មែនញ៉ូ៖ ដេវីដ ម៉យ ជាបេក្ខជននាំមុខគេ ដើម្បីស្នងលោក ហ្វឺកឺសិន
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: May 09, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អ្នកចាត់ការក្រុមអេវើតុន (Everton) ដេវីដ ម៉យ (David Moyes) ត្រូវបានគេរំពឹងថា ជាបេក្ខជនដ៏សាកសម្យ ក្នុងការមកជំនួសដំណែង លោកសឺអាឡិច ហ្វឺកឺសិន (Sir Alex Ferguson) ដែលទើបតែប្រកាសចូលនិវត្តន៏ពីក្រុមម៉ែនឆេស្ទើ យូណៃធីត (Manchester United) កាលពីម្សិលមិញ។
លោកដេវីដ ម៉យ ក្នុងពេលលោកជាអ្នកចាត់ការក្រុមអេរើតុន។
គ្រូបង្វឹកវ័យ ៥០ឆ្នាំ (ម៉យ) បានចំណាយពេល១១ឆ្នាំ នៅឯកីឡាដ្ឋាន ហ្គូឌីសិនផាក (Goodison Park)។ ទោះបីជាមានកញ្ចប់ថវិការស្តួចស្តើងក៏ពិតមែន ប៉ុន្តែគ្រូបង្វឹកសញ្ជាតិស្កតឡែនរូបនេះ អាចដឹកនាំក្រុមបានយ៉ាងល្អ។ ហើយកិច្ចសន្យារបស់គាត់ ជាមួយនឹងក្លឹបដែលមានមូលដ្ឋាន នៅមឺសីសាយ (Merseysiders) នឹងបញ្ចប់នៅថ្ងៃទី៣០ ខែមិថុនាខាងមុខនេះ។
ខណៈដែលការប្រកួតសល់តែ ២លើកទៀតនឹងបញ្ចប់រដូវកាល ហើយក្រុមអេវើតុន ក៏អាចឈរនៅចំណាត់ថ្នាក់លេខ៦ ដោយគ្មានក្តីកង្វល់ហើយនោះ ដេវីដ ម៉យ បានធ្វើការពិភាក្សាមួយ ជាមួយនឹងម្ចាស់ក្លឹបអេវើតុន លោក បីល គេនរ៉ៃ (Bill Kenwright) ក្នុងទីក្រុងឡុងដ៏កាលពីថ្ងៃពុធ ដែលជជែកគ្នាពីបញ្ហាអនាគតរបស់លោក ប៉ុន្តែពុំទទួលបានលទ្ធផលអ្វីនោះទេ។
អតីតគ្រូបង្វឹកអង់គ្លេស និងអតីតជំនួយការរបស់លោកហ្វឺកឺសិន លោកស្តេវ ម៉ាខ្លារ៉ិន (Steve McClaren) បានប្រាប់ដល់កាសែតប៊ីប៊ីស៊ី (BBC) ថា «គាត់(ម៉យ) ជាបេក្ខជនដ៏សាកសម្យបំផុត ហើយកិច្ចការរបស់គាត់ ក៏មានភាពស្រដៀងទៅនឹងលោកហ្វឺកឺសិនដែរ។ គាត់អាចដឹកនាំក្រុមអេវើតុន ឲ្យទទួលបានចំណាត់ថ្នាក់លេខ៦ ជារឿងមួយដែលអស្ចារ្យ។ ជាពិសេសទម្រង់លេងរបស់ក្រុមអេវើតុន មិនចាញ់ក្រុមខ្លាំងៗនោះទេ ក្នុងរដូវកាលនេះ។»
ដេវីដ ម៉យ និងសឺអាឡិច មានទំនាក់ទំនងយ៉ាងល្អជាមួយគ្នាជាយូរមកហើយ ខណៈដែលអ្នកទាំង២ មានសញ្ជាតិស្កតឡែនដូចគ្នាផងនោះ។ គ្រូបង្វឹកអេវើតុនរូបនេះ ជាជម្រើសមួយ ដែលលោកហ្វឺកឺសិនបានគិតទុកក្នុងចិត្ត ហើយពេញចិត្តឲ្យមកដឹកនាំម៉ែនញូបន្តជំនួសលោក។
អតីតខ្សែប្រយុទ្ធក្រុមម៉ែនឆេស្ទើ យូណៃធីត មីឆែល អូវ៉ិន (Michael Owen) បាននិយាយថា គាត់ពេញចិត្តនឹងជ្រើសរើសយកលោក ដេវីដ ម៉យ។
អតីតកីឡាករឆ្នើមរបស់ក្រុមលីវើភូល (Liverpool) ដែលបានលេងឲ្យលោកហ្វឺកឺសិន បាន៣រដូវកាលនិយាយនៅលើធ្វីតថឺរបស់ខ្លួនថា «អ្នកគាំទ្រជាច្រើន ពេញចិត្តគ្រូបង្វឹកល្បីៗដូចជា ចូសេ ម៉ូរីញ៉ូ (Jose Mourinho) ឬជឺចិន ឃ្លប់ (Jürgen Klopp) ប៉ុន្តែបើខ្ញុំជ្រើសរើស ខ្ញុំជ្រើសរើសយក ម៉យ។»
អតីតអ្នកចាំទីម៉ែនញូ ផិតថឺ ស្កាំម៉េចេ (Peter Schmeichei) ក៏មានជំនឿថា ម៉យជាបេក្ខជនដ៏ល្អ ក្នុងដំណែងនេះដែរ ខណៈដែលគាត់បានឃើញអ្នកចាត់ការរូបនេះ មានភាពស្មោះត្រង់ និងតស៊ូជាមួយក្លឹបរហូតដល់ទៅជាង១០ឆ្នាំ ជាមួយនឹងក្រុមអេវើតុន។
អតីតកីឡាករជម្រើសជាតិដិនម៉ាករូបនេះ បាននិយាយថា «អ្វីដែលយើងត្រូវការ មិនមែនត្រូវការនរណាម្នាក់មកដឹកនាំត្រឹមតែរយះពេល ១០ខែ ឬ២,៣ឆ្នាំ នោះទេ។ យើងចង់បានគ្រូបង្វឹករូបណា ដែលអាចនៅទីនេះបានយូរអង្វែង និងមានការស្មោះស្ម័គ្រជាមួយក្រុម៕»
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