អ៊ុំ សំអាន៖ សុំ​អធ្យាស្រ័យ​ត្រង់​ពាក្យ តែ​មិន​សុំ​ទោស​​ទេ

«លិខិតនោះ ពិតជាលិខិតរបស់ខ្ញុំមែន។ តែមិនមែន ជាលិខិតសុំទោស នូវអ្វីដែលខ្ញុំបានធ្វើ ដើម្បីជាតិ និង​ប្រជា​ពលរដ្ឋ​ខ្មែរ​ឡើយ។ គឺ​ខ្ញុំ​គ្រាន់​តែ សុំ​ការ​អធ្យាស្រ័យ និងការអត់អោន ចំពោះពាក្យសំដី មិនសមរម្យមួយចំនួន តាម​បណ្តាញ​សង្គម ហ្វេសប៊ុក​ប៉ុណ្ណោះ។» នេះ​ជា​ការ​អះអាង របស់លោក អ៊ុំ សំអាន តំណាងរាស្រ្តមណ្ឌលសៀមរាប មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី២៥ កក្កដា ២០១៥
  • កែប្រែចុងក្រោយ: July 25, 2015
  • ប្រធានបទ: នយោបាយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តំណាងរាស្រ្តមណ្ឌលសៀមរាប របស់គណបក្សសង្គ្រោះជាតិ បានថ្លែងថា លោកមិនមានអ្វីខុស សម្រាប់ជាតិ និងប្រជាពលរដ្ឋឡើយ។ ហើយលោកក៏មិនខ្លាច នូវអ្វីដែលធ្វើត្រឹមត្រូវ តាមច្បាប់នោះដែរ។ លោកថាអ្វី ដែល​ជម្រុញឲ្យលោក ចេញនូវលិខិតនេះ ព្រោះលោកបានឃើញ កំដៅនយោបាយកាន់តែក្តៅឡើង ហើយឈាន ដល់ការចាប់សកម្មជន គណបក្សលោកជាបន្តបន្ទាប់។

លោក អ៊ុំ សំអាន តំណាងរាស្រ្ត មកពីគណបក្សប្រឆាំង បានថ្លែងក្នុងកិច្ចសម្ភាស ជាមួយទស្សនាវដ្តី​មនោរម្យ​.អាំងហ្វូ នាព្រឹកថ្ងៃទី២៥ ខែកក្កដានេះថា បើសិនជាលោក នៅបន្តប្តឹងផ្តល់គ្នាទៀតនោះ មុខជាអាច​ប្រឈម​មុខគ្នា កាន់តែខ្លាំង។ ហើយកំដៅនយោបាយ ក៏កាន់តែធំ ការចាប់ ឬឃុំខ្លួនសកម្មជនគណបក្ស ក៏អាចនឹង​មាន​ជាបន្តដែរ។

លោក សំអាន បានថ្លែងឡើងថា៖ «យើងគួរតែបញ្ចប់ការប្តឹងតវ៉ាគ្នា យើងត្រូវអនុវត្តតាមបែប “វប្បធម៌សន្ទនា” ដូចមេបក្សទាំងពីរវិញ។ (...) បើនៅតែប្តឹងផ្តល់គ្នា នោះវាគ្មានប្រយោជន៍អ្វី សម្រាប់ជាតិទេ។ ខ្ញុំក៏នឹងគ្មាន​ឱកាស តាមដានរឿងទុក្ខសោកប្រជារាស្រ្ត ឬព្រំដែនដែរ។ ការប្តឹងគ្នានេះ បើនៅបន្ត អាចឈានដល់​តុលាការ​ហើយ ក៏អាចឈានដល់ដកអភ័យឯកសិទ្ធិសភា... ។ យើងដឹងថា វានឹងគ្មានន័យឡើយ សម្រាប់មន្រ្តីបក្ស​ប្រឆាំង​តាមអំណាច និងការអនុវត្ត របស់បុគ្គលតុលាការមួយចំនួន ថានឹងមានយុត្តិធម៌មកយើងនោះ។»

ការថ្លែង និងការចេញលិខិត របស់តំណាងរាស្ត្រខាងលើ បានធ្វើឡើង បន្ទាប់ពីមានសេចក្តីសម្រេច របស់​ប្រធានរដ្ឋសភា លោក ហេង សំរិន ដោយអនុវត្តតាមប្រការ៨១ នៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភា បានដាក់ទោស​រដ្ឋបាល លើលោក អ៊ុំ សំអាន ដោយកាត់ប្រាក់ខែ៥០ភាគរយ រយៈពេល២ខែ។ មិនអនុញ្ញាតឲ្យចូលរួម​ប្រជុំ​សភា ចំនួន១៥លើក ជាមួយនឹងផ្សព្វផ្សាយ នូវទោសកំហុស តាមការបិទផ្សាយ នៅគ្រប់ឃុំក្នុងមណ្ឌល​សៀមរាប។

តាមលិខិត ដែលចេញថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥ របស់លោក អ៊ុំ សំអាន បានសរសេរយ៉ាងខ្លី ដោយសុំការ​អធ្យាស្រ័យ និងការអត់អោន ពីប្រធានរដ្ឋសភា នូវកំហុសឆ្គងខាងពាក្យសំដី ដែលបានផ្សាយចេញ តាម​បណ្តាញសង្គម។ លោកបានទទួលស្គាល់ថា ពាក្យសំដីទាំងនោះ ពិតជាមានការប៉ះពាល់ ដល់កិត្តិយស​ប្រធាន​រដ្ឋសភា ពិសេសកិត្យានុភាព របស់រដ្ឋសភា។

មួយថ្ងៃក្រោយ ពីបានទទួលលិខិត របស់លោក អ៊ុំ សំអាន ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៥ នេះ ប្រធានរដ្ឋសភា លោក ហេង សំរិន បានចុះហត្ថលេខា និងចំណារដោយដៃ មកវិញថា៖ «នឹងផ្តល់ នូវការអធ្យាស្រ័យ ចំពោះ​ឯកឧត្តម អ៊ុំ សំអាន ដោយបញ្ចប់ ត្រឹមការដាក់ទណ្ឌកម្ម ខាងវិន័យ ដូចមានចែងក្នុងសេចក្តីសម្រេច លេខ​២០១រស ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥។»

ចំពោះចំណារខាងលើនេះ ត្រូវបានលោក អ៊ុំ សំអាន បញ្ជាក់ថា លោកអាចទទួលយកបាន ពីព្រោះអ្វីដែល​លោក​ចង់បញ្ចប់ គឺកំដៅនយោបាយ និងបញ្ហាប្តឹងផ្តល់គ្នា តាមប្រព័ន្ធតុលាការ ដែលគ្មានន័យ សម្រាប់រូប​លោក​នោះ។ លោកទទួលស្គាល់ថា លិខិតរដ្ឋបាល ដែលបានចេញរួចហើយ មិនអាចដក ឬលុបចោល​វិញ​បាន​ឡើយ ដូច្នេះលោកបង្ខំអនុវត្តតាមនោះ តែលោកស្តាយត្រង់ថា មិនបានចូលរួម ប្រជុំរដ្ឋសភា១៥លើកនោះ ព្រោះនៅមានច្បាប់ជាច្រើន ដែលខ្ញុំបានគ្រោងនឹងជជែក ក្នុងរដ្ឋសភានេះ៕


» សូមអានលិខិតទាំងពីរ ដូចខាងក្រោម (ចុចពីលើ ដើម្បីពង្រីកអាន)៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...