និស្សិត​ពេទ្យ មិន​ទទួល​ស្គាល់​ការ​ជូន​ដំណឹង​របស់​​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី

និស្សិតនៃសាកលវិទ្យាល័យសុខាភិបាល ផ្នែកវេជ្ជសាស្ត្រជំនាន់ទី ៣៤ និងផ្នែកទន្តសាស្ត្រ (ពេទ្យ​ធ្មេញ) ជំនាន់ទី ២៣នៅតែបន្តការតវ៉ា បើទោះបីជា ទីស្តីការគណៈរដ្ឋមន្ត្រី ប្រកាសឲ្យនិស្សិតសាលាពេទ្យ ដែលកំពុងតវ៉ា​ទាំងនេះ ត្រូវតែប្រឡងថ្នាក់ជាតិក៏ដោយ។
Loading...
  • ដោយ: ប្រាថ្នា
  • កែប្រែចុងក្រោយ: April 19, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

និស្សិតនៃសាកលវិទ្យាល័យសុខាភិបាល ផ្នែកវេជ្ជសាស្ត្រជំនាន់ទី ៣៤ និងផ្នែកទន្តសាស្ត្រ (ពេទ្យ​ធ្មេញ) ជំនាន់ទី ២៣នៅតែបន្តការតវ៉ា បើទោះបីជា ទីស្តីការគណៈរដ្ឋមន្ត្រី ប្រកាសឲ្យនិស្សិតសាលាពេទ្យ ដែលកំពុងតវ៉ា​ទាំងនេះ ត្រូវតែប្រឡងថ្នាក់ជាតិក៏ដោយ។


ការតវ៉ារបស់និស្សិតពេទ្យ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ S.Tith)

ការអប់រំ - កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៤ម្សិលម៉ិញនេះ ទីស្តីការគណៈរដ្ឋមន្ត្រីបានចេញសេចក្តីជូនដំណឹង​មួយ ជាការ​ឆ្លើយតបនឹងនិស្សិតពេទ្យនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ សុខាភិបាល ដែលបានប្រមូលផ្តុំគ្នាជា​បន្ត​បន្ទាប់​ ដើម្បី​តវ៉ាកុំអោយមានការប្រលងថ្នាក់ជាតិ។

លិខិតជូនដំណឹងនោះបានបញ្ជាក់ថា ទី១. និស្សិត ដែលបានបញ្ជាប់ការសិក្សាថ្នាក់វេជ្ជបណ្ឌិតទូទៅ បរិញ្ញាប័ត្រឱសថ និងទន្តបណ្ឌិត ត្រូវចូលរួមការប្រឡងថ្នាក់ជាតិ ទី២. និស្សិតដែលមិនទាន់បានប្រឡងបញ្ចប់ថ្នាក់ជាតិជាស្ថាពរ ក្រសួងមិនទទួលពាក្យសុំប្រឡងជ្រើសរើសក្របខណ្ឌជាមន្ត្រីរាជការ និងមិនអាចប្រកបវិជ្ជាជីវៈសុខាភិបាល ស្រប​តាមច្បាប់ស្តីពីការគ្រប់គ្រងលើការប្រកបវិជ្ជាជីវរៈវិស័យ វេជ្ជសាស្ត្រ អមវេជ្ជសាស្ត្រ និងជំនួយវេជ្ជសាស្ត្រ ចុះថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០០០។

និស្សិតផ្នែកវេជ្ជសាស្រ្តជំនាន់ទី៣៤ ម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ បានឱ្យដឹងថាលោក មិនទទួលស្គាល់លិខិតដែល​ចេញដោយទីស្តីការគណៈរដ្ឋមន្ត្រីនេះទេ ព្រោះវាមិនឆ្លុះបញ្ចាំង និងមិនឆ្លើយទៅនឹង​ការស្នើសុំរបស់និស្សិត​នោះទេ។ និស្សិតរូបនោះបានថ្លែងថា៖ «រដ្ឋមន្រ្តីគាត់អត់យល់ពីកង្វល់របស់ពួកខ្ញុំ អញ្ចឹងវាផ្ទុយពីឆន្ទៈនៃការស្នើសុំ​របស់​ពួកខ្ញុំ។ (...) ​ជា​ការដោះស្រាយឯកតោភាគី គាត់ដោះស្រាយតែគាត់ គាត់អត់មានពីភាក្សាជាមួយពួកខ្ញុំ ពិភាក្សា​ហើយអត់​មាន​យកសំណើរពួកខ្ញុំទៅថ្នាក់លើ។ ខ្ញុំអត់ទទួលលិខិតហ្នឹងទេ ហើយខ្ញុំនឹងធ្វើពហិការអត់ចូលប្រលង។»

