ណៃ វ៉ង់ដា៖ អ្នកវាយដំទៅលើអ្នកការសែត ជាក្រុមសន្ដិសុខ«បីសាច»
បន្ទាប់ពីមានការវាយដុំ ជាដំណំទៅលើអ្នកសារព័ត៌មាន កាលពីព្រឹកថ្ងៃទី២១ ខែមេសា នៅទីលានប្រជាធិបតេយ្យនោះមក មន្ត្រីអ្នកច្បាប់ និងជាតំណាងខាងអង្គការសង្គមស៊ីវិល បានសម្ដែងប្រតិកម្មថា គឺជារឿងមួយដែលមិនអាចទទួលយកបាន និងថាអ្នកប្រព្រឹត្តិត្រូវតែមានទោស។ មន្ត្រីរូបនោះ បានហៅអ្នកប្រព្រឹត្តិដៃដល់ទាំងនោះ ថាជាក្រុមសន្ដិសុខ«បីសាច»។
សន្តិសុខ«បីសាច» បានបោចសក់ក្បាល រួចឡើងជង្គង់ ទៅលើនរណា ដែលនៅទើសមុខ នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៤។ (រូបថត ហ្វេសប៊ុក)
សិទ្ធិសារព័ត៌មាន - អនុប្រធានផ្នែកសិទ្ធិមនុស្ស និងជំនួយការផ្នែកច្បាប់ នៃអង្គការសិទ្ធិមនុស្សអាដហុក លោក ណៃ វ៉ង់ដា បានហៅការប្រើអំពើហិង្សា ទៅលើអ្នកសារព័ត៌មាននៅទីលានប្រជាធិបតេយ្យ នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៤ នេះថា ជាអំពើមួយ«អសីលធម៌ និងខុសច្បាប់» ដោយសារតែប្រទេសកម្ពុជា ជាប្រទេសដែលមានច្បាប់សារព័ត៌មានត្រឹមត្រូវ។
ការថ្លែងប្រតិកម្មរបស់លោក បានធ្វើឡើងបន្ទាប់ពីអ្នកសារព័ត៌មានមួយចំនួន និងយុវជនបីនាក់ ដែលអមដំណើរលោកស្រី មូរ សុខហួរ បេក្ខជនតំណាងរាស្ត្រជាប់ឆ្នោត របស់គណបក្សសង្គ្រោះជាតិ បានរងនូវការវាយដុំច្រំធាក់ ពីសំណាក់ក្រុមសន្តិសុខសាលាខណ្ឌដូនពេញ ប្រមាណជា៥០នាក់ ក្នុងការប៉ុនប៉ងបំបែកអ្នកទាំងនេះ មិនឲ្យចូលទៅកាន់ទីលានប្រជាធិបតេយ្យ។
លោក គង់ រៃយ៉ា ដែលបានអះអាងថា រូបលោកជាអ្នកយកពត៌មាន អោយសារព័ត៌មានកម្ពុជារីករាយនោះ ត្រូវបានក្រុមសន្តិសុខ«បិទមុខ»ជាច្រើននាក់ ចោមរោមវាយជាច្រើនដំបង ធាក់ទាត់ជាច្រើនជើង ចំដៃ ខ្លួន និងក្បាល។ តែជាសំណាងល្អដែលលោកពាក់មួកសុវត្តិភាព មិនបណ្តាលអោយបែកក្បាល។ លោកបានរៀបរាប់ថា នៅទីលានប្រជាធិបតេយ្យ ក្រុមសន្តិសុខដែលដឹកនាំ ដោយអភិបាលរងខណ្ឌដូនពេញ លោក សុខ ពេញវុធ បានហាមឃាត់មិនអោយរូបលោក និងអ្នកសារព័ត៌មានដទៃទៀត ឬនរណាម្នាក់ ឡើងលើទីលានប្រជាធិបតេយ្យឡើយ។ «មានមេបញ្ជាមកថា ឲ្យវាយទាំងអស់» មិនថាអ្នកនោះមានកាន់កាមេរ៉ា ឬជាអ្នកកាសែតជាតិ អន្តរជាតិនោះទេ។
រីឯអ្នកសារព័ត៌មានផ្សេងទៀត ដែលនៅក្នុងព្រឹត្តិការណ៍នោះ ក៏បានអះអាងដែរថា ពួកគេមិនត្រូវបានអនុញ្ញាតឱ្យថតយករូបភាព នៅពេលមានការបំបែកក្រុមលោកស្រី មូរ សុខហួរ ពីសំណាក់ក្រុមសន្តិសុខនោះឡើយ ព្រោះបើចចេសចង់ថត នឹងត្រូវរងការវាយដុំដូចគ្នា។
លោក ណៃ វ៉ង់ដា បានថ្លែងថា «ខ្ញុំគិតថារឿងនេះ មិនអាចទទួលយកបានទេ ហើយអ្នកដែលប្រព្រឹត្តគួរតែមានការដាក់ទោសទន្ត»។ លោកថា បើកាលណាសារព័ត៌មានណាមួយប្រព្រឹត្តខុស ទៅនឹងក្របខ័ណ្ឌច្បាប់ គឺដោះស្រាយតាមច្បាប់ មិនគួរប្រើអំពើហិង្សា ឬក៏អំពើឃោឃៅទៅលើអ្នកការសែតនោះទេ។
ក្រុមសន្តិសុខបីសាច...
«បើតាមផ្លូវច្បាប់ វាជាទោសកំរិតព្រហ្មទណ្ឌ»។ លោកបានសង្កត់ធ្ងន់ទៀតថា អី្វដែលពិបាកនោះគឺ ពិបាកដាក់ទោសទន្តក្រុមសន្តិសុខទាំងនោះបានណាស់ ព្រោះជាក្រុមសន្តិសុខបីសាច ដែលមិនអាចកំណត់អត្តសញ្ញាណគាត់បាន ព្រោះគាត់មានពាក់មួកឃ្លុបមិនឱ្យស្គាល់មុខ ហើយក៏អត់មានផ្លាក និងអ្វីដែលបញ្ជាក់ពីអត្តសញ្ញាណឡើយ។
កាលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៤កន្លងទៅ ក្លឹបអ្នកកាសែតកម្ពុជា ក៏បានចេញសេចក្តីថ្លែងការណ៍មួយផងដែរ បង្ហាញការព្រួយបារម្ភអំពីសុវត្ថិភាពអ្នកសារព័ត៌មាន និងអំពីសេរីភាពបញ្ចេញមតិនៅកម្ពុជា។ ក្លឹបអ្នកកាសែតកម្ពុជា ចាត់ទុកសកម្មភាពរបស់សមត្ថកិច្ច ថាជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ស្មារតី និងសុវត្ថិភាពអ្នកសារព័ត៌មាន ដែលកំពុងបំពេញបេសកម្មតាមវិជ្ជាជីវៈ និងជាចេតនារារាំងដល់ការអនុវត្តសិទ្ធិសេរីភាព នៃការបញ្ចេញមតិ រួមទាំងបន្ទុចបង្អាក់ដោយផ្ទាល់ ដល់ដំណើរការអនុវត្ត លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា៕
----------------------------------------------
ដោយ ក. ចាន់នីតា (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២១ មេសា ២០១៤