សម រង្ស៊ី ថា​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ ខណៈ ហ៊ុន សែន ស្បថ​ឲ្យ​រន្ទៈ​បាញ់

លោក សម រង្ស៊ី ស្វាគមន៍សំណើរលោក ហ៊ុន សែន បបួល«ស្បថ»មុខព្រះអង្គដងកើ។ ប៉ុន្តែលោក សម រង្ស៊ី បាន​លេង​ពាក្យ​ត្រឡប់​ទៅ​លោក ហ៊ុន សែន វិញថា លោកនាយករដ្ឋមន្ត្រី មិនហ៊ានរាប់សន្លឹកឆ្នោតឡើងវិញ ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ថា បានបន្លំសន្លឹកឆ្នោត ក្រោយការបោះឆ្នោតឆ្នាំ២០១៣។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី១០ មិថុនា ២០១៥
  • កែប្រែចុងក្រោយ: June 11, 2015
  • ប្រធានបទ: ស្បថ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រោយការវិលត្រឡប់ មកពីបរទេសមកវិញ  ប្រធានតំណាងរាស្រ្តមតិភាគតិច និងជាប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បានថ្លែងនៅមុខ ព្រលាន​យន្តហោះ​អន្តរជាតិភ្នំពេញ ថា ទោះជា«ការស្បថ» ជារឿងអបិយជំនឿក៏ដោយ ក៏លោក​នៅតែស្វាគមន៍ និងទទួលគ្រប់ពេលវេលា បើសិនជាលោក ហ៊ុន សែន ចង់ធ្វើ«សម្បថ»ជាមួយលោក ក្នុងរឿងបន្លំ ឬលួចសន្លឹកឆ្នោត ក្រោយការបោះឆ្នោតថ្ងៃទី២៨ ខេកក្កដា ឆ្នាំ២០១៣នោះ។ តែលោកបន្តថា «នោះ (ការស្បថ) វាមិនមែនជាការចាំបាច់ទេ អ្វីដែលសំខាន់ នៅត្រង់ថា យើងត្រូវធ្វើអ្វីទៅតាមច្ចេកទេស ឬវិទ្យាសាស្រ្ត​ច្បាស់លាស់»។

ប្រធានបក្សរូបនេះ បានលើកឡើងបន្ថែមថា ទាក់ទង នឹងលទ្ធផលនៃការបោះឆ្នោតកន្លងទៅ ដែលអាច​បញ្ជាក់​ថា មានភាពអព្យាក្រិត សុក្រិត ឬយ៉ាងណាមួយនោះ លោកថា គួរមានការរាប់សន្លឹកឆ្នោតឡើងវិញ។ លោក​បាន​ថ្លែងឡើងថា៖ «រាប់សន្លឹកឆ្នោត យើងបើកហិបឆ្នោត យើងបើកបាវ ដែលមានសន្លឹកឆ្នោត យើងរាប់ឡើងវិញ តាមបច្ចេកទេសច្បាស់លាស់ ហ្នឹងយើងដឹង ស ខ្មៅ ភ្លាម»។ សំដីរបស់មេបក្សប្រឆាំង ទំនងជាចង់បង្ហាញ ឬ​ចោទ​សួរ ទៅលោកនាយករដ្ឋមន្រ្តីវិញថា តើហ៊ានរាប់សន្លឹកឆ្នោត ឡើងវិញដែរឬទេ?

យ៉ាងណាក៏ដោយ លោក សម រង្សី បានព្រមទទួលយក ការស្បថរបស់លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន គ្រប់​ពេលវេលា។ លោកបញ្ជាក់ថា៖ «រឿងស្បថមិនអីទេ។ ចង់ស្បថពេលណាក៏បានដែរ។ តែអ្វីចាំបាច់ យើងត្រូវ​ធ្វើ​អ្វី តាមបច្ចេកទេសច្បាស់លាស់។»

ការលើកឡើង របស់មេបក្សប្រឆាំងរូបនេះ ត្រូវបានលើកឡើង ក្រោយមួយថ្ងៃដែលលោក នាយករដ្ឋមន្រ្តី ហ៊ុន សែន បបួលលោក «ស្បថ» មុខព្រះអង្គដងកើ ឲ្យស្លាប់ដោយរន្ទះបាញ់នោះ។ ការលើកឡើង របស់លោក​នាយក​រដ្ឋមន្រ្តី ត្រូវបានធ្វើឡើងនាវិមានរដ្ឋសភា ក្នុងកិច្ចប្រជុំពិភាក្សា និងអនុម័តលើសេចក្តីព្រាងច្បាប់ ស្តីពី «ការ​គ្រប់គ្រងគ្រោះមហន្តរាយ» កាលពីព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៥។

លោក ហ៊ុន សែន បានថ្លែងបបួលគេ​ឯង ឲ្យទៅស្បថជាមួយលោកថា៖ «ចាំឯកឧត្ដម សម រង្ស៊ី មក ខ្ញុំបបួលតែ​ម្ដង ឥឡូវខ្ញុំនិយាយជាសាធារណៈ​ក្នុងសភា តើគណបក្សនានាហ៊ានស្បថទេ ជាមួយគណបក្សប្រជាជន មុខ​​ព្រះ​អង្គ​ដងកើ? (…) បើគណបក្សប្រជាជនលួចសន្លឹកឆ្នោត ឲ្យគណបក្សប្រជាជនងាប់ទាំងអស់ ត្រូវគ្រាប់ រន្ទះ​​បាញ់ ស្អី​ទាំង​អស់ ។ ប៉ុន្តែអ្នកណាភូត ចោទគេខុស អ្នកហ្នឹងក៏ត្រូវដូចគ្នាវិញដែរ រន្ទះបាញ់ទាំងអស់។»

ដោយឡែក លោក ម៉ៅ វិសេស ប្រធានសហព័ន្ធនិសិ្សតបញ្ញាវ័ន្តកម្ពុជាវិញ ក៏បានបបួលលោកនាយករដ្ឋមន្ត្រី ទៅស្បថ ក្នុងរឿងចោទប្រកាន់ថា លទ្ធផលបោះឆ្នោត ឆ្នាំ២០១៣នោះ ត្រូវបានបន្លំ ឬលួចដោយ​គណបក្ស​កាន់​អំណាច ដែរឬយ៉ាងណា។ លោក ម៉ៅ វិសេស បានឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជ្រើសរើសថ្ងៃ ឬកំណត់​ថ្ងៃណាមួយជាក់លាក់ ដើម្បីទៅស្បថជាមួយលោក នៅមុខព្រះអង្គដងកើ ដើម្បីបញ្ជាក់ថា លទ្ធផល​បោះឆ្នោត​ឆ្នាំ២០១៣ គណបក្សប្រជាជនកម្ពុជា «ស្អាតស្អំ» មិនបានលួចសន្លឹកបន្លំឡើយ។

ប្រធានសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា បានផ្ញើរលិខិតមួយច្បាប់ កាលពីថ្ងៃទី៩ ខែមិថុនា ជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីសុំចូលខ្លួនស្បថចំពោះរឿងនេះ។ លោកបានបញ្ជាក់ក្នុងលិខិតនោះថា៖ «ប្រសិនបើសម្ដេច មិន​ហ៊ាន​ចូលស្បថជាមួយខ្ញុំទេ នោះបញ្ជាក់ថា សម្ដេចបានចាញ់ឆ្នោត កាលពីឆ្នាំ២០១៣ពិតប្រាកដមែន។ ហើយ​គណបក្ស​ប្រជាជន ទទួលបាន៦៨អាសនៈ នេះគឺបានមកពីការលួចបន្លំ»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...