ជនសង្ស័យ​ទម្លាយ​ថា សមត្ថកិច្ច​វាយ​ខ្លួន​យក​ចម្លើយ រឿង​សម្លាប់​មនុស្ស​ច្រក​ស្បោង

«ជនសង្ស័យ»ម្នាក់ បានក្លាយជាជន«ជាប់ចោទ» ក្នុងបទសម្លាប់មនុស្សច្រកបាវ ក្រោយពីសមត្ថកិច្ចវាយដំ បង្ខំ​ឲ្យ​ឆ្លើយ​សារភាព ទៅតាមអ្វីដែលក្រុម សមត្ថកិច្ចទាំងនោះចង់បាន។ នេះជាការបញ្ជាក់ របស់ជនត្រូវចោទនោះ ដែល​បាន​ទម្លាយ​អាថ៌កំបាំង​នេះ ប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី៩ មិថុនា ២០១៥
  • កែប្រែចុងក្រោយ: June 10, 2015
  • ប្រធានបទ: ឧក្រិដ្ឋកម្ម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នេះជាករណីមួយទៀត ដែល«អាច»ឆ្លុះបញ្ចាំង ពីសមត្ថភាព ក្នុងការបំបែករឿងក្ដី ឬសំនុំរឿងឧក្រិដ្ឋកម្មណាមួយ របស់ក្រុមសមត្ថកិច្ចកម្ពុជា ហើយ«ក៏អាច»បានឆ្លុះបញ្ចាំងដែរថា យ៉ាងហោចណាស់ ប្រសិនបើជនត្រូវចោទ ជា​ឧក្រិដ្ឋជនពិត ឬជាឧក្រិដ្ឋជនសិប្បនិមិត្តក្ដី ក៏ការវាយតប់ យកចម្លើយសារភាព ទៅលើជនត្រូវចោទ ដោយមន្ត្រី​សមត្ថកិច្ចណាមួយនោះ ជាទង្វើ«ខុសច្បាប់»។ ក្នុងលិខិតមួយ សរសេរដោយផ្ទាល់ដៃ របស់ជនរងគ្រោះ លោក សោម គឹមស៊ាន ពីពន្ធនាគារព្រៃសរ បានផ្ញើរមកទស្សនាវដ្តីមនោរម្យ.អាំងហ្វូ តាមរយៈភរិយារបស់លោក (ជន​សង្ស័យ) ក្នុងថ្ងៃទី៧ ខែមិថុនានេះ បានរៀបរាប់ថា រាល់ចម្លើយសារភាពទាំងឡាយណា ដែលខ្លួននិយាយនៅ​ចំពោះ​មុខសមត្ថកិច្ច ក្រោមការវាយដុំនោះ ខ្លួនបានបដិសេធ នៅចំពោះមុខតុលាការហើយ។

ក្នុងលិខិត ចុះថ្ងៃទី១ ខែមិថុនា របស់លោកបានសរសេរថា ចម្លើយដែលខ្លួនលោក បានឆ្លើយនៅមុខសមត្ថកិច្ច ត្រូវបានលោកបដិសេធ នៅចំពោះមុខតុលាការ ដោយបានអះអាងថា ចម្លើយដែលផ្តល់ នៅ​មុខ​សមត្ថកិច្ចនា​ពេល​នោះ ជាការបង្ខំចិត្តឆ្លើយ ដើម្បីគេចវេសពីការវាយដុំប៉ុណ្ណោះ ព្រោះសមត្ថកិច្ច បានប្រើ​ប្រាស់​នូវ​ថង់ខ្មៅ គ្រប និងវាយ រហូតដល់ជនត្រូវចោទ បានទទួលស្គាល់ តាមអ្វីដែលពួកសមត្ថកិច្ចទាំងនោះ បាន​គិតទុកជាមុន (ដំណើរការនៃអង្គហេតុ)។

«ប្រើថង់ខ្មៅ គ្រប និងវាយយកចម្លើយ»

