បាល់ទាត់៖ បឹងកេត អាចជួបគ្រោះថ្នាក់ ក្រោយប្រកួតចាញ់ បាលកាន
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: May 09, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រុមម្ចាស់ផ្ទះ និងម្ចាស់ជើងឯកលីករបស់កម្ពុជា ចំការកៅស៊ូបឹងកេត បានប្រកួតចាញ់ក្រុមខ្លាំង បាលកាន (Balkan) របស់ តួកម៉េនីស្ថាន ដោយលទ្ធផល ២-០ កាលពីល្ងាចថ្ងៃទី៨ ខែឧសភា ម្សិលមិញ ក្នុងការប្រកួតព្រឹត្តិការណ៏ អេអេហ្វស៊ី ប្រេស៊ីដិនខាប់ (AFC President’s Cup) ឆ្នាំ២០១៣ នាពហុកីឡាដ្ឋានជាតិអូឡាំពិក។
ក្រុមបាល់ទាត់បឹងកេត ប្រកួតនឹងបាលកាន។ (រូបថត V. Chivann/ MONOROOM.info)
ការប្រកួតរវាងក្រុមទាំង២ ឃើញថាក្រុមរបស់តួកម៉េនីស្ថាន លេងបានយ៉ាងល្អ និងអាចគ្រប់គ្រងបាល់បានច្រើនជាង។ កម្លាំងក្រុមរបស់កម្ពុជា មិនអាចទៅរួចជាមួយគេទេ ខណៈដែលកីឡាករក្រុមបាលកាន មានមាឌធំៗ និងខ្ពស់ៗទៀត នោះ។ រីឯការគ្រប់គ្រងបាល់ បណ្តើរបាល់ បញ្ជូនបាល ក៏ក្រុមបឹងកេតធ្វើពុំបានល្អ ដូចក្រុមបាលកានដែរ។
នៅដើមវគ្គទី១ ពោលគឺនៅនាទី ទី៨ កីឡាករប្រធានក្រុមរបស់បាលកាន ការ៉ាដានូវ ម៉ាម៉េដាល (Karadanov Mamedal) ដែលពាក់អាវលេខ១១ បានទាត់បាល់ចូលទីក្រុមកម្ពុជាបានសម្រេច បន្ទាប់ពីទទួលបាល់ពីមិត្តរួមក្រុម គឺបានី អាមឺ (Gurbani Amir) បានយ៉ាងល្អ ហើយជួយឲ្យបាលកាន នាំមុខ ១-០ ទៅលើបឹងកេត នៅវគ្គទី១។
នៅដើមវគ្គទី២ បឹងកេតបានដាក់គំនាប និងវាយលុកយ៉ាងខ្លាំងទៅលើបាលកាន បន្ទាប់ពីប្តូរយុទ្ធសាស្ត្រលេងមួយចំនួនរបស់គ្រូបង្វឹក ប្រាក់ វុទ្ធី។ តែទោះជាយ៉ាងណា គ្រូបង្វឹកបាលកាន មិនបណ្តោយឲ្យក្រុមកម្ពុជាធ្វើការវាយលុកស្រួលៗនោះទេ ដោយគាត់ក៏បានដូរកីឡាករមួយចំនួនដូចគ្នា។
បន្ទាប់ពីប្តូរកីឡាករ និងទម្រង់លេងមួយចំនួន ក្រុមបាលកាន ចាប់ផ្តើមលេងបានល្អវិញ ហើយអាចគ្រប់គ្រងបាល់ច្រើនជាងក្រុមបឹងកេតដដែល។ ទទឹមនឹងនោះ ក្រុមបឹងកេតក៏មានឱកាស រកគ្រាប់បាល់បញ្ចូលទី ២ទៅ៣លើកដែរ ខណៈដែលបងប្អូនត្រកូលកែវ កែវ សុខង៉ន និងកែវ សុខផេង ទាត់បាល់សំដៅទៅសំណាញ់ទី តែមិនអាចធ្វើអ្វីអ្នកចាំទីរបស់បាលកានបានឡើយ។
