ជូលី បង្ហើបពីកូនៗ ដែលជួយផលិតភាពយន្ដស្ដីពីខ្មែរក្រហម
- ដោយ: ឈូករ័ត្ន អត្ថបទ និងយកការណ៍៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី០៤ ធ្នូ ២០១៥
- កែប្រែចុងក្រោយ: December 12, 2015
- ប្រធានបទ: តារាភាពយន្ដ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សម្រាប់ភាពយន្ដលើកក្រោយរបស់នាង ដែលមានចំណងជើងជាខ្មែរ «មុនដំបូង ខ្មែរក្រហមបានសម្លាប់ប៉ារបស់ខ្ញុំ» និងជាភាសាអង់គ្លេស «First They Killed My Father» ឬជាភាសាបារាំង «D'abord ils ont tué mon père» តារាភាពយន្ដ ដែលក្លាយជាផលិតករ នាង អេនជូលីណា ជូលី (Angelina Jolie) បានធ្វើការយ៉ាងច្រើន ទាំងនៅក្នុងការរៀបចំសេណេរីយ៉ូ ការរបៀបចំតួសម្ដែង ក៏ដូចជាការទាក់ទង ផ្សេងទៀតជាច្រើន នៅក្នុងប្រទេសកម្ពុជា។
ស្ត្រីកំពូលតារាភាពយន្ដ បានធ្វើដំណើរ ទៅមកជាច្រើនដង ទៅកាន់ប្រទេសកម្ពុជា ដែលជាប្រទេសផ្ដល់កំណើត ឲ្យកូនប្រុសចិញ្ចឹមច្បងរបស់នាង កុមារា ម៉ាដុក (Maddox) ដែលសព្វថ្ងៃមានអាយុ ១៤ឆ្នាំ ពេញរូបពេញរាងទៅហើយ។ នាង ជូលី បានសម្រេចចិត្ត ដាក់កូនទាំងបីរបស់នាង ចូលទៅក្នុងភាពយន្ដនេះ៖ នោះគឺកុមារា ម៉ាដុក កុមារា ប៉ាក់ (Pax អាយុ១១ឆ្នាំ) និងកុមារី ស៊ីឡូ (Shiloh អាយុ៩ឆ្នាំ)។
នៅក្នុងទស្សនាវដ្ដីអង់គ្លេស «Hello» ដែលរូបថតនាង ត្រូវបានយកមកដាក់ផ្សាយ នៅទំព័រគ្របមុខនោះ នាង ជូលី បានបង្ហើបឲ្យដឹង ពីអាថ៌កំបាំងមួយចំនួន ទាក់ទងនឹងកូនៗរបស់នាង នៅក្នុងការផលិតភាពយន្ដមួយនេះ។ តារាភាពយន្ដអាមេរិក បានរៀបរាប់ថា៖ «ម៉ាដុក ធ្វើការងារ នៅក្នុងការផលិតជាមួយខ្ញុំ។ នៅពេលយើងមានកិច្ចប្រជុំ ម៉ាដុកតែងនៅក្បែរខ្ញុំ និងបន្ទាប់មក យើងជជែកគ្នាឡើងវិញ ពីអ្វីដែលយើងបានកត់ត្រា។»
ប៉ុន្តែមិនមែនមានតែ ម៉ាដុក នោះទេ ដែលជួយរៀបចំ ក្នុងការត្រៀមបម្រុងថតភាពយន្ដនេះ។ នៅមានកុមារា ប៉ាក់ និងនាងតូច ស៊ីឡូ នោះផងទៀត។ នាង ជូលី បាននិយាយទៀតថា៖ «ប៉ាក់ ធ្វើជាអ្នករៀបចំបាញ់ភ្លើង ខណៈ ស៊ីឡូ ជាអ្នកគូរវាសឈុតឆាក។ ពួកគេគួរឲ្យស្រឡាញ់ណាស់។»
ភ្លេចៗខ្លួន គេច្បាស់ជាភ្ញាក់ព្រើត នឹងឃើញពួកក្មេងៗសមាជិកគ្រួសា ជូលី-ភីត (Jolie-Pitt) ទាំងនេះ ចម្រើនវ័យធំធាត់យ៉ាងឆាប់រហ័ស ហើយកំពុងចាប់ផ្ដើមអាជីព នៅក្នុងវិស័យភាពយន្ដនោះទៀត។ ជារឿង ដែលស្ត្រីជាម្ដាយ អាយុ ៤០ឆ្នាំ នាង អេនជូលីណា ជូលី មានមោទនភាពនឹងពួកគេណាស់។ ប៉ុន្តែនាង ជូលី នៅតែការពារពួកគេដូច្នេះថា៖ «ពួកគេនៅមិនទាន់និយាយជាមួយយើង ជាលក្ខណៈដូចក្មេងជំទង់នៅឡើយ ព្រោះពួកគេនៅក្មេងណាស់។ យើងមានតែ ម៉ាដុក ម្នាក់ប៉ុណ្ណោះ ដែលបានក្លាយជាក្មេងជំទង់ តែស្ងប់ស្ងៀមជាទីបំផុត។ អញ្ចឹង យើងមិនដឹងថា តើកិច្ចការ (ផលិតភាពយន្ដ?) នេះ នឹងប្រព្រឹត្តិទៅយ៉ាងដូចម្ដេចទេ។ តែ វាទំនងជាល្អប្រសើរណាស់។»
ភាពយន្ដ «មុនដំបូង ខ្មែរក្រហមបានសម្លាប់ប៉ារបស់ខ្ញុំ» ឬ «First They Killed My Father» មានរូបនាងជាសមិទ្ធិករ កូនប្រុសចិញ្ចឹមនាង កុមារា ម៉ាដុក ជាសហផលិតករ ហើយគឺក្រុមហ៊ុន «Netflix» ដែលមានឯកទេស ខាងបង្ហោះភាពយន្ដតាមអ៊ិនធើណែត ជាអ្នកផ្គត់ផ្គង់ថវិកា។ ការតម្លើងភាពយន្ដនេះឡើង បានដកស្រង់គំនិត ចេញពីសៀវភៅមួយ ដែលមានចំណងជើងថា «មុនដំបូង ខ្មែរក្រហមបានសម្លាប់ប៉ារបស់ខ្ញុំ» និពន្ធដោយអ្នកស្រី លឿង អ៊ឹង ដែលបានរៀបរាប់ឡើងវិញ ពីជីវិតដ៏ខ្លោចផ្សារ របស់ក្រុមគ្រួសារអ្នកស្រី នៅក្នុងរបបវាលពិឃាត ៣ឆ្នាំ៨ខែ២០ថ្ងៃ រវាងពីឆ្នាំ១៩៧៥ មកឆ្នាំ១៩៧៩៕