វិភាគ៖ ប្រព័ន្ធ​​ផ្សព្វផ្សាយ និង​​មន្ត្រី​រាជការ​សាធារណៈ ជា​របស់​គណ​បក្ស​នយោបាយ?

អ្នកវិភាគឯករាជ្យលោកបណ្ឌិត ឡៅ ម៉ុងហៃ បានផ្ដល់នូវការវិភាគមួយចំនួន មានជាអាថ៌ គណៈកម្មាធិការជាតិរៀចំការបោះឆ្នោត(គ.ជ.ប) នៅមិនទាន់មានភាពឯករាជ្យ និងគណបក្សដែលនឹងចូលរួមក្នុងយុទ្ធនាការបោះឆ្នោត នៅមិនទាន់មានភាពស្មើគ្នា ចំពោះមុខច្បាប់នោះនៅឡើយ។ នេះបើគេពិនិត្យទៅលើយន្ដការមួយចំនួន ដែលគណបក្សកាន់អំណាចក្ដាប់យ៉ាងពេញដៃ នូវប្រព័ន្ធផ្សព្វផ្សាយ និងបានបង្កើតភាពលំអៀងទៅអោយ មន្ត្រីរាជការសាធារណៈ ដែលត្រូវតែអព្យក្រិតនោះ។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: May 12, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អង្គការសង្គមស៊ីវិល និងអ្នកវិភាគមួយចំនួនបានគិតរួចជាស្រេចថា ការបោះឆ្នោតឆ្នាំ២០១៣ ខាងមុខនេះ នឹងមិនមានភាព​សេរីត្រឹមត្រូវនោះទេ។ ពួកគេបានចោទប្រកាន់ថា គ.ជ.ប មិនឯករាជ្យ និងបានលំអៀងទៅរកគណបក្សកាន់អំណាច ដែល​ជាដើមចមនៃ ជ័យជំនះរបស់គណបក្សនេះ នៅក្នុងការបោះឆ្នោតខាងមុខ។


ផ្លាកតាំងបង្ហាញរបស់គណបក្សប្រជាជនកម្ពុជា របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។

អ្នកវិភាគឯករាជ្យលោកបណ្ឌិត ឡៅ ម៉ុងហៃ បានផ្ដល់នូវការវិភាគមួយចំនួន មានជាអាថ៌ គណៈកម្មាធិការជាតិ​រៀចំការ​បោះឆ្នោត(គ.ជ.ប) នៅមិនទាន់មានភាពឯករាជ្យ និងគណបក្សដែលនឹងចូលរួមក្នុងយុទ្ធនាការបោះឆ្នោត នៅមិនទាន់​មាន​ភាពស្មើគ្នា ចំពោះមុខច្បាប់នោះនៅឡើយ។ នេះបើគេពិនិត្យទៅលើយន្ដការមួយចំនួន ដែលគណបក្ស​កាន់អំណាច​ក្ដាប់​យ៉ាងពេញដៃ នូវប្រព័ន្ធផ្សព្វផ្សាយ និងបានបង្កើតភាពលំអៀងទៅអោយ មន្ត្រីរាជការសាធារណៈ ដែលតាមច្បាប់ និងជា​គោលការណ៍ ត្រូវតែ​នៅជាអព្យាក្រិត្យ​នោះ។

ប្រព័ន្ធផ្សព្វផ្សាយនៃគណបក្សកាន់អំណាច

អ្នកវិភាគរូបនេះបានពន្យល់ថា គណបក្សកាន់អំណាច«នឹងមានប្រៀប» និង«មានប្រជាប្រិយភាពជាង» ក្នុងការបោះឆ្នោត​នាពេលខាងមុខ ដោយសារតែគណបក្សកាន់អំណាចនេះ បានក្តោបក្តាប់សឹងតែទាំងស្រុង និងយ៉ាងលើសលប់ទៅលើ​ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។ ប្រព័ន្ធផ្សព្វផ្សាយ ជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការផ្តល់នូវព័ត៌មានគ្រប់បែបយ៉ាង ​ទៅ​ដល់​សាធារណៈជន។ បើបក្សផ្សេងទៀត មិនមានប្រពន្ធ័ផ្សព្វផ្សាយផងនោះ នឹងមានយុត្តិធម៌ឬទេ ស្មើភាពគ្នាដែរទេ?