នៅរយះពេល ៥នាទី ជិតនឹងបញ្ចប់ការប្រកួត ខណៈដែលអ្នកគាំទ្ររបស់កម្ពុជាកំពុងតែមានសង្ឃឹមថាអាចតាមបានស្មើ តែបែជាត្រូវក្រុមបាលកាន បន្ថែម១គ្រាប់ទៀត បន្ទាប់ពីខ្សែការពារបឹងកេត ប៉េង បញ្ចរ៉ុង ទាត់បាល់ចេញពីតំបន់គ្រោះថ្នាក់មិនបានល្អ ត្រូវកីឡាករ ស្សឺម៉េតូវ រ៉ាម៉េត (Shermetov Rhamet) ឆក់បាល់បាន ហើយក៏ទាត់បញ្ចូលទីបានសម្រេចនៅនាទី ទី៨៥ ធ្វើឲ្យបញ្ចប់ការប្រកួត ក្រុមបាលកានឈ្នះបឹងកេត ដោយលទ្ធផល ២-០។
គ្រូបង្វឹកក្រុមបឹងកេត លោក ប្រាក់ វុទ្ធី បាននិយាយក្នុងសន្និសីទកាសែតក្រោយការប្រកួតចប់ថា «ក្រុមរបស់យើងបានលេងអស់ពីសមត្ថភាពហើយ ហើយយើងក៏មិនចង់ទទួលបានលទ្ធផលបែបនេះដែរ តែដោយសារការធ្វេសប្រហែសរបស់យើងបន្តិចបន្តួច ទើបបរាជ័យដូចនេះ។ វាពិតជាពិបាក ខណៈដែលក្រុមគេមានទាំងបច្ចេកទេស កម្លាំង កម្ពស់ខ្ពស់ មាឌធំៗ ជាពិសេសពួកគេអាចលេងបានល្អ ទាំងបាល់ខ្លី បាល់វែង និងបាល់ខ្ពស់ទៀតនោះ។»
ចំណែកការប្រកួត ១គូទៀត កាលពីវេលាម៉ោង ០១រសៀលម្សិលមិញដូចគ្នានោះ ក្រុមហីលាល អាល់ហ្គាដស៏ (Hilal Al-Quds) របស់ប្រទេសប៉ាឡេស្ទីន បានលត់ ក្រុម អាមី (Army) របស់ប្រទេសស្រីលង្កា ដល់ទៅ ១០-០ ហើយក្រុមស្រីលង្កាមួយនេះ ក៏បានធ្លាក់ចេញដោយស្វ័យប្រវត្តិទៅហើយ ទោះបីជាសល់ការប្រកួត ១លើកទៀតក៏ដោយ។
បន្ទាប់ពីបរាជ័យ ២-០ កាលពីម្សិលមិញ មានន័យថា ក្រុមបឹងកេតនៅសល់ឱកាស១លើកចុងក្រោយទៀត ដែលត្រូវប្រកួតជាមួយក្រុម ហីលាល អាល់ហ្គាដស៏ របស់ប៉ាឡេស្ទីន នៅថ្ងៃទី១០ ខែឧសភាស្អែកនេះ នាវេលាម៉ោង០៤ រសៀល។
គូនេះ បើក្រុមណាឈ្នះនៅថ្ងៃស្អែក នោះគេនឹងអាចឡើងទៅកាន់វគ្គជាបន្ត។ ប៉ុន្តែបើស្មើគ្នាវិញ ក្រុមបឹងកេតរបស់កម្ពុជា ក៏សុំហាលអាវតែត្រឹមវគ្គនឹងដែរ ព្រោះចាញ់គ្រាប់បាល់គេ ដូច្នេះប្រកួតនេះ ជាប្រកួតស្លាប់រស់របស់ក្រុមបឹងកេត ដែលត្រូវតែឈ្នះ៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