Global Witness ​រំលឹក​ពី​«ភារកិច្ច»​រដ្ឋាភិបាល​ប្រាប់ ហ៊ុន សែន

អង្គការឃ្លាំមើលពិភពលោក ហៅជាភាសាអង់គ្លេស «Global Witness» បានចេញលិខិតចំហរមួយ ផ្ញើរជូន​ទៅ​លោក ហ៊ុន សែន ដើម្បីរំលឹកប្រមុខរដ្ឋាភិបាលកម្ពុជារូបនេះ ពីភារកិច្ចរបស់រដ្ឋាភិបាល ក្នុងការការពារសិទ្ធិ និង​​សន្តិសុខ​​របស់​​ប្រជា​​ពលរដ្ឋ​​ខ្លួន​ រួម​ទាំង​អ្នក​រិះគន់​ផង។ នេះជាលិខិតថ្មីមួយទៀត ដែលត្រូវបាន​អង្គការ​មួយ​នេះ ចេញ​ផ្សាយ​ជា​បន្តបន្ទាប់ នៅ​ក្រោយ​ឃាតកម្ម​យ៉ាង​សាហាវ លើ​លោក កែម ឡី បន្ទាប់ពីអ្នក​ស្រាវជ្រាវ​ផ្នែក​សង្គម​រូប​នេះ បាន​ចូលរួម​ធ្វើ​អត្ថាធិប្បាយ ទៅលើរបាយការណ៍​​មួយ មាន​ចំណង​ជើង​ថា «ការ​គ្រប់​គ្រង​ដ៏​អរិភាព» ដែល​អង្គការ​នេះ​បាន​ចេញ​ផ្សាយ កាល​ពីខែ​មុន។
Global Witness ​រំលឹក​ពី​«ភារកិច្ច»​រដ្ឋាភិបាល​ប្រាប់ ហ៊ុន សែន
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ (រូបថតសហការី)
Loading...
  • ដោយ: ដារា រិទ្ធ អត្ថបទ និងយកការណ៍៖ ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី០៤ សីហា ២០១៦
  • កែប្រែចុងក្រោយ: August 05, 2016
  • ប្រធានបទ: ឧក្រិដ្ឋកម្ម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លិខិតចំហរមួយ ដែលចេញផ្សាយ​នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៦ និងចុះហត្ថាលេខា​ដោយសហស្ថាបនិក​ និង​​ជា​នាយក​អង្គការ​​ឃ្លាំមើលពិភពលោក ហៅជាភាសាអង់គ្លេស ​«Global Witness» លោក ភែទ្រីក អែលី (Patrick Alley) បានសរសេរទៅកាន់លោក ហ៊ុន សែន ដោយរំលឹកប្រាប់លោកថា រដ្ឋាភិបាលកម្ពុជា ត្រូវ​ការពារ​អ្នកជិតដិត ​និង​អ្នករួម​ការ​ងារ​របស់​លោក ​កែម ឡី​ ដែលអង្គការនេះជឿជាក់ថា កំពុងរង​ការ​គំរាម​កំហែង​​ និង​​បំភិត​បំភ័យ បន្ទាប់ឃាតកម្មបាញ់សម្លាប់លោក កែម ឡី កណ្ដាលរាជធានីភ្នំពេញ តាំង​ពីជិត​មួយ​ខែ​កន្លង​ទៅ​ហើយ។

លោក ភែទ្រីក អែឡី បានសរសេរបន្ត នៅក្នុងលិខិតនោះថា៖ «វាជាភារកិច្ច របស់រដ្ឋាភិបាល​ក្នុងរបប​ប្រជាធិប​តេយ្យ ដែលត្រូវការពារសិទ្ធិ និង​សន្តិសុខ​របស់​ប្រជា​ពលរដ្ឋ​ខ្លួន​ រួមទាំង​អ្នក​រិះគន់​។ ​ដោយហេតុថា កម្ពុជា​​​ជា​​ប្រទេសហត្ថលេខី ​លើ​សន្ធិសញ្ញា​សិទ្ធិ​មនុស្ស​ជាច្រើន​ រួម​ទាំង​កិច្ច​ព្រម​ព្រៀង​អន្តរជាតិ ​ស្តីពី​សិទ្ធិ​ជន​​ស៊ីវិល​ និង​សិទ្ធិ​នយោបាយ​ផង​នោះ​ ​យើង​ខ្ញុំ​សូម​អំពាវនាវ​ ទៅកាន់​រដ្ឋា​ភិបាល​របស់លោក ឲ្យ​ធ្វើការ​ធានា​លើ​សុវត្ថិភាព ​របស់​​បុគ្គល​​ទាំង​នេះ ​និង​អ្នក​ដែល​គាំទ្រ​ពួកគេ ​ព្រមទាំង​គោរព​សិទ្ធិ​សេរីភាព ​ក្នុង​ការ​បញ្ចេញ​មតិ​របស់​ពួក​គេ។»។​