ឆ្លើយតបនឹងការលើកឡើងនេះ លោក ទេព នីថា អគ្គលេខាធិការ នៃគ.ជ.ប បានបកស្រាយថា ប្រពន្ធ័ផ្សព្វផ្សាយទាំងរដ្ឋ ទាំងឯកជន មិនមែនជាសម្ថកិច្ចរបស់ គ.ជ.ប ទេ។ គ.ជ.ប មានសមត្ថកិច្ចលើប្រពន្ធ័ផ្សព្វផ្សាយ តែក្នុងអំឡុងពេលបោះ​ឆ្នោត​តែប៉ុណ្ណោះ។

សម្រាប់លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល លោកចាត់ទុកថាវាជារឿងធម្មតា ដែលរាល់សកម្មភាពរបស់រដ្ឋ​ណា​មួយមិនថាតែកម្ពុជាទេ ប្រព័ន្ធផ្សព្វផ្សាយតែងតែលើកពីដំណើរការ និងគោលនយោបាយនៃការរីកចំរើន និងការ​អភិវឌ្ឍន៍​ប្រទេស។ លោកអះអាងថា ប្រព័ន្ធផ្សព្វផ្សាយទាំងនោះ«មិនដែល» បានបង្ហាញពីគោលនយោបាយរបស់បក្សឡើយ ហើយ​បក្សផ្សេងទៀត ក៏អាចចូលរួមបានដែរចំពោះការផ្សព្វផ្សាយ នូវកិច្ចការអភិវឌ្ឍន៍ទាំងនេះ។

ប៉ុន្តែពិនិត្យលើសភាពជាក់ស្ដែង គេតែងឃើញជារឿយៗ ថាប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក រាប់ទាំងស្ថាប័នរបស់រដ្ឋផង បាន​ធ្វើការឃោសនាអោយគណបក្សកាន់អំណាច និងថែមទាំងបានចាក់ផ្សាយ នូវការវាយប្រហារគណបក្សប្រឆាំង ដោយមិន​បានផ្ដល់ឱកាសអោយគណបក្សរងគ្រោះទាំងនោះ បានការពារខ្លួននោះផងទេ។ ហើយគេមិនដែលឃើញ ស្ថាប័នអ្នក​អនុវត្តន៍ច្បាប់ ដូចយ៉ាងគ.ជ.ប បញ្ចេញប្រតិកម្ម ឬធ្វើការបកស្រាយអ្វីទេ ក្នុងនាមជាអាជ្ញាកណ្ដាល ដើម្បីឲ្យការប្រកួត​ប្រជែងស្មើភាពគ្នា រវាងគណបក្សនយោបាយនោះ។ តែផ្ទុយទៅវិញ គ.ជ.ប តែងធ្វើការដោះស្រាយថា «មិនមានច្បាប់»​អនុញ្ញាតអោយខ្លួនអាចធ្វើអន្តរាគមន៍បាន។

ភាពលំអៀងនៃមន្ត្រីរាជការសាធារណៈ

«រាល់ការបំរើមុខងារស្ថាប័នសាធារណៈ របស់មន្រ្តីរដ្ឋតាមច្បាប់ មិនថាចំពោះការយកតួនាទី មុខងារ ឬអំណាចទេ សូម្បី​តែការយកសម្ភារៈរបស់រដ្ឋទៅប្រើប្រាស់ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនោះ វាខុសនឹងច្បាប់ទៅហើយ» នេះជាការ​បកស្រាយរបស់លោក ទេព នីថា។ ម្យ៉ាងទៀតច្បាប់ក៏មិន អនុញាតិឲ្យយកម៉ោងបំពេញការងាររដ្ឋ ទៅបំរើឲ្យការ​ឃោសនា​នោះដែរ។ លោកថាទាំងប៉ូលីស ទាហាន ចៅក្រម ព្រះរាជអាជ្ញា និងមន្ត្រីរាជការដ៏ទែទៀត ដែលច្បាប់ហាមឃាត់ មិន​អនុញាតឲ្យចូលរួមឃោសនា ដោយប្រកាសពីនិន្នាការឈរលើគណបក្សណាមួយដែរ។ បើមានករណីនេះ កើតឡើង បុគ្គលនោះនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។

