កែម ឡី៖ កុំ«តម្លើងផ្កាយ» ដើម្បីលើកទឹកចិត្តនៃការប្រើហិង្សា
- ដោយ: អ៊ុម វ៉ារី ([email protected]) - ភ្នំពេញថ្ងៃទី៦ កុម្ភៈ ២០១៤
- កែប្រែចុងក្រោយ: February 07, 2014
- ប្រធានបទ: នយោបាយកម្ពុជា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អ្នកស្រាវជ្រាវផ្នែកសង្គម និងនយោបាយ លោកបណ្ឌិត កែម ឡី ក្នុងកិច្ចសម្ភាស ជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នាថ្ងៃទី៦ ខែកុម្ភៈនេះ បានបង្ហាញនូវការសោកស្តាយ ចំពោះបទពិសោធកន្លងមក របស់កម្ពុជា នៃអតិផរណា«សក្តិ» ឬ«ផ្កាយ»។ លោកបានធ្វើការរម្លឹកថា រដ្ឋាភិបាលបានធ្វើការតម្លើងផ្កាយ និងសក្តិច្រើនពេក ហើយក៏បានធ្វើការបញ្ចុះ នូវសក្តិទាំងនោះមកវិញ។ លោកបានផ្តល់ជាឧទាហរណ៍ថា អ្នកធ្លាប់ពាក់ផ្កាយមួយ មកពាក់សក្តិបួន ឯអ្នកធ្លាប់ពាក់ផ្កាយបីមក មកពាក់ផ្កាយមួយជាដើម។ ករណីនេះលោកបានគូសបញ្ជាក់ថា ជារូបភាពមួយមិនល្អ ហើយរដ្ឋាភិបាលគួតែធ្វើការប្រុងប្រយ័ត្ន ពិសេសអ្នកដែលត្រូវតម្លើងដល់ផ្កាយបី ឬផ្កាយបួន ដែលចាំបាច់គោរពតាមគោលការណ៍ប្រាំយ៉ាងក្នុងការតម្លើងនេះ។
អ្នកវិភាគរូបនេះ បានធ្វើការពន្យល់នូវគោលការណ៍ប្រាំយ៉ាង នៃការតម្លើងទាំងនោះថា ទីមួយត្រូវមានជំនាញពិតប្រាកដ ទីពីរត្រូវមានបទពិសោធខ្ពស់ ទីបីត្រូវមានការរៀនសូត្រពីផ្នែកយោធា ឲ្យបានច្បាស់លាស់ ទីបួនត្រូវមានសីលធម៌ល្អ ក្នុងការប្រតិបត្តិការងារ និងទីប្រាំត្រូវមានស្នាដៃ ក្នុងការរក្សាសន្តិភាព សន្តិសុខសង្គម និងការកសាងសមត្ថភាពដោយខ្លួនឯង។ ជាមួយគ្នានេះ លោកក៏ស្នើសុំឲ្យជៀសវាង នូងការលក់ដូរ ក្នុងការតម្លើងឋានៈនេះ ដែលជាមុខរបរ សម្រាប់រកផលចំណេញ និងជៀសវាងនូវបក្សពួកនិយម ធ្វើយ៉ាងណាឲ្យមាន«សុច្ចរិតភាព»សង្គម។
ការតម្លើងឋានន្តរសក្តិ ដល់នាយទាហានជាន់ខ្ពស់ទាំងនេះ បន្ទាប់ពីរដ្ឋាភិបាល បានបញ្ជាកងកម្លាំងប្រដាប់អាវុធ ឬទាហានបង្ក្រាបលើក្រុមកម្មករ ដែលទាមទារតម្លើងប្រាក់ខែ នាពេលកន្លងមក។ ការបង្ក្រាបដូចជានៅតាមផ្លូវលេខ៤ ផ្លូវវ៉េងស្រេង នៅទីលានប្រជាធិបតេយ្យ និងនៅមុខក្រសួងព័ត៌មានជាដើម។ ទាំងនេះអ្នកវិភាគ កែម ឡី លោកបានបញ្ជាក់ ទៅតាមស្ថានភាពចុងក្រោយនេះថា រដ្ឋាភិបាល ឬអ្នកមានសមត្ថកិច្ចទាំងនោះ លែងប្រើប្រាស់នូវ«ច្បាប់»ទម្លាប់ទៅហើយ ដោយជំនួនមកវិញ នូវការប្រើប្រាស់អារម្មណ៍ ការប្រើប្រាស់កំហឹង ប្រើប្រាស់ការផ្ចាញ់ផ្ចាល ឬការឌឺដង ទៅជាការគ្រប់គ្រងប្រទេសទៅវិញ។
លោកបញ្ជាក់ដូច្នេះថា «គ្មានច្បាប់ ក៏ដូចមាត្រាណាមួយ ដែលចង្ហុលបង្ហាញ ឲ្យកងកម្លាំងប្រដាប់អាវុធទាំងនោះ ប្រើដំបងវាយលើបាតុករ ប្រើកាំភ្លើងបាញ់គេបាញ់ឯងយ៉ាងដូច្នេះទេ ដែលនេះមិនមែន ជាទង្វើសមស្របឡើយ។ (…) ប្រទេសណាក៏ដូចប្រទេសណា រដ្ឋាភិបាលមានសិទ្ធិ ក្នុងការគ្រប់គ្រង នៅពេលស្ថានភាពប្រទេសជាតិ មានអសន្តិសុខ អសុវត្ថិភាព គ្មានសណ្តាប់ធ្នាប់។ តែសិទ្ធិហ្នឹង ត្រូវបានប្រើប្រាស់ ដោយមានច្បាប់ចែងត្រឹមត្រូវ និងក្នុងរយៈពេលមួយខ្លី ដូចជាមួយថ្ងៃ ឬពីថ្ងៃប៉ុណ្ណោះ។ (វា) មិនមែនជារៀងរហូតនោះទេ ដែលអាចប៉ះពាល់ ជាមួយនិងច្បាប់ ក្រិត្យ ព្រះរាជក្រិត្យ ឬព្រះរាជក្រម ពិសេសការប្រទាំងប្រទើស ជាមួយនឹងការបង្ខំ ឲ្យមានការអនុវត្តកិច្ចព្រមព្រៀង អនុសញ្ញា សន្ធិសញ្ញា ឬកតិការសញ្ញាទៅវិញ។»៕