ មកដល់បច្ចុប្បន្ន «ធ្វើឲ្យកម្ពុជាបាត់បង់ទឹកដី តាមបណ្តោយព្រំដែនគោក ទៅខាងភាគីវៀតណាម»។ លោកថា៖ «ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា រក្សាសិទ្ធិ ក្នុងការទាមទារបូរណភាពទឹកដីកម្ពុជា ដែល​បាត់បង់មកវិញ នៅពេលណា កម្ពុជា មានមេដឹកនាំល្អ និងស្រឡាញ់ជាតិ ពលរដ្ឋពិតប្រាកដ»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...