ចំពោះករណីពាក់ព័ន្ធ និងការយកចម្លើយ ទៅលើជនត្រូវចោទ (ទោះជននោះជាឧក្រិដ្ឋជនពិត ឬមិនពិតក្ដី) ដោយ​ការវាយដុំ ពីសំណាក់សមត្ថកិច្ច ថ្នាក់ណាក៏ដោយ ត្រូវចាត់ទុក ជាទង្វើ«ខុសច្បាប់» និង«រំលោភសិទ្ធិ​មនុស្ស» ដែល​មានចែង នៅក្នុងមាត្រា៣៨ នៃរដ្ឋធម្មនុញ្ញ។ មាត្រានោះ បានចែងថា៖ «ការបង្ខិតបង្ខំ ការធ្វើបាប​លើរូបរាង​កាយ ឬប្រព្រឹត្តិកម្មណាមួយ ដែលបន្ថែមទម្ងន់ ទណ្ឌកម្ម អនុវត្តចំពោះជនជាប់ឃុំឃាំង ឬជាប់​ពន្ធនាគារ ត្រូវហាម​ឃាត់​មិន​ឲ្យធ្វើឡើយ។ អ្នកដៃដល់ អ្នករួមប្រព្រឹត្ត និងអ្នកសមគំនិត ត្រូវទទួលទោស​តាម​ច្បាប់។ ការទទួល​សារភាព ដែលកើតឡើង ពីការបង្ខិតបង្ខំ តាមផ្លូវកាយក្ដី តាមផ្លូវចិត្តក្ដី មិនត្រូវទុកជាភស្តុតាង នៃ​​ពិរុទ្ធភាព​​ទេ។ »

ក្នុងកិច្ចសម្ភាសបន្ថែម ជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ លោក សោម គឹមស៊ាន បានរៀបរាប់ថា ការពិត រូប​លោកជាជនរងគ្រោះម្នាក់ ដែលរងការចោទប្រកាន់ ដោយក្រុមសមត្ថកិច្ចទាំងនោះ ដោយគ្មានភស្តុតាង​ច្បាស់​លាស់ ហើយបានសួរចម្លើយ ដោយបំពានច្បាប់ និងមិនអនុញ្ញាត ឲ្យមានមេធាវីការពារ និងបាន«ឃុំខ្លួន»​ជា​ច្រើន​​ថ្ងៃ ដោយមិនអនុញ្ញាតឲ្យទាក់ទង ឬផ្តល់ព័ត៌មាន ឲ្យសាច់ញាតិបានដឹងឡើយ។ លោកបានអះអាងថា ការ​ចាប់​​ខ្លួន​នោះ មិនមែនជាបទល្មើសជាក់ស្តែង «គ្មាន»ដីកាចាប់ខ្លួន ឬនាំខ្លួន ដែលចេញដោយតុលាការនោះទេ។

លោក សោម គឹមស៊ាន បានបន្ថែមថា លោកមិនមែនជាជនល្មើស ក្នុងករណីសម្លាប់មនុស្សច្រកស្បោង ដូចការ​ចោទប្រកាន់របស់សមត្ថកិច្ចឡើយ។ ផ្ទុយមកវិញ លោកគ្រាន់តែដើរជាន់ដានគេ ក្នុងករណីណែនាំ និងនាំជន​ល្មើស​ពិតប្រាកដ (ខ្លួនមិនដឹងថា ជននោះបានសម្លាប់មនុស្ស) ទៅកាន់កន្លែង បញ្ចាំរថយន្ត ដែលខ្លួន​ស្គាល់​ប៉ុណ្ណោះ។ ការនាំទៅនេះ ក៏ព្រោះតែគេនិយាយថា នឹងឲ្យ «កំមុយស្យុង (Commission)»។

ការចោទប្រកាន់ និងការបដិសេធចម្លើយ របស់ជនសង្ស័យ នៅចំពោះមុខសមត្ថកិច្ច ក្នុងដំណាក់កាលនៅ​មុខ​តុលាការនេះ ទស្សនាវដ្តី នៅមិនទាន់ស្វែងរកចម្លើយបញ្ជាក់ ពីសមត្ងកិច្ចជំនាញ បាននៅឡើយ។ ប៉ុន្តែ បើ​តាម​ប្រភពព័ត៌មាន ដែលផ្សាយដោយសារព័ត៌មានកោះសន្តិភាព បានលើកឡើងថា៖ «កំលាំងសមត្ថកិច្ច កង​រាជ​អាវុធ​ហត្ថ រាជធានីភ្នំពេញ ឃាត់ខ្លួនពីកាស៊ីណូមួយ ក្នុងរាជានីភ្នំពេញ កាលពីថ្ងៃទី២៦ ឧសភា ដែល​មាន​ឈ្មោះ សោម គឹមស៊ាន ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរជំនួយការមេធាវីអង្គការមួយ ក៏ជាក្រុមជនសង្ស័យ ពាក់​ព័ន្ធ​ករណី​សម្លាប់ប្លន់ យករថយន្តនោះដែរ។»

