ឃាត់ខ្លួនមេបញ្ជាការនាវាចម្លង ដែលបានលិចក្នុងសមុទ្រកូរ៉េខាងត្បូង
អាជ្ញាធរកូរ៉េខាងត្បូង បានចាប់ឃាត់ខ្លួនមេបញ្ជាការនាវាចម្លង កាលពីព្រឹកថ្ងៃសៅរ៍ ទី១៩ ខែមេសានេះ បន្ទាប់ពីព្រឹត្តិការណ៍លិចនាវាចម្លង ដឹកនាំដោយមេបញ្ជាការរូបនេះ កាលពីថ្ងៃពុធកន្លងទៅ ដែលធ្វើឲ្យមនុស្សជិត៣០០នាក់ ភាគច្រើនជាកូនសិស្សបានជាប់ខ្លួននៅក្នុងនោះ រហូតមកដល់ថ្ងៃនេះ។
ដំណើរការស្វែងរកជនរងគ្រោះ នៅតែបន្តធ្វើ។ (រូបថត AFP)
លិចនាវា - លី ជុនសក អាយុ៥២ឆ្នាំ មេបញ្ជាការនាវា ស៊ីវ៉ូល (SEWOL) ដែលបានលិចនៅថ្ងៃពុធទី១៦ ខែមេសានេះ បានប្រឈមនឹងការចោទប្រកាន់ ចំនួន៥ ក្នុងនោះមានការខ្ជីខ្ជាក្នុងការបំពេញការងារ និងការរំលោភបំពានទៅលើច្បាប់នាវាចរណ៍សមុទ្រ។ រហូតមកដល់ម៉ោងនេះ មនុស្ស២៨នាក់ ត្រូវបានរកឃើញស្លាប់ ហើយមនុស្ស២៦៨នាក់ផ្សេងទៀត នៅកំពុងបាត់ខ្លួននៅឡើយ ពីការលិចនាវាដ៏សោកសៅ កើតឡើងនៅក្បែរកោះ ជីនដូ (Jindo) របស់ប្រទេសកូរ៉េខាងត្បូង។
អ្នកទទួលសខុសត្រូវម្នាក់ នៃឆ្មាំសមុទ្រប្រចាំតំបន់ឆ្នេរភាគខាងត្បូងនៃប្រទេសនេះ បានថ្លែងនៅមុនការចាប់ខ្លួននេះថា «គណកម្មាការស៊ើបអង្កេត ដែលមានទាំងនគរបាល និងរដ្ឋអាជ្ញាផង បានសុំឲ្យមានដីការមួយពីតុលាការ ដើម្បីឃាត់ខ្លួនអ្នកទទួលខុសត្រូវនាវាចំនួនបីនាក់ ក្នុងនោះមានមេបញ្ជាការនាវាដែរ»។
រដ្ឋអាជ្ញាកូរ៉េខាងត្បូង បានប្រកាសកាលពីថ្ងៃសុក្រ ពីការរកឃើញ នូវចំណុចស៊ើបអង្កេតជាលើកដំបូងជាច្រើន ដែលបង្ហាញថាលោកមេបញ្ជាការ លី ជនសក បានទុកឲ្យកូនចៅនៅក្នុងជួរបន្ទាត់ទីបី កាន់ចង្កូតរបស់នាវា នៅមុនគ្រោះថ្នាក់នេះ។
មេបញ្ជាការ និងអ្នកបម្រើការនៅលើនាវាចំនួន២៨នាក់ បានរត់សង្គ្រោះខ្លួន ចេញពីការលិចនាវាបានដោយសុវត្ថិភាព ខណៈដែលមនុស្សរាប់រយនាក់ផ្សេងទៀត កំពុងនៅជាប់គាំងនៅក្នុងនាវានោះនៅឡើយ។ នៅចំពោះអ្នកស៊ើបអង្កេត និងអ្នកសារព័ត៌មាន លោក លី ជនសក បាននិយាយកាលពីថ្ងៃសុក្រ ដោយសម្លេងញ័រៗថា លោកមានភាពសោកស្ដាយខ្លាំង និងពោរពេញដោយភាពខ្មាសអៀន៕
មេបញ្ជាការនាវាចម្លង អង្គុយលាក់មុខនៅពីមុខអ្នកស៊ើបអង្កេត និងអ្នកសារព័ត៌មាន។
-----------------------------------------------
ដោយ កេសរកូល (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៩ មេសា ២០១៤