កឹម សុខា៖ បក្ស​ប្រជាជន​កំពុង​តែ​បន្ត​រំលោភ​សិទ្ឋិ និង​រដ្ឋធម្មនុញ្ញ

សមត្ថកិច្ចដែលគ្រប់គ្រង ដោយគណបក្សប្រជាជនកម្ពុជារាប់ពាន់នាក់ បានរារំាងនិងរំខាន ដល់ការជួបជុំក្នុងវេទិកា​សាធារណៈដែលជាអំពើរំលោភ សិទ្ឋិនយោបាយ និងរំលោភយ៉ាងធ្ងន់ធ្ងរលើរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូល​របស់​ប្រទេស។ នេះជាមូលហេតុដ៏សំខាន់ ដែលធ្វើឲ្យប្រធានស្ដីទីគណបក្សសង្គ្រោះជាតិលោក កឹម សុខា ធ្វើការ​ថ្កោល​ទោសដាក់កំហុស ទៅលើកងកម្លាំងរបស់អាជ្ញាធរ។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: January 27, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សមត្ថកិច្ចដែលគ្រប់គ្រង ដោយគណបក្សប្រជាជនកម្ពុជារាប់ពាន់នាក់ បានរារំាងនិងរំខាន ដល់ការជួបជុំក្នុងវេទិកា​សាធារណៈដែលជាអំពើរំលោភ សិទ្ឋិនយោបាយ និងរំលោភយ៉ាងធ្ងន់ធ្ងរលើរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូល​របស់​ប្រទេស។ នេះជាមូលហេតុដ៏សំខាន់ ដែលធ្វើឲ្យប្រធានស្ដីទីគណបក្សសង្គ្រោះជាតិលោក កឹម សុខា ធ្វើការ​ថ្កោល​ទោសដាក់កំហុស ទៅលើកងកម្លាំងរបស់អាជ្ញាធរ។


លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ ២០១៤។ (រូបថត MONOROOM.info/ O. Vary)

នយោបាយកម្ពុជា -ប្រធានស្តីទីនៃបក្សសង្គ្រោះជាតិលោក កឹម សុខា បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅទីស្នាក់ការគណបក្ស នៅល្ងាចថ្ងៃទី២៦ ខែមករា យ៉ាងដូច្នេះថា ក្នុងវេទិការសាធារណៈក្នុងឃុំអម្ពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម មានសកម្មជន និងក្រុមអ្នកគំាទ្រគណបក្សប្រជាជនកម្ពុជារាប់ពាន់នាក់បានស្រែក និងហែជាក្បួនគំាទ្រលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្របពេលត្រៀមបើកវេទិកាសំណេះសំណាល ជាមួយសមាជិកបក្សខ្លួនកាលពីព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៤ កន្លងមកនេះ។

លោកបន្ថែមថា កាលពីព្រឹកព្រលឹមថ្ងៃអាទិត្យ នៅមុខសណ្ឋាគារលាភ វីរៈសា ក្នុងក្រុងកំពង់ចាម ខេត្តកំពុងចាម ដែលលោកបានស្នាក់នៅនោះ មានអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា បានប្រមូលផ្តុំគ្នានៅខាងមុខសណ្ឋាគារ។

តាមការបញ្ចាំងស្លាយរបស់គណបក្សសង្គ្រោះជាតិ គេសង្កេតឃើញថា អ្នកគាំទ្រទាំងនោះជាមួយនឹងឧបករណ៍បំពងសម្លេងបានស្រែកថា «កម្ពុជាមិនត្រូវការវត្តមានលោក សម រង្ស៊ី និងលោក កឹម សុខាទេ» ជាមួយនឹងការស្រែកជ័យឃោសប្រឆាំងនឹងរូបលោក កឹម សុខា ជាមួយនិងការកាន់ទង់ជាតិនៃប្រទេសកម្ពុជាគ្រវីទាំងមុខក្រៀមក្រំ ដោយបានបន្តរថា ពួកគេបន្តរគាំទ្រលទ្ធផល នៃការបោះឆ្នោតអាណត្តិទីប្រាំកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣។

លោកបន្តរថា ដោយស្ថានភាពតានតឹងនៃអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ លោក ស៊ុន ឆ័យ ក៏បានប្រកាសរំសាយវេទិកាសាធារណៈ ព្រោះតែដើម្បីរក្សាស្ថេរភាព និងជាសវាងនូវការប៉ះដោយហិង្សាណាមួយ។

ជាមួយនឹងហេតុការណ៍រំខានខាងលើ លោកប្រធានស្តីទីរូបនេះបានធ្វើការ «ថ្កោលទោសទៅលើគណបក្សប្រជាជនកម្ពុជា ដែលប្រើនូវនយោបាយមិនថ្លៃថ្នូរ និងនយោបាយមិនចាស់ទុំ ថ្កោលទោសក្រុមសមត្ថកិច្ច អាជ្ញាធររដ្ឋាភិបាល ដែលមិនប្រកាន់អព្យាក្រឹត្យភាព មិនធានាសុវត្ថិភាព មិនធានាដល់កម្មភាពនយោបាយ របស់គណបក្សសង្រ្គោះជាតិ»។ ជាមួយគ្នានេះ លោកប្រធានស្តីទីក៏បានស្នើសុំឲ្យអង្គការសហប្រជាជាតិ អង្គការអន្តរជាតិនានាធ្វើការស៊ើបអង្កេតរាល់ករណីនៃការបង្ករឲ្យមានហេតុភេទខាងលើ។

នាសៀលថ្ងៃអាទិត្យនេះទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចរកប្រតិកម្មពីសំណាក់មន្ត្រីគណបក្សប្រជាជនកម្ពុជា ឬរដ្ឋាភិបាល ដើម្បីបញ្ជាក់ពាក់ព័ន្ឋនឹងការ លើកឡើងរបស់លោក កឹម សុខាទេ។ តែទោះយ៉ាងណាក៏ដោយ មិនមានសេចក្ដីរាយការណ៍ណាណាមួយ ស្ដីពីអំពើហិង្សារវាងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិទេ។

ទោះជាមានការរារាំងយ៉ាងនេះក្តីលោក កឹម សុខា នៅតែប្រកាសរៀបចំធ្វើវេទិកាសាធារណៈរៀងរាល់ថ្ងៃ ជាបន្តទៅទៀត នៅតាមបណ្តាខេត្ត-រាជធានីទូទំាងប្រទេស ហើយលោកបញ្ជាក់ថាគណបក្សសង្រ្គោះជាតិ នឹងនៅតែប្រកាន់នូវភាពអត់ធ្មត់ និងភាពអហិង្សារបស់ខ្លួនតទៅ៕

--------------------------------------------------
ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...