សម្ភាស ខាន់ ចំណាន៖ ពលរដ្ឋទន្រ្ទានដីរដ្ឋ មិនមែនរដ្ឋទន្ទ្រានដីរាស្រ្តទេ
- ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៨ ឧសភា ២០១៤
- កែប្រែចុងក្រោយ: May 29, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការក្រោកឡើងរបស់ប្រជាពលរដ្ឋពីខេត្តក្រចេះ មកកាន់រាជធានីភ្នំពេញ រឿងដីធ្លី ដែលអាជ្ញាធរបានរឹបអូស យកទៅឲ្យក្រុមហ៊ុនវៀតណាមមកទល់នឹងពេលនេះ បានបង្កឲ្យមានប្រតិកម្មបានលេចចេញមកជាបន្តបន្ទាប់។ ប៉ុន្តែសម្រាប់លោក ខាន់ ចំណាន អភិបាលរងខេត្តក្រចេះ នៅតែប្រកាន់ជំហរថា គឺប្រជាពលរដ្ឋទាំងនោះទៅវិញទេ ដែលជាអ្នក«ទន្ទ្រានយកដីរដ្ឋ» មិនមែនរដ្ឋយកដីរបស់ពួកគាត់ឡើយ។
លោក ខាន់ ចំណាន អភិបាលរងខេត្តក្រចេះ។ (រូបថត MONOROOM.info/ O. Vary)
វិបត្តិដីធ្លី - ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន នាបរិវេណវត្តសាមគ្គីរង្សី រាជធានីភ្នំពេញ ក្នុងនាមជាអភិបាលរងខេត្តក្រចេះ និងជាអ្នកតំណាងមកសម្របសម្រួល ជាមួយប្រជាពលរដ្ឋនោះ លោកខាន់ ចំណាន បាននិយាយថា អាជ្ញាធរនិងប្រជាពលរដ្ឋដែលមានបញ្ហា ត្រូវតែធ្វើការដោះស្រាយគ្នា និងរិះរកមធ្យោបាយណា ដែលនឹងត្រូវធ្វើជាបន្តទៀត។ លោកបញ្ជាក់ថា «មានបញ្ហាត្រូវតែដោះស្រាយ។ ពេលនេះ ស្ថិតនៅក្នុងដំណើរការដោះស្រាយរបស់ថ្នាក់ជាតិ ខ្ញុំជាសមាជិកគ្រាន់តែទទួលយកការណែនាំ និងផ្តល់នូវព័ត៌មានផ្សេងៗ ជាមួយនឹងការទទួលព័ត៌មានឲ្យបានអស់នូវឬសគល់នៃបញ្ហា។»
ជាមួយនឹងបញ្ហាចំណាកស្រុក របស់ប្រជាពលរដ្ឋពីខេត្តក្រចេះ ដើម្បីស្នើដល់រដ្ឋាភិបាលថ្នាក់លើជួយអន្តរាគមន៍នោះ លោកបានមិនបដិសេធ តែក៏មិនធ្វើការឆ្លើយតបយ៉ាងណានោះដែរ លោកគ្រាន់តែបញ្ជាក់ថា ដីចំណុចដែលមានទំនាស់ជាមួយប្រជាពលរដ្ឋនោះ ជាដីព្រៃ«ស្រោង»របស់រដ្ឋ ដែលប្រជាពលរដ្ឋបាននាំគ្នាកាប់ទន្ទ្រានយកធ្វើកម្មសិទ្ធិ ដោយគ្មានការអនុញ្ញាតិឡើយ។ «ដីដែលពួកគាត់ (ប្រជាពលរដ្ឋកាប់រាន ទន្ទ្រានយក ជាដីព្រៃរក្សាទុករបស់រដ្ឋ។ ព្រៃប្រភេទព្រៃស្រោងនេះ យើងមិនបានផ្តល់ឲ្យក្រុមហ៊ុនធ្វើការវិនិយោគទេ។ (....) យើងក៏បានធ្វើការអប់រំណែនាំពួកគាត់ ចាប់តាំងពីចុងឆ្នាំ២០១២មក ក្រោយពេលប្រកាសបទបញ្ជាលេខ០១មក។ យើងបានធ្វើការផ្សព្វផ្សាយច្រើនណាស់ មិនអាចឲ្យធ្វើការកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋទេ។ (...) ដីនោះមានទំហំជាង៤០០ហិកតា ហើយចំណុចដែលពួកគាត់កាប់នោះមានចំនួនជិត២០០ហិកតា ឯព្រៃដែលពួកគាត់កាប់នោះអស់ជា៧៥០ហិកតាហើយ។»
