បាល់ទាត់អ៊ីតាលី៖ ឆែមពានលីកសម្រាប់ណាប៉ូលី ឯអ៊ីនធឺបាត់បង់កៅអីអ៊ឺរ៉ុប
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: May 09, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ខ្សែប្រយុទ្ធអេឌីសិន ហ្គាវ៉ានី (Edinson Cavani) នៅតែបន្តនាំមុខគេ ក្នុងការទាត់បាល់បញ្ចូលទីគូប្រកួត ក្នុងនោះគាត់រកបាន២៧គ្រាប់ ហើយបានជួយឲ្យក្រុមណាប៉ូលី (Napoli) ស្ថិតនៅចំណាត់ថ្នាក់លេខ២ ក្នុងក្របខ័ណ្ឌស៊េរីអេ (Serie A) និងអាចមានកៅអីទៅលេងឆែមពានលីក (Champions League) នៅរដូវកាលក្រោយ បន្ទាប់ពីឈ្នះក្រុមបូឡូញ៉ា (Bologna) ៣-០ ទៀត កាលពីថ្ងៃពុធ។
ខ្សែប្រយុទ្ធអេឌីសិន ហ្គាវ៉ានី របស់ក្រុមបាល់ទាត់ណាប៉ូលី នៅប្រទេសអ៊ីតាលី។
ក្រុមណាប៉ូលី មាន១១ពិន្ទុតាមពីក្រោយក្រុមជូវីនទូស (Juventus) ដែលទើបតែឈ្នះពានរង្វាន់លើកទី២៧របស់គេ កាលពីសប្តាហ៏មុន។ ហើយពួកគេមាន ៧ពិន្ទុនាំមុខក្រុមលេខ៣ អេស៊ី មីឡាន (AC Milan) ខណៈដែលការប្រកួតសល់តែ ២លើកទៀត នឹងចប់រដូវកាល។
ខ្សែបម្រើសញ្ជាតិស្លូវ៉ាហ្គី ម៉ារិក ហាមស៊្សិក (Marek Hamsik) ដែលជាអ្នករកគ្រាប់បាល់បញ្ចូលទីគ្រាប់ទី១ ឲ្យក្រុមណាប៉ូលីទទួលបានជ័យជំនះនោះ បានប្រាប់កាសែតស្កាយស្ពត (Sky Sport) ថា «យើងពិតជាសប្បាយរីករាយខ្លាំងណាស់ ដែលយើងអាចទទួលបានដំណែងលេខ២ ទោះបីជាយើងមិនបានឈ្នះពានរង្វាន់ក៏ដោយ តែយើងអាចមានឈ្មោះលេងឆែមពានលីក នៅរដូវកាលក្រោយ។»
ពាក់ព័ន្ធនឹងពាក្យចចាមអារ៉ាម ថាមានក្លឹបធំៗជាច្រើនកំពុងតែចាប់អារម្មណ៏ខ្សែប្រយុទ្ធហ្គាវ៉ានីនោះ ហាមស្ស៊ិកបាននិយាយថា យើងមិនអាចលេងឆែមពានលីក ដោយគ្មានខ្សែប្រយុទ្ធអ៊ុយរ៉ាហ្គាយរូបនេះទេ។
គាត់បានបន្តថា «វាពិតលំបាកសម្រាប់ពួកយើង បើសិនជាគ្មានរូបគាត់នៅរដូវកាលក្រោយ។ ប៉ុន្តែនេះជារឿងបាល់ទាត់ ដូច្នេះអ្វីៗមិនអាចកំណត់ ដោយខ្លួនយើងទាំងអស់បាននោះទេ ហើយយើងមានតែរងចាំមើលបន្តទៀត ដោយសង្ឃឹមថា គាត់នឹងមានវត្តមានជាមួយពួកយើងជាបន្តនៅរដូវកាលថ្មី។»
ចំណែកក្រុមអ៊ីនធឺ មីឡាន (Inter Milan) ដែលជាក្រុមរបស់អ៊ីតាលីឈ្នះពាន ឆែមពានលីកចុងក្រោយគេ ក្រោមការដឹកនាំរបស់លោកជូសេ ម៉ូរីញ៉ូ (Jose Mourinho) កាលពីឆ្នាំ២០១០នោះ បានបាត់បង់កៅអីទៅលេងនៅក្របខ័ណ្ឌអ៊ឺរ៉ុបអស់ហើយ បន្ទាប់ប្រកួតចាញ់ដល់ទៅ១៥លើក ក្នុងរដូវកាលនេះ ហើយកំពុងតែស្ថិតនៅចំណាត់ថ្នាក់លេខ៨ ទៀតនោះ។
ក្រុមលំដាប់កំពូល១ដែរនៅអ៊ីតាលី អ៊ីនធឺ មីឡាន មាន៣៣ពិន្ទុតាមពីក្រោយក្រុមលេខ១ ជូវីនទូស និងមាន៧ពិន្ទុតាមពីក្រោយក្រុមលេខ៥ អ៊ុយឌីណែស (Udinese)។ ដូច្នេះមានន័យថា ក្រុមមួយនេះ នឹងខកខានទៅបង្ហាញខ្លួននៅក្របខ័ណ្ឌអ៊ឺរ៉ុបទាំង ឆែមពានលីក និងអ៊ឺរ៉ូផាលីក (Europa League) នៅរដូវកាលថ្មី៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