ឈា ឌី បុរសពិការជើង ទោះរងការបង្រ្កាបក៏មិនចុះចាញ់
«ខ្ញុំនៅតស៊ូរហូត ខ្ញុំត្រូវតែទាមទារ លុះត្រាតែបានសម្រេចទើបឈប់» នេះជាការអះអាងរបស់ លោក ឈា ឌី ជាជនពិការជើងម្នាក់ ដែលលោកបានចូលរួមបាតុកម្មតវ៉ាជាមួយ លោកម៉ម សូណង់ដូ បើទោះបីជាលោកបានរងនូវការបង្រ្កាបយ៉ាងខ្លាំងក្លា របស់សមត្ថកិច្ចក៏ដោយ ក៏លោកនៅតស៊ូទាមទារអោយបានសម្រេច។
លោក ឈា ឌី ពលរដ្ឋម្នាក់មកពីខេត្តក្រចេះ មកចូលរួមធ្វើបាតុកម្មជាមួយលោក ម៉ម សូណង់ដូ។ (រូបថត MONOROOM.info/ O.Vary)
ជីវិត - កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៤ ម្សិលមិញនេះ សមត្ថកិច្ចបានធ្វើការវាយបង្ក្រាបយ៉ាងហិង្សា ទៅលើបាតុករ ដែលមកចូលរួមបាតុកម្មជាមួយលោកម៉ម សូណង់ដូប្រធានវិទ្យុសំបុកឃ្មុំ ដើម្បីទាមទារឲ្យក្រសួងព័ត៌មាន ផ្តល់ការអនុញ្ញាត ឲ្យលោក តម្លើងកម្លាំងផ្សាយវិទ្យុបន្ត ទៅតាមខេត្ត និងហ្វ្រេកង់ សម្រាប់បង្កើតទូរទស្សន៍។ លោក ឈា ឌី ជាបាតុករ និងជាជនពិការដែលខំស្កាត់ មកពីខេត្តក្រចេះ ស្រុកស្នួល មកចូលរួមជាមួយគេដែរនោះ បានអះអាងថា បើទោះបីជាលោក និងបាតុករត្រូវបង្រ្កាបយ៉ាងណាក៏ដោយ ក៏លោកនៅតែតស៊ូ មិនព្រមចុះចាញ់ លុះត្រាតែទទួលបានជោគជ័យ។
លោកបានបញ្ជាក់ថា មូលហេតុដែលលោកមកទាមទារ អោយមានវិទ្យុនៅតាមខេត្ត និងទូរទស្សន៍ ដោយសារលោកនៅស្រុកដាច់ស្រយ៉ាលឆ្ងាយ មិនអាចស្តាប់លឺការផ្សាយបាន ហេតុដូចនេះទើបលោកត្រដរមកចូលរូម «ព្រោះថាខ្ញុំនៅខេត្តក្រចេះ ខ្ញុំស្តាប់វិទ្យុ និងទូរទស្សន៍អត់មានលឺអីទាំងអស់ អញ្ចឹងខ្ញុំមកទាមទារអោយមានវិទ្យុ នឹងអោយវាលឺដល់ស្រុកខ្ញុំដែលជាស្រុកដាច់ស្រយ៉ាលឆ្ងាយពីក្រុង»។
ឆ្លើយតបនឹងសំណួរអ្នកកាសែតថា បន្ទាប់ពីជួបការបង្រ្កាបបែបនេះ តើនៅបន្តតស៊ូទៀតដែរឬទេ? បុរសពិការជើងម្ខាងរូបនេះ បានឆ្លើយតបដោយទឹកមុខមាំថា «ខ្ញុំនៅតស៊ូរហូត ខ្ញុំអត់មានចុះចាញ់ អត់មានទន់ជ្រាយផ្លួវចិត្តណាមួយអីនោះទេ។ ខ្ញុំនៅតែធ្វើបន្តទៀត តែធ្វើដោយអហិង្សា ខ្ញុំត្រូវទាមទាររហូត លុះត្រាតែបានសម្រេចទើបឈប់។»
តម្លើងសម្លេងបែបកំហឹងបន្តិច ដោយទំនងជាទោមនស្សនឹងការសម្រេចរបស់ក្រសួងព័ត៌មាន ដែលមិនឲ្យវិទ្យុសម្បុកឃ្មុំបន្ថែមកម្លាំងផ្សាយនោះ បុរសពិការរូបនេះ បានសម្ដែងជាចំងល់ឡើងថា «ហេតុអីបានជារដ្ឋាភិបាលមិនអោយ? គ្រាន់សុំប៉ុណ្នឹងសោះ ហើយបើយួន និងចិនសុំអោយៗ។ ចុះហេតុអីយើងជាខ្មែរដូចគ្នាសុំ មិនអោយ?»