និស្សិតផ្នែកវេជ្ជសាស្រ្តជំនាន់ទី៣៤ មួយរូបទៀតដែលរក្សាជំហរធ្វើពហិការមិនចូលប្រលងថ្នាក់ជាតិដែរ លោក ឈាង ម៉េងឡាយ បានអោយដឹងថា បើទោះបីជាលោកចូលក៏មិនជាប់ដែរ ការប្រលងថ្នាក់ជាតិនេះ វាជាការរុញ​មនុស្ស​ទៅប្រលងទាំងទទឹងទិស ក្នុងពេលដែលនិស្សិតមិនទាន់យល់អីទាំងអស់ពីរបៀបប្រលង ហើយក៏មិនមាន​ឯកសារមើលត្រៀមប្រលងដែរ។ ការប្រលងនេះទៀតសោត ត្រូវចំណាយលុយទិញពាក្យប្រលង ប្រលងលើទីមួយ​ត្រូវចំណាយអស់៧៥ដុល្លា ហើយបើប្រលងធ្លាក់ត្រូវបង់១០០ដុល្លាដើម្បីប្រលងសាថ្មី។

លោកបានបន្ទោសទៅលើអ្នកចាត់ចែងឱ្យមានប្រលងថ្នាក់ជាតិនេះថា៖ «ធ្វើឱ្យតែកូនសិស្សលំបាក អាស្រុកគេ គេ​ធ្វើឱ្យកូនសិស្សស្រួល គេមានការិយាល័យ គេមានផ្នែកគេមួយបកប្រែជាភាសាជាតិរបស់គេ គេឱ្យកូនសិស្សរៀន ឯងយកពីគេ យកពីបារាំងយកមកទាំងដុលៗចេះតែបង្រៀនទៅ ដល់ពេលបង្រៀនចប់ហើយ នៅឱ្យគ្នាទៅ​ប្រលង​ថ្នាក់ជាតិទៀត»។ លោកសូមសំណូមពរឱ្យក្រសួងសុខាភិបាល ពិចារណារឡើងវិញពីទុក្ខកង្វល់របស់​និស្សិតផ្នែក​វេជ្ជសាស្រ្ត និងផ្នែកឱសថសាស្រ្ត ទន្តសាស្រ្តទាំងអស់ គឺជួយសម្រួលធ្វើម៉េចលុបបំបាត់ថ្នាក់ហ្នឹង ព្រោះវាគ្មាន​ប្រយោជន៏អ្វីទេ ប្រលងទៅបានតែប្រលង។

កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៤ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានបញ្ជាក់ស្របគ្នាទៅនឹង​សេចក្តីជូនដំណឹងរបស់ទីស្តីការគណរដ្ឋមន្រ្តីដែរថា ប្រសិនបើនិស្សិត មិនចូលប្រលងថ្នាក់ជាតិ នោះនឹងមិនបាន​ចូលប្រលងក្របខ័ណ្ឌរដ្ឋ និងមិនបានប្រកបវិជ្ជាជីវៈទៅតាមមុខជំនាញដែលខ្លួនបានរៀន។

ឆ្លើយតបនឹងការបញ្ជាក់នេះ និស្សិតផ្នែកវេជ្ជសាស្រ្តជំនាន់ទី៣៤ ដែលសុំមិនបញ្ចេញឈ្មោះខាងលើ បានអះអាង​បន្តទៀតថា៖ «អត់ៗទៅ អ្នកចូលប្រលង៣០នាក់ក្នុងចំណោមសិស្ស២០០នាក់ហ្នឹងអ្នកឯងប្រលងទៅ អ្នកឯងមើល​គុណភាពរបស់អ្នកឯងទៅ។ សេចក្តីប្រកាសរបស់អ្នកឯងចង់ពង្រឹងវិស័យអប់រំអី បើអត់មាននិស្សិតចូល​ប្រលង​ផង​ហ្នឹង។ ពួកខ្ញុំសុខចិត្តលះបង់ប្រយោជន៍ខ្លួនឯងទាំងអស់ អត់ចូលប្រលង អត់អីអត់ទៅ គឺមិនចូលប្រលង ខ្ញុំមិនខ្វល់​ទេ។»៕

----------------------------------------------
ដោយ ក. ចាន់នីតា (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៩ មេសា ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...