លោក ផៃ ស៊ីផាន បានលើកឡើងប្រហែលគ្នានេះដែរ។ តែលោកសង្កត់ធ្ងន់ថា ក្រៅពីម៉ោងការងាររដ្ឋ មន្រ្តីទាំងនោះ​មាន​សិទ្ធិក្នុងការចូលរួម ដូចប្រជាពលរដ្ឋធម្មតា។

តែលោកឡៅ ម៉ុងហៃ បានលើកឡើងថា កន្លងមកមានការយកស្ថាប័នសាធារណៈរបស់រដ្ឋ ដែលជាស្ថាប័នជាតិ ដូចជា​សាលារៀន មន្ទីរពេទ្យ ក្រសួងព័តមាន (...) និងការប្រើប្រាស់មន្រ្តីរាជការក្នុងតំណែង ទៅបំរើឲ្យការឃោសនាបោះឆ្នោត។ លោកបានពន្យល់ទៀតថា មានមន្ត្រីក្នុងក្របខណ្ឌរដ្ឋជាច្រើន បានចុះធ្វើការពង្រឹងមូលដ្ឋាន ក្នុងនាមជាសកម្មជន​នៃបក្ស​កាន់អំណាច ឬមានការបង្គាប់បញ្ជាគ្រូបង្រៀនឲ្យប្រកាសថា សិស្សនិស្សិតទាំងអស់ មិនត្រូវគិតរឿងនយោបាយទេ ពិសេស​កូនអ្នកក្រ។ តែផ្ទុយទៅវិញ ប៉ុន្មានខែកន្លងមកនេះ បក្សខ្លាំងនៅកម្ពុជាមួយនេះ បានអនុញ្ញាតិឲ្យមាន​និស្សិតជា​«កូនអ្នកធំ»​មួយចំនួន ចូលរួមធ្វើសកម្មភាពនយោបាយ យ៉ាងសកម្មនោះជាដើម។

និយាយជារួមមក អ្នកវិភាគ និងមន្ត្រីអង្គការសង្គមស៊ីវិលភាគច្រើន បានត្អូញត្អែរថា សេរីភាពក្នុងការចូលរួម​ធ្វើ​សកម្មភាព​នយោបាយនៅប្រទេសកម្ពុជា មានតែនៅក្នុងក្របខ័ណ្ឌមួយយ៉ាងចង្អៀត តែមិនមានយុត្តិធម៌ និងភាពស្មើគ្នា​នោះទេ។ ជាធម្មតាមន្ត្រីខាងបក្សកាន់អំណាច តែងតែលើកឡើងពីគោលការណ៍ច្បាប់ ប្រកាសថាអនុវត្តន៍តាមច្បាប់ តែ​ក្នុងភាព​ជាក់ស្តែង គេសង្កតឃើញថា វាអាស្រ័យលើខ្សែរយៈ អំណាច ឬបក្ខពួកជាធំ។ តែស្ថាប័នអាជ្ញាកណ្ដាល ដូចយ៉ាងគ.ជ.ប មិនដែលបញ្ចេញប្រតិកម្មឲ្យច្បាស់លាស់ និងជនល្មើស មិនដែលត្រូវបាន គេចាប់អោយមកទទួលទោសនោះឡើយ។

អ្នកសង្កេតការណ៍ស្ថានភាពនយោបាយនៅកម្ពុជា បានគិតទុកជាមុនថា គណបក្សកាន់អំណាចអាចនឹង​មានសន្លឹក​ឆ្នោត​ធ្លាក់ចុះ បើប្រៀបធៀបទៅនឹងអាណត្តិមុន។ ទោះជាយ៉ាងនេះក្តី សម្រាប់លទ្ធផលចុងក្រោយ បក្សកាន់អំណាចនឹងនៅតែ ជាអ្នកឈ្នះដដែល ដោយគ្រាន់តែគេនៅចាំសង្កេតមើល ថាតើវាជា«ការឈ្នះដោយល្អមើល»នោះ ដែរឬទេ?

---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី០៩ ឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...