យុទ្ធនាការចែកខិតប័ណ្ណធ្វើកូដកម្មរបស់សហជីព រងការគម្រាមកំហែង
«យើងឃើញថាដូចកាលពីម្សិលមិញនេះ នៅពេលដែលយើងបានចែកលិខិតអំពាវនាវ ក៏មានការប្រតាយប្រតបទៅវិញដែរ» នេះគារលើកឡើងរបស់លោក សៀង សម្បត្តិ បន្ទាប់ពីតំណាងសហជីពរបស់លោក បានជួបបញ្ហាមួយចំនួនក្នុងអំឡុងពេលយុទ្ធនាការ ចែកខិតបណ្ណអំពាវនាវដល់កម្មករ។
តំណាងសហជីព ដែលរងការគម្រាមកំហែង ផ្ដល់ព័ត៌មានដល់អ្នកការសែត។ (រូបថត MONOROOM.info/ S. Tith)
វិបត្តិការងារ - សម្ព័ន្ធសហជីពទាំង១៨ បានចាប់ផ្តើមយុទ្ធនាការសារជាថ្មីក្នុងការ ចែកខិតប័ណ្ណអំពាវនាវឱ្យកម្មករនិយោជិក មន្រ្តីរាជការ និងសិស្សនិសិត្សចូលរួមតវ៉ាចាប់ថ្ងៃទី១៧ ដល់ថ្ងៃទី២២ ខែមេសាឆ្នាំ២០១៤ ដើម្បីជំរុញឲ្យរដ្ឋាភិបាល និងតំណាងរោងចក្រដោះស្រាយបញ្ហានានា ដែលកម្មករកំពុងជួបប្រទះ។
បើទោះបីជាការចែកចាយនេះ បានដំណើរការទៅយ៉ាងល្អក៏ដោយ តែនៅមានសហជីពមួយចំនួន ក៏បានជួបនូវបញ្ហាប្រឈមជាច្រើនដែរ។ លោក សៀង សម្បត្តិ ប្រធានសហជីព័ន្ធសហជីពមិត្តភាពកម្មករ ដែលតំណាងសហជីពរបស់លោកផ្ទាល់បានជួបនូវបញ្ហា បានអោយដឹងថា ប៉ុន្មានថ្ងៃកន្លងមកនេះ សហជីពរបស់លោកបានជួបនៅបញ្ហាប្រឈម ជាមួយខាងភាគីរោងចក្រ ដូចជាការគម្រាមកំហែងកម្មករ ដោយមានពួកបងតូចបងធំ រកវាយតប់ទៅលើតំណាងសហជីពរបស់លោក។
លោកថ្លែងបន្តថា៖ «យើងឃើញថា ប៉ុន្មានថ្ងៃបន្ទាប់ពីយើងចែកលិខិតទៅ ដូចជារោងចក្រ ប្រាយស្កាយ នេះផ្ទាល់ បានបញ្ឈប់តំណាងសហជីពរបស់យើងបីរូប ដោយសារតែបានចែកលិខិតអំពាវនាវទាមទារប្រាក់ខែ១៦០ដុល្លា»។
លោក ណៃ វ៉ងដា អនុប្រធានផ្នែកសិទ្ធិមនុស្ស និងជំនួយការច្បាប់របស់សមាគមការពារសិទ្ធិមនុស្សអាដហុក បានបង្ហាញការយល់ឃើញថា ការគម្រាមកំហែងផ្សេង ការប្រើពួកបងតូចបងធំគម្រាមវាយសហជីពនិងកម្មករ និងដាក់កងទ័ពជាដើម វាមិនមែនជារឿងត្រឹមត្រូវនោះទេ ព្រោះកម្ពុជាមិនទាន់ប្រកាសអាសន្ន ដែលត្រូវប្រើវិធីបែបនេះទេ។ អ្វីដែលសំខាន់គឺបញ្ហាក្រពះ និងសន្តិសុខ សន្តិភាពរោងចក្រ។
