អ៊ីតាលី៖ តុលាការ​ផ្ដើម​អង្កេត វានាបុក​ប៉ម​យាម​ផែ​សមុទ្រ​ស្លាប់​៧​នាក់

ប៉មយាមផែមួយ ត្រូវបានបុកកម្ទេច នៅយប់ថ្ងៃអង្គារទី៧ខែឧសភា បណ្ដាលអោយមនុស្ស៧នាក់ស្លាប់ បួននាក់រងរបួស និងពីរនាក់ផ្សេងទៀត នៅបាត់ខ្លួននៅឡើយ។ តុលាការអ៊ីតាលី បានបើកការស៊ើបអង្កេតនៅថ្ងៃពុធស្អែកឡើង ពីបទ«បង្ក​អោយមានមនុស្សស្លាប់»ដោយខ្វះការប្រុងប្រយ័ត្ន ទៅលើមេបញ្ជាការរបស់នាវានោះ។
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: May 09, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប៉មយាមផែមួយ ត្រូវបានបុកកម្ទេច នៅយប់ថ្ងៃអង្គារទី៧ខែឧសភា បណ្ដាលអោយមនុស្ស៧នាក់ស្លាប់ បួននាក់រងរបួស និងពីរនាក់ផ្សេងទៀត នៅបាត់ខ្លួននៅឡើយ។ តុលាការអ៊ីតាលី បានបើកការស៊ើបអង្កេតនៅថ្ងៃពុធស្អែកឡើង ពីបទ«បង្ក​អោយមានមនុស្សស្លាប់»ដោយខ្វះការប្រុងប្រយ័ត្ន ទៅលើមេបញ្ជាការរបស់នាវានោះ។


ទាំងប៉មយាម និងអាគារនៅសងខាង ត្រូវបានបុកកម្ទេច។

មួយឆ្នាំក្រោយពីការគឿង ធ្វើអោយលិចនាវាយក្សទេសចរណ៍ កុងកូឌីយ៉ា (Concordia) នោះមក ហេតុការណ៍រន្ធត់ថ្មី បាន​កើតឡើងជាថ្មីទៀត នៅអ៊ីតាលី។ យ៉ាងហោចណាស់មនុស្សបួននាក់បានស្លាប់បាត់បង់ជីវិត បួននាក់រងរបួស និងពីរនាក់​ផ្សេងទៀតបានបាត់ខ្លួន នៅលើផែសមុទ្រ«ជេនេស (Gênes)» បណ្ដាលមកពីនាវាផ្ទុកកុងទើន័រមួយគ្រឿងធំ បានថយមក​បុកយ៉ាងពេញទំហឹង នៅក្នុងយប់ថ្ងៃអង្គារ។ នៅព្រឹកថ្ងៃពុធ មនុស្សម្នាក់ត្រូវបានរកឃើញនៅមានជីវិត នៅក្រោមគំនរ​បាក់​បែកនៃប៉ម។ តាមកាសែតក្នុងស្រុកមួយ បាននិយាយថា មនុស្សនោះ ជាបុរសម្នាក់ដែលមានអាយុ៥០ឆ្នាំ មានសភាពរបួស​ធ្ងន់ធ្ងរ ហើយត្រូវដឹកទៅមន្ទីរពេទ្យជាបន្ទាន់។

នៅថ្ងៃពុធទី៨ខែឧសភាដដែល មេបញ្ជាការនាវា ចូលី ណារ៉ូ (Jolly Nero) នៃក្រុមហ៊ុន មេស៊ីណា (Messina) ត្រូវបាន​ដាក់​ទៅក្នុងការស៊ើបអង្កេត ពីបទ«បង្កអោយមានមនុស្សស្លាប់»ដោយខ្វះការប្រុងប្រយ័ត្ន។ នៅពេលដែលនាវាចាកចេញ ពីផែ​ដែលធំជាងគេនៅប្រទេសអ៊ីតាលីនេះ កាប៉ាលរបស់លោកបានធ្វើចលនាខុសទំនង ហើយបានងាកមកបុកប៉មយាម ដែល​ត្រូវបានបង្កើតឡើង សម្រាប់ត្រួតពិនិត្យចលនាចេញចូលរបស់រាល់នាវា។ ជាមួយនឹងនាវាដែលមានបណ្ដោយ​ប្រមាណ​ជា​ជាង២០០ម៉ែត្រ និងទម្ងន់សរុបជាង ៤០ពាន់តោន ប៉មយាមតូចមួយនេះ មិនអាចធន់ទ្រាំនោះបានឡើយ។ វាបានដួលរលំ ហើយមួយផ្នែកធំបានធ្លាក់ចូលទៅក្នុងទឹក។

មនុស្សដែលស្ថិតនៅលើប៉ម បានធ្លាក់ទៅជាមួយនឹងប៉ម ចូលទៅក្នុងទឹកដូចគ្នា។ ក្រុមអ្នកជួយសង្គ្រោះ បានមកដល់​ទី​កន្លែងភ្លាមៗ និងបានស្វះស្វែងដើររកទាំងយប់ ជនរងគ្រោះទាំងនោះ ហើយរហូតមកដល់ថ្ងៃពុធនេះ ការរុករកនៅបន្ត​នៅ​ឡើយ៕


អាគារប៉ម ពេលនៅមានរូបរាងល្អនៅឡើយ។


នាវា ចូលី ណារ៉ូ ដែលកំពុងផ្ទុកកុងតឺន័រ យ៉ាងសន្ធឹកសន្ធាប់។

សូមទស្សនាវីដេអូខាងក្រោម ដូចតទៅ៖

-----------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស​ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...