ព្រឹទ្ធសភាអនុម័តច្បាប់ NGO ព្រោះដើម្បីគ្រប់គ្រង«ថវិការ»សង្គមស៊ីវិល (vdo)
- ដោយ: អ៊ុម វ៉ារី អត្ថបទ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ ស្រ៊ុន ទិត្យ - ភ្នំពេញ ថ្ងៃទី២៤ កក្កដា ២០១៥
- កែប្រែចុងក្រោយ: July 25, 2015
- ប្រធានបទ: ច្បាប់ NGO
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រោយការអនុម័តជាផ្លូវការ ក្រោមសម្លេង ៤៤លើ៤៤ សម្លេង មកពីគណបក្សប្រជាជនកម្ពុជា តែមួយនោះ លោក ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភា បានលើកឡើងថា ការដែលព្រឹទ្ធសភា យល់ព្រមអនុម័ត លើសេចក្ដីព្រាងច្បាប់ ស្ដីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាលនេះ ព្រោះតែចង់បាន នូវការការពារអង្គការ សមាគម និងសង្គមស៊ីវិលទាំងនោះ ដោយរដ្ឋាភិបាល តាមរយៈការគ្រប់គ្រង លើប្រាក់ចំណូល និងចំណាយ ដែលបានទទួលជំនួយពីបរទេស។
នាវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី២៤ ខែកក្កដានេះ អ្នកនាំពាក្យព្រឹទ្ធសភា លោក ម៉ម ប៊ុននាង បានថ្លែងថា មកទល់ពេលនេះ អង្គកការសង្គមស៊ីវិល មានរហូតដល់ជាង ៥០០០ទៅហើយ។ ហើយគ្មានច្បាប់គ្រប់គ្រងនោះ វាមិនអាចទៅរួចទេ។ តើការព្រួយបារម្ភ របស់រដ្ឋាភិបាល និងសង្គមជាតិ មានការបារម្ភណាស់។ លោកថា រដ្ឋាភិបាលត្រូវការចាំបាច់ នូវអង្គការសង្គមស៊ីវិលទាំងនោះ ដែលបានមកជួយប្រជាពលរដ្ឋខ្មែរ នូវប្រាក់រាប់រយលាន ពីបរទេស។
លោក ប៊ុននាង បានលើកឡើងទៀតថា ការបង្កើតច្បាប់នេះ ដើម្បីជួយពួកគាត់ ឲ្យទទួលប្រាក់ទាំងនោះ ដោយស្របច្បាប់។ លោកបានថ្លែងថា៖ «ការដែលជួយមកហ្នឹង (ប្រាក់) យកទៅថ្វើអ្វីខ្លះ? ជួយដល់ពលរដ្ឋក្រីក្រ នៅកន្លែងណាខ្លះ? មានសារៈសំខាន់បែបម៉េចខ្លះ? ដើម្បីការពារគាត់ ដោយមានច្បាប់ការពារគាត់។ (...) ច្បាប់ការពារគាត់ ដើម្បីកុំឲ្យគេចោទថា ការប្រើប្រាស់លុយមិនល្អ ការលាងលុយ ឬការប្រើប្រាសល់លុយគាត់មិនល្អ យើងមានរបាយការណ៍គ្រប់គ្រាន់ មានច្បាប់ការពារឲ្យគាត់។ នេះជាចំណុចល្អ ក្នុងច្បាប់របស់យើង។»
បរទេសគាំទ្រច្បាប់នេះ?
ជាចុងក្រោយ លោកបានបញ្ជាក់ថា អង្គការដែលគេធ្វើការពិតប្រាករដ ត្រឹមត្រូវ គ្មានការបន្លំ ដូចជាអង្គការក្រៅរដ្ឋាភិបាល មកពីអាមេរិកជាដើម គេមិនមានការព្រួយបារម្ភអ្វីទេ លើច្បាប់នេះ។ គាត់មកជួយដល់ប្រទេសកម្ពុជា ហើយប្រទេសកម្ពុជាមានច្បាប់ការពារពួកគាត់ ពួកគាត់រិតតែសប្បាយចិត្ត។ លោកបញ្ជាក់ថា៖ «មិនមែនបាត់បង់ទេ គឺគាត់ចង់បានទៅវិញទេ។ តែបុគ្គលមួយចំនួន ដែលអនុវត្តទៅមានការមិនច្បាស់លាស់ បន្លំ នោះទើបមានការព្រួយបារម្ភ។ តែម្ចាស់ជំនួយដូចជាអាមេរិក និងប្រទេសនានា គេចង់បាននូវច្បាប់នេះ។»
ការថ្លែងរបស់លោក ម៉ម ប៊ុននាង ខាងលើនេះ មានលក្ខណៈផ្ទុយ ពីសេចក្ដីថ្លែងការណ៍ របស់សភាអ៊ឺរ៉ុប ដែលបានចេញផ្សាយ កាលពីថ្ងៃទី៩ ខែកក្កដា កន្លងមកនេះ។ តាមរយៈ សេចក្ដីថ្លែងការណ៍នោះ សភាអ៊ឺរ៉ុប ដែលតំណាងឲ្យប្រទេសម្ចាស់ជំនួយ ជិត៣០ នៅក្នុងទ្វីបអ៊ឺរ៉ុប បានហៅច្បាប់ ដ៏ចម្រូងចម្រាស់ខាងលើ ថាមានលក្ខណៈ ជួយពង្រឹងការត្រួតពិនិត្យ រឹតបណ្ដឹង ពីសំណាក់អាជ្ញាធរ ទៅលើអង្គការសង្គមស៊ីវិល នៅកម្ពុជា ហើយច្បាប់នេះ អាចធ្វើឲ្យខាតបង់ ដល់ប្រទេសកម្ពុជា នូវទឹកប្រាក់ជំនួយ ប្រមាណពី ៦០០ ទៅ ៧០០លានដុល្លា ក្នុងមួយឆ្នាំៗ ដែលត្រូវបានផ្ដល់ ទៅឲ្យអង្គការសង្គមស៊ីវិលទាំងនោះ តាមរយៈគម្រោងអភិវឌ្ឍន៍នានា។
សភាអ៊ឺរ៉ុប បានបន្ថែមនៅក្នុងសេចក្ដីថ្លែងការណ៍ របស់ខ្លួនទៀតថា៖ «ច្បាប់ថ្មីរបស់កម្ពុជានេះ នឹងធ្វើឲ្យថមថយ នូវលទ្ធភាព របស់អង្គការក្រៅរដ្ឋាភិបាលបរទេស មិនឲ្យធ្វើការងាររបស់ពួកគេ ប្រកបដោយប្រសិទ្ធភាពបាន។»៕
» សូមស្តាប់ការបកស្រាយទាំងស្រុង របស់លោក ម៉ម ប៊ុននាង ដូចខាងក្រោម៖