យ៉ាងណាម៉ិញ បើទោះបីជាមានបញ្ហាប្រឈមដូចការលើកឡើង របស់ប្រធានសហព័ន្ធសហជីពមិត្តភាពកម្មករខាងលើក៏ដោយ សម្ព័ន្ធសហជីពទាំង១៨ នៅតែរក្សាជំហរទាមទារយុត្តិធម៌ និងការតម្លើងប្រាក់ខែជូនកម្មករ ដើម្បីធានានូវការរស់នៅដោយសមរម្យ។ ប្រធានសហពន្ធ័សហជីពកម្មករចំណីរអាហារ និងសេវាកម្មកម្ពុជា លោក សរ ម៉ូរ៉ា បានបញ្ជាក់យ៉ាងដូច្នេះដែរថា៖ «វិធីសាស្រ្តនៃការប្រើអំពើហិង្សា ការបង្រ្កាបមិនមែនជាដំណោះស្រាយនោះទេ អ្វីដែលជាដំណោះស្រាយ គឺធ្វើទៅតាមអ្វីដែលជាកង្វល់របស់កម្មករនិយោជិក។ យើងឃើញហើយ មកដល់ពេលនេះកម្មករនៅតែប្រឈមនឹងការសន្លប់ និងបញ្ហាសុខភាពផ្សេងៗ ដែលវាបណ្តាលមកពីកត្តាប្រាក់ឈ្នួល និងកត្តជីវភាពរស់នៅ។»។
សូមបញ្ជាក់ថា បញ្ហាដែលសម្ព័ន្ធសហជីពទាំង១៨ បានអំពាវនាវអោយកម្មករចូលរួមទាមទារតវ៉ា ៧ ចំណុច ក្នុងនោះរួមមាន៖
១. ស្នើឲ្យតុលាការដោះលែងអ្នកជាប់ឃុំទាំង២១នាក់ និងទម្លាក់ការចោទប្រកាន់អ្នកទាំង២៣នាក់ទាំងស្រុង
២. ស្នើឲ្យរាជរដ្ឋាភិបាលសម្របសម្រួលភាគីសហជីព និងនិយោជក ឱ្យមានចរចាដំឡើងប្រាក់ឈ្នួលគោល ១៦០ដុល្លារ ដល់កម្មករឡើងវិញ
៣. ស្នើឲ្យតុលាការចោទប្រកាន់ជនល្មើសដែលប្រើហិង្សា និងសម្លាប់កម្មករ ព្រមទាំងផ្តល់សំណងជំងឺចិត្ត ដល់ជនរងគ្រោះដែលបានបាត់បង់ជីវិត រងរបួស និងជាប់ឃុំ
៤. ស្នើរដ្ឋាភិបាលត្រូវដកបម្រាម ការជួបប្រជុំជាសាធារណៈរបស់ ប្រជាពលរដ្ឋចេញវិញ
៥. ស្នើនិយោជកដកបណ្តឹងប្រឆាំងថ្នាក់ដឹកនាំសហជីព និងកម្មករនិយោជកទាំងអស់
៦. ស្នើនិយោជក ត្រូវទទួលយកកម្មករដែលបានបញ្ឈប់ពីការងារឲ្យចូលធ្វើការវិញ ព្រមទាំងបង់ប្រាក់រំលឹកដល់ពួកគេគ្រប់ៗគ្នា
៧. និយោជក ដែលបានកាត់ប្រាក់ឈ្នួល និងប្រាក់រង្វាន់ទៀងទាត់ក្នុងកំឡុងពេលធ្វើកូដកម្មកន្លងមក ត្រូវផ្តល់ជូនដល់កម្មករវិញ៕
----------------------------------------------
ដោយ ក. ចាន់នីតា (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី ០៩ មេសា ២០១៤