«ខ្ញុំ​រួច​ជីវិត​ទាំង​ព្រលឹង​ចុង​សក់ បន្ទាប់​ពី​បាន​ទៅ​ញ៉ាំ​អាហារ នៅ Petit Cambodge»

នៅយប់ថ្ងៃចន្ទទី២៣ ខែវិច្ឆិកានេះ ជាខួបគម្រប់១០ថ្ងៃ នៃការវាយប្រហារភេរវកម្ម កណ្ដាលរដ្ឋធានី​ប៉ារីស ប្រទេស​បារាំង ដែល​បានធ្វើឲ្យមនុស្សស្លាប់ ១៣០នាក់ និងជាង៣៥០នាក់របួស។ យុវជនម្នាក់​ដែលបានរួចរស់ជីវិត ពីការ​វាយ​ប្រហារ​នេះ បាន​រំលឹក​ឡើង​វិញ ពី​ហេតុការណ៍​ដ៏​រន្ធត់​នេះ ជាមួយនឹងមិត្តស្រីរបស់នាយ។
Loading...
  • ដោយ: ឈូករ័ត្ន អត្ថបទ និងយកការណ៍៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី២២ វិច្ឆិកា ២០១៥
  • កែប្រែចុងក្រោយ: November 22, 2015
  • ប្រធានបទ: ជីវិត
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

យុវជន អង់តូនី (Anthony) អាយុ២៩ឆ្នាំ សង្ឃឹមថា នៅល្ងាចថ្ងៃសុក្រ យុវជននឹងសប្បាយរីករាយ ជួប​ជា​មួយ​មិត្តស្រីរបស់ខ្លួន ដើម្បស្រស់ស្រូបម្ហូបចំណី តាមរបៀបខ្មែរ-ថៃយ៉ាងឆ្ងាញ់ នៅក្នុងអាហារដ្ឋានមួយ ឈ្មោះ «ឡឺប៉ឺទី​កម្ពុជា (Le Petit Cambodge)» នៅក្នុងសង្កាត់ទី១១ នៃរដ្ឋធានីប៉ារីស ដែលសម្បូរទៅដោយ​មនុស្ស​ម្នា យុវជន និស្សិត សិល្បៈករ រស់នៅ។ តែផ្ទុយទៅវិញ ភាពរីករាយនោះ បានគ្របដណ្ដប់ត្រឡបមកវិញ ដោយ​ការ​ភ័យ​តក់​ស្លុត រកអ្វីមកថ្លែងប្រៀបធៀបពុំបាន នៅតែប៉ុន្មានក្រោយមក។ នេះបើតាមការរៀបរាប់ ដំណើរ​រឿង​មួយ ចុះ​ផ្សាយ​នៅក្នុង​សារព័ត៌មាន «Nouvel Obs» ដ៏ល្បីរបស់បារាំង។

អង់តូនី បាននិយាយថា៖ «ខ្ញុំមិនមែនជាអ្នករស់នៅក្រុងប៉ារីសទេ ហើយខ្ញុំក៏មិនមកទីនេះ រាល់ពេលនោះ​ដែរ។ អញ្ចឹងហើយ ខ្ញុំចង់យកល្ងាចថ្ងៃសុក្រនោះ ដើម្បីចេញទៅទទួលទាន អាហាររួមគ្នាមួយ ជាមួយនឹង​មិត្ត​ស្រីខ្ញុំម្នាក់ រួមជាមួយនឹងមិត្តភ័ក្រពីរនាក់ទៀត របស់នាង។» ហើយលោកនិងមិត្តភ័ក្រ បានជ្រើសរើស​អាហារ​ដ្ឋាន​តូចមួយ ដែលនៅក្បែរនោះ និងមានឈ្មោះល្បីគួរសម ខាងធ្វើម្ហូបមានរសជាតិផ្សំគ្នា រវាងខ្មែរ​និង​ថៃ។

ម៉ោង២០និង៤០នាទី...