បើការទាមទារនៅតែមានការបង្រ្កាប តើធ្វើដូចម្តេចអោយមានប្រសិទ្ធភាព និងទទួលបានជោគជ័យ? ឆ្លើយតបនឹងសំណួរបែបនេះ ពលរដ្ឋរូបនេះបានអោយដឹងថា «វាគ្មានដំណោះស្រាយអីល្អជាងជនជាតិខ្មែរ ក្នុងប្រទេសហ្នឹង ត្រូវងើបឈរតវ៉ាជាមួយគ្នាបន្តទៀតនោះទេ ទោះបីជាវាធ្វើអីមកលើយើងក៏ដោយ។ ហើយបើវាប្រើហិង្សាលើ យើងកុំតបតអីជាមួយវា សុខចិត្តសំពះសុំអង្វរវាទៅ ព្រោះយើងអត់មានអាវុធ អត់មានអីដូចវាទេ។»
លោកបន្តទៀតថា «ប្រសិនបើយើងងើបឈរទាំងអស់គ្នាវាប្រាកដជាឈ្នះ ព្រោះថារដ្ឋាភិបាលមិនឈ្នះកំលាំងប្រជាជននោះទេ អញ្ចឹងប្រជាពលរដ្ឋត្រូវងើបទាំងអស់គ្នាទើបយើងអាចជួយជាតិយើងបាន។ យើងជាប្រជាពលរដ្ឋចង់ទាមទារអ្វីក៏បានដែរ ព្រោះយើងមានសិទ្ធិ ជាប្រជាពលរដ្ឋខ្មែរដែលរស់នៅលើទឹកដីខ្មែរ។»
ទន្ទឹមនឹងនេះដែរលោកក៏ធ្វើការថ្កោលទោសចំពោះកងកម្លាំងដែលបានធ្វើការបង្រ្កាបទៅលើបាតុករអហិង្សា និងសំណូមពរអោយរដ្ឋាភិបាលរកមុខជន ដែលបានបង្កហិង្សាមកកាត់ទោស «ខ្ញុំសូមអោយរដ្ឋាភិបាល នាំខ្លួនអ្នកដែលបានអំពើអំពើហិង្សា លើបាតុករហិង្សានេះទៅកាត់ទោសនៅតុលាការ ហើយសូមអោយអង្គការសហប្រជាជាតិជួយមើលថា តើការប្រើកម្លាំងមកលើបាតុករវាសមដែរឬទេ?»
បើទោះបីជាលោកពិការជើងម្ខាង ដោយអាងឈើច្រត់ជាជំនួយក៏ដោយ តែក្នុងពេលដែលសមត្ថកិច្ចធ្វើការបង្រ្កាប បុរសពិការជើងស្តាំតាំងពីសម័យសង្រ្គាមរូបនេះ មិនមានរងរបួសអ្វីនោះទេ។ នេះជាការអះអាងរបស់លោក «ខ្ញុំអត់មានត្រូវត្រង់ណាទេ ព្រោះពេលដែរគេបោកគ្រាប់បែកផ្សែង និងពេលវារត់មកវាយ ខ្ញុំបានរត់លូនគេចរួចខ្លួន»៕
-----------------------------------------------
ដោយ ក. ចាន់នីតា (ទំនាក់ទំនង៖ [email protected] ) - ភ្នំពេញ ថ្ងៃទី ២៨ ខែមករា ឆ្នាំ២០១៤