ខណៈ ហ៊ុន សែន បង្ខំឲ្យស្បថ, សម រង្ស៊ី បង្ហោះរូបភាពហែលទឹក
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី០៨ សីហា ២០១៨
- កែប្រែចុងក្រោយ: August 08, 2018
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«ស្បថឲ្យងាប់តៃហោង» ជាការបបួលលោក សម រង្ស៊ី ចូលរួមស្បថជាមួយលោក ពីសំណាក់លោក ហ៊ុន សែន នៅក្នុងការថ្លែងមួយរបស់លោក កាលពីថ្ងៃចន្ទ ក្នុងវិមានសន្តិភាព (រាជធានីភ្នំពេញ) ទៅកាន់ក្រុម អត្ដពលិក និងកីឡាករ កីឡាការិនី គ្រូបង្វឹក និងប្រតិភូកីឡាជាង៧០នាក់ មុនពេលពួកគេចេញទៅប្រកួត កីឡាប្រចាំទ្វីបអាស៊ី (Asian Games) លើកទី១៨ នៅឯប្រទេសឥណ្ឌូនេស៊ី។
ប៉ុន្តែការបបួលឲ្យស្បថ បានប្រែក្លាយជាការបង្ខំ បន្ទាប់ពីលោក សម រង្ស៊ី ឆ្លើយតបមកវិញ ថាការស្បថ ជាជាវិធីឃ្លាតឆ្ងាយពីវិទ្យាសាស្ត្រ និងបច្ចេកទេសជាក់ស្តែង ហើយបានប្រាប់លោក ហ៊ុន សែន ឲ្យមានគំនិតជឿនលឿនបន្តិចទៅ។ លោក ហ៊ុន សែន បានបង្ខំលោក សម រង្ស៊ី ឲ្យត្រូវតែទទួលសម្បថ ដើម្បីប្រតិកម្មនឹងចម្លើយតបនោះ ដោយអះអាងថា លោកបាន «លេងបែបវិទ្យាសាស្រ្តនេះ ជាមួយគ្នាអស់ជាង២០ឆ្នាំ មកហើយ»។
លោក ហ៊ុន សែន បានថ្លែងបង្ខំលោក សម រង្ស៊ី ឲ្យស្បថ នៅក្នុងបទសម្ភាសមួយ ទៅឲ្យប្រព័ន្ធឃោសនារបស់លោក ដូច្នេះថា៖ «ឥឡូវយើងងាក មកលេងបែបផ្លូវងងឹតវិញម្តង។ បើទោះបីអ្នកឯង មិនហ៊ានស្បថ ក៏សម្បថនេះ ធ្លាក់ទៅលើអ្នកឯងដែរ ព្រោះខ្ញុំបានស្បថរួចហើយ ហើយសូមវត្ថុស័ក្តិសិទ្ធលើលោក ជួយនាំនូវពាក្យសម្បថរបស់ខ្ញុំ ទៅកាន់អ្នកឯងផង។»។
តែបន្ទាប់ពីការបង្ខំ របស់លោក ហ៊ុន សែន ដែលធ្វើឡើង តាមរយៈប្រព័ន្ធផ្សព្វផ្សាយនោះរួច លោក សម រង្ស៊ី ដូចជាមិនបានចាប់អារម្មណ៍អ្វីបន្ថែមទៀតទេ។ នៅលើបណ្ដាញសង្គម គេបែរជាឃើញមេដឹកនាំប្រឆាំង បង្ហោះរូបភាពលោកហែលទឹក នៅក្នុងថ្ងៃសម្រាកវិសមកាលនោះទៅវិញ។ លោកបានសរសេរសារមួយខ្លី អះអាងថា៖ «កីឡាហែលទឹក ពេលវិស្សមកាល នៅតំបន់ Provence ប្រទេសបារាំង»។
ផ្ទុយទៅវិញ ការបង្ហោះរូបភាពធ្វើកីឡា របស់ប្រធានចលនាសង្គ្រោះជាតិ បានបង្កភាពរីករាយក្អាកក្អាយ សម្រាប់ក្រុមអ្នកគាំទ្រលោក នៅក្នុងបណ្ដាញសង្គមយ៉ាងសម្បើមដៃ។
លោក សុភ័ណ្ឌ ឡារី ដែលធ្លាប់ជាតារាសម្ដែង និងជាកូនធម៌លោក សម រង្ស៊ី បានសរសេរមុនគេ សរសើរឪពុកធម៌ខ្លួន ថាជា«កីឡាករខ្លាំងពិត» និងចំអកឲ្យលោក ហ៊ុន សែន ថាជា«កីឡាករដ៏កំសាក»។ លោក ឡារី សរសេរថា៖ «កីឡាករខ្លាំងពិត ដែលតែងតែប្រកួតដោយភាពស្មោះត្រង់ ដូចលោកប្រធាននឹងហើយ! ទើបធ្វើឲ្យកីឡាករដ៏កំសាកម្ខាងទៀត អន់មិនហ៊ានប្រកួត ដោយភាពត្រឹមត្រូវនោះទេ កីឡាករបែបនេះចូលចិត្តប្រកួត បែបទុច្ចរិតអាក្រក់ព្រៃផ្សៃ»។
អ្នកគាំទ្រខ្លះទៀត សរសើរលោក សម រង្ស៊ី មិនដាច់ពីមាត់ ពីការហែលទឹក ដែលមានលក្ខណៈជាអ្នកអាជីព និងជាពិសេស សរសើរពីភាពស្វាហាប់ កម្លាំងកាយមាំមួន ដូចនៅ«វ័យ៣៥ឆ្នាំ» ដែលខុសស្រឡះពីលោក ហ៊ុន សែន ដែលចេះតែបបួលគេឯង ឲ្យ«ស្បថងាប់តៃហោង»ជាមួយខ្លួន។ អ្នកគាំទ្រពីរ-បីនាក់ ថែមទាំងសរសេរចំអកប្រហាក់ប្រហែលគ្នា ដូច្នេះទៀតថា៖ «ប្រយ័ត្តអាពោតស្ងោរ Copy ធ្វើតាម»៕