អវសាននៃពិភពលោក៖ អ្នករួចរស់ជីវិត ពីភ្លើងឆេះកាល
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: December 21, 2012
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការគម្រាមកំហែង នៃ«អវសាននៃពិភពលោក» តាមប្រតិទិនម៉ាយ៉ា (សម្រាប់ពុទ្ធសាសនា គេអាចនិយាយថា ជាភ្លើងឆេះកាល) បានបង្កើតអោយមានជាប្រវត្តិសាស្ត្រមួយ ដែលគួរអោយភ្ញាក់ផ្អើល ទាំងក្នុងចំណោមមនុស្សដែលជឿ និងមនុស្សដែលមិនជឿ នៅទូទាំងជុំវិញផែនដី។ សូមអានការនិទានខ្លីៗ ពីព្រឹត្តិការណ៍នេះ។
រូបភាពកាត់ត ពីកងចក្រម៉ាយ៉ា និងរស្មីព្រះអាទិត្យ។ រូបភាពអាំងធើណែត។
«អវសាននៃពិភពលោក» បានបង្អើលពិភពលោក
នៅប្រទេសចិន សមាជិក«សាសនាព្រះគ្រឹស្ដិ៍ដ៏អស្ចារ្យ» ចំនួន១០០០នាក់ ត្រូវបានឃាត់ខ្លួន និងយកទៅដាក់ឃុំ ដោយហេតុថាពួកគេទាំងនេះ បានដើរផ្សព្វផ្សាយ«បំផុសបំផុល» ពីបញ្ហា«អវសាននៃពិភពលោក»នេះ។
នៅប្រទេសសែរប៊ី ភ្នំមួយដែលមានរាងដូចសាជី ត្រូវបានគេជឿថា ជាជម្រកចុងក្រោយនៃ«អវសាននៃពិភពលោក» ដោយសារតែនៅទីនោះ មានដែនអេឡេត្រូវម៉ាញ៉េទិក។ តំបន់នោះបានទាក់ទាញមនុស្សអោយធ្វើដំណើរមកស្នាក់នៅ បើទោះជាមានសណ្ឋាគារទាំងមួយសម្រាប់ទទួលក៏ដោយ។
នៅបារាំង អ្នកដែលរំពឹងថា នឹងមាន«អវសាននៃពិភពលោក»មែននោះ បាននាំគ្នាជឿថាតំបន់ ប៊ូហ្គារ៉ាច (Bugarach) ដែលនៅក្បែរជួរភ្នំពីរាណេ នឹងជៀសផុតពីការរលត់រលាយនៃផែនដី។ ទីក្រុងតូចមួយនេះ ដែលស្ថិតនៅ លើភ្នំថ្មកំពស់ ១២៣០ម៉ែត្រ នេះ នឹងក្លាយជាចំណតយាន្ដ របស់មនុស្សពិភពផ្សេង។ ខ្លះបានរៀបចំបោះតង់ការពារ ដើម្បីជាជម្រក នឹងគ្រាន់បានរួចរស់ពីជីវិត។ ខ្លះទៀត បានជីករណ្ដៅក្រោមដី ហើយបានផ្ទុកនូវម្ហូបចំណី ដើម្បីចិញ្ចឹមជីវិត ក្នុងរយះពេលរាប់ខែ នៃគ្រោះ«អវសាន»របស់ប្រវត្តិសាស្ត្រ ផែនដី។ ដោយបារម្ភពីសោកនាដកម្ម ដែលមិនអាចស្មានត្រូវ ជាពិសេសពីបណ្ដាអ្នកជឿស៊ប់លើ «អវសាននៃពិភពលោក»នេះ ទើបអាជ្ញាធរនៅទីនោះ បានហាមឃាត់ មិនអោយមាននរណាម្នាក់ ធ្វើដំណើរទៅកាន់ទីនោះឡើយ។