ប្រភព ពីសារព័ត៌មានដដែលនេះ បានសរសេរទៀតថា ជនសង្ស័យឈ្មោះ សោម គឹមស៊ាន ជាមនុស្សម្នាក់ជាប់​ជាជន​សង្ស័យ ដែលអ្វីៗរូបគេបានសារភាព មិនមែនគ្រាន់តែជាអ្នកស្គាល់ ឬនាំក្រុមចោរជួយរកម៉ូយ បញ្ចាំ​រថយន្ត​​ជនរងគ្រោះនៅកាស៊ីណូ ក្នុងរាជធានីភ្នំពេញនោះទេ ។ សារព័ត៌មានសរសេរថា៖ «ជនសង្ស័យឈ្មោះ សោម គឹមស៊ាន បានសារភាពអស់ហើយ គ្រាន់តែសមត្ថកិច្ច មិនទាន់ទំលាយព័ត៌មាននោះ ជាផ្លូវការ ព្រោះនៅ​តាម​ស្វែង​រកចាប់បក្សពួកបន្ត។»

សូមរំលឹកថាកាលពីព្រឹកថ្ងៃទី២៣ ខែឧសភា ២០១៥ គេបានប្រទះឃើញសាកសពបុរសម្នាក់ ត្រូវបាន​ឃាតករ​សម្លាប់ ដោយច្រកស្បោងយកទៅទម្លាក់ចោល នៅមាត់ប្រឡាយទឹកមួយ តាមបណ្តោយផ្លូវលេខ៣៧១ ស្ថិត​ក្នុង​ភូមិអូរបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ សូមអានព័ត៌មានទាំងនេះលំអិត ដោយ​ចុចនៅលើទីនេះ និង​នៅ​ទីនេះ

កាលពីថ្ងៃសៅរ៍ទី៣០ និងថ្ងៃអាទិត្យទី៣១ ខែឧសភា ជនសង្ស័យខាងលើ ត្រូវបានបញ្ជូនខ្លួនមក​តុលាការ​រាជធានី​​ភ្នំពេញ ដើម្បីដាក់ឲ្យស្ថិតក្រោម ការចោទប្រកាន់ដោយព្រះរាជអាជ្ញា។ បន្ទាប់មក ជននេះត្រូវ​បានបញ្ជូន​ខ្លួន ទៅ​កាន់​ពន្ធនាគារព្រៃសរ ក្នុងថ្ងៃដដែល។

ជនសង្ស័យ នៅតែជាមនុស្សគ្មានទោស

យោងតាមមាត្រា៣៨ នៃរដ្ឋធម្មនុញ្ញ បានធានា និងរ៉ាប់រង មិនឲ្យមានការរំលោភបំពាន លើរូបរាង​កាយបុគ្គល​ណា​មួយឡើយ ព្រមទាំងបានការពារ ជីវិត កិត្តិយស និង សេចក្ដីថ្លៃថ្នូរ របស់ប្រជាពលរដ្ឋទូទៅ។ ច្បាប់កំពូល​មួយនេះ បានបញ្ជាក់យ៉ាងច្បាស់ថា រាល់ការការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួន ឬការឃុំខ្លួនជន​ណា​​មួយ នឹងអាចធ្វើទៅកើត លុះត្រាតែអនុវត្តត្រឹមត្រូវតាមបញ្ញត្តិច្បាប់។ ចំណុចពិសេសរបស់ច្បាប់នេះ ក្នុង​ការ​​ការពារ​​​នូវ​សិទ្ធិបុគ្គលយ៉ាងដូច្នេះថា៖ «វិមតិសង្ស័យ ត្រូវបានជាប្រយោជន៍ដល់ជនជាប់ចោទ។ ជន​ជាប់​ចោទ​ណា​​ក៏​​​ដោយ ត្រូវទុកជាមនុស្សឥតទោស ដរាបណា តុលាការមិនទាន់កាត់ទោស ជាស្ថាពរ។ ជន​គ្រប់​រូប មាន​សិទ្ធិ​​ការពារ​​​ខ្លួន តាម​ផ្លូវ​តុលាការ។»៕

សូមអានលំអិត នូវលិខិតជនសង្ស័យ ដូចខាងក្រោម៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...