«យើងបានមកដល់ទីនោះ នៅម៉ោង២០និង៣០នាទី ហើយហៅម្ហូបអាហារមកញ៉ាំ ដោយអង្គុយនៅខាងក្រៅ លើចិញ្ចើមថ្នល់ នៅនឹងផ្លូវកែងតែម្ដង។ និយាយទៅ​យើងមិនសូវជា​មានពេលប៉ុន្មានទេ ព្រោះមិត្តភ័ក្រពីរនាក់ របស់មិត្តស្រីខ្ញុំ ត្រូវចាកចេញទៅ នៅម៉ោង២២ខាងមុខ។»

យុវជន និងក្រុមអ្នករួមតុ បានជជែកគ្នាលេងពីនេះពីនោះ យ៉ាងសប្បាយ ព្រោះគ្មាននរណាដឹងថា នឹងមាន​រឿង​អាក្រក់កើតឡើង ចំពោះខ្លួននោះឡើយ។ តែនៅប្រមាណជា១០នាទីក្រោយមក រថយន្ដមួយគ្រឿង បាន​បើកមកឈប់នៅក្បែរនោះ ហើយយុវជន អង់តូនី បានក្រឡេកភ្នែកទៅ ឃើញមានយុវជនក្មេងៗពីរនាក់ នៅ​ក្នុង​រថយន្ដនោះ ដែលមានវ័យប្រមាណជា២០ឆ្នាំជាង។ ពួកគេទាំងនោះ ស្លៀកពាក់ធម្មតាដូចគេឯង គ្មាន​ពុក​មាត់​ឬពុកចង្កាទេ។

ខ្ញុំត្រូវធ្វើអ្វីមួយ...

រំពេច​នោះភ្លាមៗ ពួកគេបានចុះពីរថយន្ដ ម្នាក់ឈរនៅក្បែររថយន្ដ ម្នាក់ទៀតដើរប៉ុន្មានជំហានមកមុខ ហើយ​បានបើកការបាញ់ស្រោច ទៅក្នុងទិសដៅមនុស្សដែលកំពុងអង្គុយ នៅនឹងមាត់ផ្លូវនេះ។ អង់តូនី បាន​បន្ត​ថា៖ «ម្នាក់ដែលដើរ ក្នុងទិសដៅមកពួកខ្ញុំ ជាយុវជនម្នាក់ ទំនងជាមានដើមកំណើត ពីក្រុមប្រទេសនៅទ្វីប​អាហ្វ្រិក​ខាងជើង មានកំពស់ប្រមាណ ជា១ម៉ែត្រ៧៥។ ប៉ុន្តែម្នាក់ទៀត ដែលកំពុងបាញ់រះ (នៅក្បែររថយន្ដ) ខ្ញុំ​មើល​មិន​ច្បាស់ទេ។»

«ខ្ញុំបានគិតឃើញភ្លាម ថាត្រូវការពារខ្លួន និងមនុស្សរួមតុជាមួយខ្ញុំ។ ខ្ញុំយកដបស្រាមួយ ពីលើតុ យកទៅ​វាយបំបែកនឹងជញ្ជាំង ដើម្បីធ្វើជាអាវុធនៅក្នុងដៃ។ ខ្ញុំត្រូវតែធ្វើអ្វីមួយ ដើម្បីរួចរស់ជីវិត។ ខណៈជននេះ កំពុង​បាញ់សំរុកចូលទៅក្នុងអាហារដ្ឋាន ខ្ញុំបានឆ្លៀតច្រានវាឲ្យដួល តែខ្ញុំមិនបានចាប់វាជាប់ទេ។ បន្ទាប់មក យើង​ទាំងអស់គ្នា បានរត់យកប្រាសអាយុ តែរៀងៗខ្លួន អត់ងាកក្រោយសោះ។ ខ្ញុំបានស្ដាប់ឮសម្លេងបាញ់ ជា​បន្ត​បន្ទាប់​នៅ​ខាងក្រោយខ្នង ហាក់ដូចជាពួកវាមានគ្នាច្រើនណាស់ ហើយបាញ់ទៅគ្រប់ទិស។»

ហេតុការណ៍នេះ ជាផ្នែកមួយនៃគោលដៅចំនួន៤ ដែលរងការវាយប្រហារ នៅយប់ថ្ងៃសុក្រទី១៣ ខែវិច្ឆិកា​នោះ។ លោកបាននិយាយថា លោកនឹងមិត្តស្រីបានរត់បែកគ្នា តែបានរកគ្នាឃើញមកវិញ មុននឹងនាំគ្នា​ដើរ​ត្រឡប់ទៅផ្ទះរបស់នាង ទាំងអស់គ្នា។ ប៉ុន្តែហេតុការណ៍ភេរវកម្ម បានបន្តរហូតដល់យប់រំលងអាធ្រាត ទើប​ក្រុមនគរបាលបារាំង គ្រប់គ្រងស្ថានការណ៍បានទាំងស្រុង។ លោក អង់តូនី បាននិយាយជាចុង​ក្រោយ​ថា៖ «ខ្ញុំ​ក្ដៅ​ក្រហាយ​នឹង​ខ្លួនឯងណាស់ ដែលមិនអាចចាប់វាឲ្យជាប់បាន»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...