​កាលពីខែមុន អង្គការឃ្លាំមើលពិភពលោកមួយនេះ បានចេញរបាយការណ៍ដ៏ចម្រូងចម្រាស់មួយ មានចំណង​ជើងថា «ការគ្រប់គ្រងដ៏អរិភាព» ទាក់ទងនឹង «ចក្រភពជំនួញ នៃមហាផៅសន្ដានត្រកូល ហ៊ុន» ដែល​លើក​គាស់​កកាយ​យ៉ាងលំអិត និយាយពី កូនៗ បងប្អូន (បង្កើត និងជីដូនមួយ) ក្មួយៗ ទាំងស្រីទាំងប្រុស របស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាបានកំពុងរកស៊ីមានបាន នៅពីលើ​ក្រុមហ៊ុន​-សហគ្រាសឯកជន ចំនួន​១១៤ នៅ​លើ​ផ្ទៃប្រទេស។ ពួកគេទាំងនោះ បានគ្រប់គ្រងក្រុមហ៊ុន ដែល​ធ្វើការ​បណ្ដាក់ទុន ទៅលើវិស័យ​ដ៏​សំខាន់ៗ ដែលល្បីល្បាញថា ជាវិស័យដែលមានពោរពេញ ដោយ​អំពើ​ពុក​រលួយ នៅកម្ពុជា។

ក្រោយការចេញរបាយការណ៍នោះបីថ្ងៃ លោក កែម ឡី អ្នកស្រាវជ្រាវផ្នែកសង្គមដ៏ល្បីឈ្មោះ ត្រូវបានជន​ប្រដាប់​អាវុធបាញ់សម្លាប់យ៉ាងសាហាវ កណ្ដាលរាជធានីភ្នំពេញ។ អង្គការ «Global Witness» បានចាត់ទុក​ឃាតកម្ម​​លើ​​លោក ​កែម ឡី ថា​ជា​ព្រឹត្តិ​ការណ៍​ថ្មី​បំផុត​ នៃ​បណ្តា​អំពើ​ហិង្សា​នានា​ និង​អំពើ​ប្រឆាំង​នឹង​សមាជិក​គណបក្ស​ប្រឆាំង​ សកម្មជន និង​អ្នក​សារ​ព័ត៌មាន។​ ហេតុការណ៍នៃការបាញ់សម្លាប់នេះ បានកើតឡើង​បន្ទាប់​ពី​លោក កែម ឡី បានចូលរួមធ្វើអត្ថាធិប្បាយ នៅតាមប្រព័ន្ធផ្សព្វផ្សាយ វិភាគពីរបាយការណ៍ខាងលើ និងបាន​និយាយ​ថា របាយការណ៍នេះ ដូចជាបានជួយរដ្ឋាភិបាលកម្ពុជាទៅវិញទេ ប្រសិនជារដ្ឋាភិបាល មានបំណង​ចង់​បំបាត់​អំពើពុករលួយ។​

នៅប៉ុន្មានថ្ងៃក្រោយការបាញ់សម្លាប់នោះ អ្នកជិតដិតពីររូប​របស់លោក កែម ឡី ដែលមានឈ្មោះ ជុំ ហួរ​ និង​ ជុំ ហួត និងដែលអះអាងថា ខ្លួនបានឃើញមុខឃាតករ​បាញ់សម្លាប់​លោក កែម ឡី នោះ បានធ្វើដំណើរ​ចាក​ចេញ​ទៅ​ប្រទេស​ថៃ និងបន្ទាប់មក ទទួលទទួលបានសិទ្ធិ ជាជនភៀសខ្លួនផ្នែកនយោបាយមួយ ពី​ការិយាល័យ​​អង្គការសហប្រជាជាតិ ប្រចាំនៅរាជធានីបាងកក។ អង្គការ «​Global Witness​»​ បានហៅការ​ចាក​ចេញ របស់​អ្នក​ទាំងពីរ ថាបានធ្វើឡើង​ដើម្បីការពារ​ជីវិត​ ឲ្យរួចផុតគ្រោះភ័យ។​

ប៉ុន្តែការលើកឡើង នៅក្នុងលិខិត​របស់​អង្គការឃ្លាំមើលពិភពលោកខាងលើ ត្រូវបានលោក សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ច្រានចោល និងបញ្ជាក់ថា រដ្ឋាភិបាលកំពុងធ្វើការស៊ើបអង្កេត លើសំនុំ​រឿង​នេះ។ ​លោក​ សុខ ឥសាន​ បានឲ្យដឹង តាមរយៈវិទ្យុសម្លេងសហរដ្ឋអាេរមិក (VOA) ថា៖ ​«រដ្ឋាភិបាល ​ក៏​​ដូច​ជា​ក្រសួង​មាន​សមត្ថកិច្ច​ និង​តុលាការ​កំពុង​ដំណើរ​ការ​ស៊ើប​អង្កេត​រឿង​នេះ​ ដើម្បី​ឲ្យ​ឆាប់​ចប់​ ដើម្បី​បិទ​​សំណុំ​​រឿង​នេះ។​ ក៏​ប៉ុន្តែ​បច្ចុប្បន្ន​នេះ​ កំពុង​ដំណើរ​ការ។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...