សួង សុភ័ណ្ឌ៖ មិនបន្តឧទ្ធរណ៍ ប្តឹងនាយករដ្ឋមន្ត្រីទេ ព្រោះអស់ជំនឿលើតុលាការ
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: December 22, 2012
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បន្ទាប់ពីការសម្រេចរបស់តុលាការ ក្នុងការតំកល់ពាក្យបណ្ដឹងលោក មិនចាត់ការនោះមក លោកសួង សុភ័ណ្ឌ ប្រធានចលនាយុវជនគណបក្សសមរង្សី បានថ្លែងប្រាប់មនោរម្យព័ងអាំងហ្វូថា លោកបានប្ដូរចិត្ត «មិនប្តឹងបន្ត»ទៅឧទ្ធរណ៍ទេ។ លោកថា លោកអស់សង្ឈឹម នឹងប្រពន្ធ័តុលាការនៅកម្ពុជា ដោយលោកបានដឹងជាមុនថា ទោះជាយ៉ាងណាក៏ដោយ ក៏លោកនឹងនៅតែមិនមានជ័យជំនះដែរ។ តែផ្ទុយទៅវិញ លោកជឿជាក់លើ«តុលាការប្រជាពលរដ្ឋ»។
លោកសួង សុភ័ណ្ឌ ប្រធានចលនាយុវជន គណបក្សសមរង្សី កាលពីខែមិនាឆ្នាំ២០១២កន្លងទៅ។
រូបថត samrainsypartyyouth.blogspot.com។
តុលាការក្រុងភ្នំពេញ បានចេញដីកាបង្គាប់លោកសួង សុភ័ណ្ឌ ឲ្យចូលខ្លួនដើម្បីបង្ហាញភស្តុតាង លើពាក្យបណ្តឹងនៅថ្ងៃសុក្រទី០៧ធ្នូម្ដង និងបន្ថែមភស្តុតាងម្ដងទៀត នៅថ្ងៃសុក្រទី១៤ធ្នូកន្លងមកនេះ។ តែនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១២ លិខិតមួយច្បាប់ ចុះហត្ថលេខាដោយ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ លោក មាស ច័ន្ទពិសិដ្ឋ បានប្រគល់ទៅដល់ដៃដើមបណ្ដឹង លោក សួង សុភ័ណ្ឌ ដោយបញ្ជាក់ពី ការសម្រេច«តម្កល់សំណុំរឿង» មិនចាត់ការលើពាក្យបណ្តឹងប្រឆាំង នាយករដ្ឋមន្ត្រីលោក ហ៊ុន សែន។ ប្រធានចលនាយុវជន គណបក្សសមរង្សីរូបនេះ បានចាត់ទុកការតម្កល់ទុក ឥតចាត់ការរបស់តុលាការ ជា«រឿងនយោបាយ» ហើយលោកមិនមានសង្ឃឹមថា នឹងឈ្នះក្ដីទេ បើទោះលោកបន្តប្ដឹងឧទ្ធរណ៍សារទុក្ខ ដល់ណាក៏ដោយ។
អ្នកវិភាគជាច្រើន បានលើកឡើងពី បណ្ដឹងប្ដឹងចោទលោកនាយករដ្ឋមន្ត្រី របស់លោក សួង សុភ័ណ្ឌនេះ ថាមានចរិកនយោបាយច្រើនជាង ចង់រកយុត្តិធម៌ជូនជនរងគ្រោះ។ ប្រធានសភាសម្ពន្ធ័សហជីបជាតិកម្ពុជា (NACC) លោក សោម អូន បានវាយតម្លៃពីពាក្យបណ្ដឹងនេះ ថាមានលក្ខណៈបុគ្គល គ្មានពាក់ពន្ធ័ជាមួយគណបក្ស ឬជាមួយក្រុមគ្រួសារជនរងគ្រោះ ដែលធ្វើអោយដើមបណ្ដឹងគ្មាននិតិភាពគ្រប់គ្រាន់ ជាតំណាងអោយជនរងគ្រោះ តែផ្ទុយមកវិញ វាជាពាក្យបណ្ដឹងដើម្បី«ភាពល្បីល្បាញ»មួយ។
