«សារនិងសំដីអ្នកនយោបាយខ្មែរ នៅមិនទាន់មានភាពចាស់ទុំ»
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី១២ វិច្ឆិកា ២០១៥
- កែប្រែចុងក្រោយ: November 16, 2015
- ប្រធានបទ: វិភាគនយោបាយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការគិតតែ ពីការចង់ឈ្នះ ចង់ចាញ់ រៀងៗខ្លួន របស់អ្នកនយោបាយខ្មែរ គឺជាការមិនទទួលខុសត្រូវ ក្នុងនាមជាថ្នាក់ដឹកនាំ និងជាអ្នកនយោបាយ។ ហើយអ្នកនយោបាយ និងថ្នាក់ដឹកនាំ ដែលខ្វះការទទួលខុសត្រូវ ក្នុងពេលនេះ មិនមាននរណាផ្សេង ក្រៅពីដៃគូជម្លោះធំៗ ដែលកំពុងថ្លែងសារ ដាក់គ្នាទៅវិញទៅមក មិនស្រាកស្រាន្ដ នោះឡើយ។
ប្រធាមមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្ដិភាពលោក យ៉ង់ គឹមអេង បានសម្ដែងក្ដីទោមនស្ស និងធ្វើការរិះគន់យ៉ាងជូរចត់ នៅចំពោះស្ថានការណ៍នយោបាយសព្វថ្ងៃ ដែលហាក់ដូចជាវិលត្រឡប់ ទៅរកសម័យកាល មុនការបោះឆ្នោត ឆ្នាំ២០១៣ ជាថ្មីឡើងវិញ ហើយអ្នកនយោបាយទាំងនេះ មិនបានស្រង់បទពិសោធន៍ និងស្វែងរកភាពចាស់ទុំ មកដាក់ក្នុងខ្លួនឡើយ។
ក្នុងកិច្ចសម្ភាស ជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ លោក គឹមអេង បានពន្យល់ថា ភាពមិនចាស់ទុំនេះហើយ ដែលធ្វើឲ្យមេដឹកនាំនយោបាយ លោក ហ៊ុន សែន និងលោក សម រង្ស៊ី មិនអាចអង្គុយជជែកគ្នា ដើម្បីបញ្ចប់បញ្ហា ឬដោះស្រាយបញ្ហា ដែលកើតមាន ទាំងស្រុងនោះបាន។ មន្រ្តីសង្គមស៊ីវិលរូបនេះ បានបង្ហាញនូវការគាំទ្រ ចំពោះគោលនយោបាយ នៃគណបក្សទាំងពីរ (បក្សប្រជាជន និងបក្សសង្គ្រោះជាតិ) ដែលស្របគ្នា ឬដូចគ្នាមួយចំនួនធំ ដើម្បីឈានទៅបង្កើតបាន នូវ«វប្បធម៌សន្ទនា»រូមមួយ។
លោកបានបន្តថា «វប្បធម៌សន្ទនា» នេះមិនបានបង្ហាញ ពីភាពស្មើមុខគ្នានៃមេបក្សទាំងពីរ ជាក្រុមគ្រួសារខ្មែរតែមួយឡើយ។ តាមរយៈការចងផ្នត់គំនិតអ្នកនយោបាយ នៅកម្ពុជាពីជំនាក់មួយទៅជំនាន់មួយ ពីការចង់ឈ្នះ និងចង់មានប្រៀប លើគ្នានេះ បានអូសបន្លាយ មកដល់អ្នកនយោបាយ នៅសម័យនេះ ដែលមិនអាចមើលមុខគ្នាចំ ឬនិយាយត្រូវគ្នា បានយូរនោះ។ លោក គឹមអេង បានថ្លែងឲ្យដឹងថា៖ «ចង់ធ្វើម៉េច ឲ្យតែបានប្រៀបជាងគ្នា យកប្រៀបលើគ្នា។ (...) អញ្ចឹងហើយ អ្នកណាមួយរាងទន់ ភ័យខ្លាចគេថាអន់។ (...) បរិបទសង្គម បានចងរិតផ្នត់គំនិត អ្នកនយោបាយពីមួយជំនាន់ ទៅមួយជំនាន់។»
កម្ដៅនយោបាយកម្ពុជា បានឈានដល់កម្រិតកំពូល បន្ទាប់ពីមានការថ្លែងសារដាក់គ្នា ទៅវិញទៅមក ក្នុងរយៈពេលចុងក្រោយនេះ រវាងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជន និងលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ។ ប្រធានគណបក្សទាំងពីរ បានបង្ហាញនូវឥរិយាបទខ្លាំង និងយកត្រូវ តែរៀងខ្លួន។
លោក យ៉ង់ គឹមអេង បានលើកឡើងថា អ្វីដែលសំខាន់ សម្រាប់ការដោះស្រាយនោះ ត្រូវមើលលើតួនាទី របស់គណបក្សកាន់អំណាច និងតួនាទីរបស់គណបក្សប្រឆាំង។ តើការលើកឡើង របស់គណបក្សនីមួយៗ មានតឹកតាង អំណះអំណាង និងភស្តុតាងច្បាស់លាស់ឬទេ? លោកថា បើពិតជាមានមែន នោះតោងគណបក្សទាំងពីរជជែកគ្នា ដោយបង្ហាញពីភាពរិះរកមធ្យោបាយ ក្នុងការកែលំអររួមគ្នា ជាការប្រសើរ។
មន្រ្តីសង្គមស៊ីវិលរូបនេះបន្តថា «ការតម្លើងវោហារដាក់គ្នានេះ ខ្ញុំថា វាមិនមែនជាគម្រូល្អសម្រាប់ខ្មែរ និងកូនចៅជំនាន់ក្រោយទេ។ បានត្រឹមតែធ្វើឲ្យប្រជាពលរដ្ឋ មានការធុញថប់ នឹងមិនសប្បាយចិត្ត ចំពោះដំណើរការនយោបាយ។ (...) គួជួបដេញដោយគ្នា ដោយអហិង្សា គ្មានការគម្រាមគ្មាទៅវិញទៅមក។»៕