លោកបានបន្ថែមថា តាមការណែនាំពីប្រមុខរាជរដ្ឋាភិបាល អាជ្ញាធរបានធ្វើការអំពាវនាយឲ្យមានការគោរពច្បាប់ ទាំងច្បាប់ព្រៃឈើ និងច្បាប់ភូមិបាលទៅដល់ប្រជាពលរដ្ឋទាំងនោះ។
ប្រជាពលរដ្ឋពីខេត្តក្រចេះដែលរងគ្រោះទាំងនោះ តែងតែចោទប្រកាន់ទៅលើក្រុមអាជ្ញាធរមួយចំនូន ដែលឆ្លៀតកេងចំណេញពីបទបញ្ជាលេខ០១ ចុះថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១២ ទាំងដីព្រៃ និងដីលំនៅដ្ឋាន ដែលជាកម្មសិទ្ធិរបស់ប្រជាពលរដ្ឋ ទៅលក់ឲ្យក្រុមហ៊ុនយួនដាំកៅស៊ូ និងមិនមានការសងនូវសំណងណាមួយឡើយ។ ជាងនេះទៅទៀតក៏បានរុញ ឈូស ឆាយកំទេចនូវផ្ទះសម្បែងដែលជាជំរកប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋក្រីក្រទៀតផង។
ឆ្លើយទៅនឹងករណីខាងលើ លោកអភិបាលរងខេត្តក្រចេះរូបនេះបានធ្វើការបដិសេធចោល ដោយមិនទទួលយកការចោទប្រកាន់ទាំងនោះទេ។ លោកបានអះអាងផ្ទុយពីនេះយ៉ាងដូច្នេះថា «កិច្ចប្រតិបត្តិការទៅលើព្រៃរក្សាទុក ជាកាតព្វកិច្ចរបស់អាជ្ញាធររដ្ឋ។ អាជ្ញាធររដ្ឋមានក្រុមអន្តរាគមន៍ពិសេស ដែលជាក្រុមចម្រុះថ្នាក់ខេត្ត និងថ្នាក់ស្រុកបានចុះធ្វើអន្តរាគម ដោយសារតែជាព្រៃរក្សាទុក។ (...) អាជ្ញាធរចាំបាច់ត្រូវតែគោរពច្បាប់ស្តីពីព្រៃឈើ និងបទបញ្ជារបស់រាជរដ្ឋាភិបាល ក្នុងការការពារព្រៃ ក៏ដូចជាដី របស់រដ្ឋ។»
លោកបានបញ្ជាក់ថា ក្រុមការងាររបស់លោក តែងតែធ្វើការផ្សព្វផ្សាយ ទៅដល់ប្រជាពលរដ្ឋទាំងអស់ដែលខ្វះខាតដី ឲ្យដាក់ពាក្យស្នើសុំដីសម្បទានសង្គមកិច្ច ដើម្បីរដ្ឋមានវិធានការជួយដោះស្រាយ។ លោកបន្តថាសព្វថ្ងៃនេះ អាជ្ញាធរកំពុងតែរៀបចំដីសម្បទានសង្គមកិច្ច ប្រមាណចាង៧០០ពាក់ហិកតាទៀតនៅក្នុងស្រុកសំបូរ ខេត្តក្រចេះ។ «រឿងដីខេត្តក្រចេះមិនខ្វះទេ ប៉ុន្តែមិនអាចទៅរៀបចំ តាមការចង្អុលបង្ហាញ របស់ពួកគាត់ទេ។ រដ្ឋមានផែកការច្បាស់លាស់របស់រដ្ឋ។ ដីដែលយើងកំពុងរៀបចំនេះ ជាដីសម្បទានសេដ្ឋកិច្ច ដែលរាជរដ្ឋាភិបាលបានលប់ពីក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច ក្នុងស្រុកសម្បូរណ៍។»៕