គួររំលឹកថា កាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នំា ២០១២ លោក សួង សុភ័ណ្ឌ បានដាក់ពាក្យ បណ្តឹង ទៅសាលាដំបូងរាជធានីភ្នំពេញ ប្តឹងចោទលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ពីបទមនុស្សឃាត «គិតទុកជាមុន» ក្នុងពិធីបុណ្យអ៊ុំទូក យប់ថ្ងៃទី២២ ខែ វិច្ឆិកា ឆ្នំា ២០១០ ដែលបណ្តាលឲ្យពលរដ្ឋខែ្មរស្លាប់៣៥៣នាក់ និងរបួសជាង៤០០នាក់ នៅលើស្ពានកោះពេជ្រ លើទន្លេបាសាក់ ក្រុងភ្នំពេញ ។
ប្រធានក្រុមអ្នកស្រាវជ្រាវឯករាជ្យជាន់ខ្ពល់ (ART) លោក កែម ឡី បានយល់ថា បណ្ដឹងប្ដឹងពីឃាតកម្មគិតទុជាមុន វាជារឿងមួយហូសហេតុបន្តិច ហើយការផ្អឹបសំណុំរឿងនេះមិនចាត់ការ វាជាការសមស្របមួយ។ លោកថា ដើមបណ្ដឹងគួរធ្វើជាញ្ញតិ ឬសេចក្តីថ្លែងការណ៍ ឲ្យរដ្ឋាភិបាលស្រាវជ្រាវបន្ថែម ឬតវ៉ាកុំឲ្យវាយស្ពានបំបាត់ភស្តុតាង វាប្រសើរជាងការប្តឹងផ្ដល់បែបនេះ។ លោកបន្តអោយយោបល់យ៉ាងដូច្នេះថា «ក្នុងនាមជាគណបក្សប្រឆាំង ជាសក្មជនណាមួយ គួរស្វែងរកមូលនិធិ ដើម្បីធ្វើការសិក្សាស្រាវជ្រាវបន្ថែម ឲ្យមានលក្ខណៈសកល ហើយដាក់របកគំហើញថ្មី ទៅរដ្ឋាភិបាលប្រសើរជាង»។
ទាក់ទងនិតិវិធីរបស់តុលាការ លោកសួង សុភ័ណ្ឌ បានបន្តការកើតទុក្ខមិនសុខចិត្តទៀតថា អ្នកកាន់សំនុំរឿងដំបូង ជាព្រះរាជអាជ្ញារងលោក សុខ រឿង តែដល់ពេលមកសាកសួរ បែរទៅព្រះរាជអាជ្ញារងលោក មាស ចន្ទ័ពិសិទ្ធិទៅវិញ ហើយតុលាការមិនបានធ្វើការស៊ើបអង្កេតអ្វីទេ គឺរងចាំតែតម្កល់រឿងទុក ឥតចាត់ការប៉ុណ្ណោះ ។
លោក កែម ឡី ដែលទំនងជាយល់ស្រប បានពន្យល់ថា ទោះរឿងពិត ឬមិនពិតយ៉ាងណាក៏ដោយ តុលាការត្រូវធ្វើការសិក្សាស្រាវជ្រាវបន្ថែម ឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បឲ្យដើមបណ្តឹងអស់ចិត្ត ទាំងក្នុងប្រព័ន្ធតុលាការ ទាំងក្រៅប្រព័ន្ធតុលាការ ធ្វើយ៉ាងណាឲ្យមានតម្លាភាព។ «ការធ្វើឲ្យមានតម្លាភាព ត្រូវមានការសាកសួរ ឆ្លើយ ទាំងដើមចោទ ចុងចោទ សាក្សី ត្រូវមានមេធាវីទាំងសងខាង (...)។» លោកថា ចំណាត់ការតែម្ខាង មិនត្រឹមតែផ្តល់ផលវិបាក ទៅអ្នកដើមបណ្ដឹងប៉ុណ្ណោះទេ តែវាផ្តល់ផលវិបាកទៅដល់សង្គមទាំងមូល ធ្វើឲ្យមានមន្ទិល និងបាត់បង់ជំនឿ ពីសាធារណៈជន ហើយក៏ជាមេរៀនមិនល្អសំរាប់សិស្ស និស្សិត និងកូនចៅជំនាន់ក្រោយដែរ ។
រីឯលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាវិញ បានប្រកាសកាលពីថ្ងៃទី២ធ្នូ នៅខេត្តព្រះសីហនុ ថាលោកនឹង«ប្តឹងបក» ក្នុងនាមជាពលរដ្ឋម្នាក់ បើតុលាការរកមិនឃើញកំហុស ដូចការចោទប្រកាន់ ដើម្បីជាការរក្សាកិត្តិយស សេចក្តីថ្លៃថ្នូរ របស់លោក និងរដ្ឋាភិបាល។ យល់ច្បាស់ពីបញ្ហាបណ្ដឹងបកជាយថាហេតុ របស់លោកនាយករដ្ឋមន្ត្រីនេះ លោកសួង សុភ័ណ្ឌ បានបន្ថែមថា «បើរមើលរូបភាពខាងក្រៅ មិនមែនជាការគំរាមកំហែង។ តែបើមើលរូមភាពខាងក្នុង គឺជាការគំរាមកំហែងជាក់ច្បាស់ណាស់ ថាឲ្យតុលាការតម្កល់រឿងទុកឥតចាត់ការ (...)»។
សកម្មជនរូបនេះ របស់គណបក្សប្រឆាំងធំជាងគេនៅកម្ពុជា បានបង្ហាញនូវភាពអង់អាចរបស់លោក ថាមិនខ្លាចចំពោះការប្រឈមមុខតទល់ នឹងលោកនាយករដ្ឋមន្ត្រីហ៊ុនសែន តាមផ្លូវតុលាការទេ។ តែលោកជឿថា ប្រមុខរដ្ឋាភិបាលនឹងគិតត្រិះរិះពិចារណា ក្នុងនាមជាថ្នាក់ដឹកនាំប្រទេសម្នាក់។ ហើយ «បើលោក (ហ៊ុន សែន) ចង់ប្តឹងមកលើជនសាមញ្ញម្នាក់ ត្រូវយកគំរូតាមប្រធានាធិបតីប្រទេសអ៊ីស្រាអ៊ែល ដែលបានចុះពីតំណែង (ជាមុនសិន) ដើម្បីប្តឹងលើនារីយោធា ជាជនសាមញ្ញម្នាក់»។ លោកបន្តថា «ធ្វើដូច្នេះដើម្បីឲ្យមានសិទ្ធិស្មើគ្នា ទើបដឹងថាតុលាការឯករាជ្យ» ។
ទាក់ទងឯករាជ្យភាព របស់តុលាការកម្ពុជា ដែលកំពុងរងនូវការរិះគន់ យ៉ាងចាស់ដៃ ថាតែងតែនៅក្រោមឥទ្ធិពលនយោបាយនោះ លោកកែម ឡី ខ្លួនលោកផ្ទាល់ ក៏ពុំសូវមានជំនឿពេញលេញ ទៅលើប្រព័ន្ធយុត្តិធម៌កម្ពុជានេះដែរ។ លោកអះអាងថា ទាំងចៅក្រម ទាំងព្រះរាជអាជ្ញា សុទ្ធតែមានជំនាញត្រឹមត្រូវ និងបទពិសោធន៍ច្រើន តែលោកមិនយល់ និងបានចោទជាសំនួរមកវិញថា តើចៅក្រម និងព្រះរាជអាជ្ញាទាំងនោះ ជាសមាជិករបស់គណបក្ស ឬយ៉ាងណា? លោកថែមទាំងបានសួរបន្ថែមទៀតថា «តើសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ជាអ្នកណា? ជាសមាជិកចេញពីបក្សណា ហើយជារួម ក្រោមការបញ្ជាពីក្រុមណា ?»
ខុសពីចម្ងល់ខាងលើ លោក សោម អូន បកស្រាយយ៉ាងដូច្នេះថា តុលាការជាស្ថាប័នឯករាជ្យ និងបានដោះស្រាយសំណុំរឿង ដោយឈរលើ«គោលការណ៍ច្បាប់»។ «ការងារដែលពាក់ពន្ធ័ជាមួយតុលាការ ទុកឲ្យតុលាការជាអ្នកសម្រេចទៅ។ អ្នកចាញ់ក្តី តែងតែលើកឡើងពីភាពអយុត្តិធម៌ នេះជារឿងធម្មតា (...)៕»
---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