នៅរ៉ូស្សីឯណោះវិញ ក្បែរនឹងទីក្រុងម៉ូស្គូ មនុស្សទីមួយដែលជឿស៊ប់នឹង «អវសាននៃពិភពលោក» បានសម្លាប់ខ្លួន ដោយលោតពីជាន់ទី១៣ នៃអាគាររស់នៅ។ សែរហ្សីវ ប៉ូសាដ (Sergiev Posad) អាយុ៧៣ឆ្នាំ បានបណ្ដែតអារម្មណ៍ទៅតាម ការផ្សាយរបស់ទូរទស្សន៍ តាំងពីប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ហើយឈានដល់ដំណាក់កាលចុងក្រោយ នៃការសម្លាប់ខ្លួន នៅចំថ្ងៃ«អវសាននៃពិភពលោក»នេះតែម្ដង។
សប្បាយដើម្បីបំភ្លេច
តៀមស្រាខ្លះ បានសាកល្បងយកព្រឹត្តិការណ៍នេះ ដើម្បីនឹងផ្សព្វផ្សាយរកទីផ្សារអោយខ្លួន ដូចជា «បំណាច់នឹងស្លាប់ យ៉ាងហោចណាស់ក៏បានផឹកមួយកែវដែរ»។ មានរង្គសាលរាំរែកខ្លះទៀត បានរៀបចំកម្មវិធីនៅយប់ថ្ងៃ «អវសាននៃពិភពលោក» ដើម្បីធ្វើកម្មវិធីជប់លៀងយ៉ាងធំ ឧទ្ទិសអោយ ថ្ងៃចុងក្រោយនៃជីវិត។ ស្ថានីយ៍វិទ្យុខ្លះ បានរៀបចំការប្រកួតផ្សេងៗ នៅជុំវិញប្រធានបទដូចគ្នា «តើអ្នកចង់ធ្វើអ្វី នៅមុនអវសាននៃពិភពលោក»? ផ្ញើររូបថតមួយសន្លឹក រូបភាពគូរដោយដៃ សរសេរសំបុត្រពីបេះដូងពិតមួយ ឬធ្វើអ្វីក៏ដោយ ... សូមពន្យល់ពីទឹកចិត្តរបស់អ្នក «ក្រែងលោ»អ្នកអាចបន្តជីវិតបាន នៅក្រោយ«អវសាននៃពិភពលោក»នេះ !
ពិភពអាំងធើណែត ជ្រួលច្របល់
ពាក្យចចាមអារាម ស្ដីពី«អវសាននៃពិភពលោក» មិនត្រូវបានបង្អើល តែក្នុងចំណោមអ្នកដែលជឿស៊ប់ប៉ុណ្ណោះទេ តែបើសូម្បីពិភពអាំងធើណែត ក៏មនុស្សម្នាអ្នកលេង បាននាំគ្នានិយាយបង្អើលតាមដែរ។ គេហទំព័រមួយនៅអាមេរិក ឈ្មោះ december212012.com ដែលធ្វើខ្លួនជាគេហទំព័រផ្លូវការ បាននិយាយដាក់ជាសំនួរចោទឆ្លើយ នៅជុំវិញព្រឹត្តិការណ៍នេះ។ គេថែមទាំងបានលើកមកនិយាយថា គ្រោះធម្មជាតិ ឬសោកនាដកម្ម បាញ់សម្លាប់ ដែលបានកើតមក រហូតមកទល់នឹងសព្វថ្ងៃ គឺជាដំណាក់កាលជាជំហ៊ានៗ ដែលឈានទៅរកថ្ងៃ«អវសាននៃពិភពលោក»។
នៅទីក្រុងម៉ុងរ៉េអាល់ នៃប្រទេសកាណាដា ប្លូង (blog) ជាច្រើនត្រូវបានបង្កើតឡើង ដើម្បីជជែកត្រៀមបំរុងពីស្ថានការណ៍ ដ៏ពិតប្រាកដ ដែលអាចកើតឡើងជាយថាហេតុ។ បួកគេថា ត្រូវបង្កាចំណីរអាហារ និងទឹក។ សមាជិកម្នាក់ ពីក្នុងចំណោមនោះ បាននិយាយថា «ខ្ញុំមិនជឿវាទេ។ តែតាំងពីប៉ុន្មានខែមកហើយ ខ្ញុំឃើញមានកើតនូវរឿងចំលែកៗ ច្រើនណាស់។» ខ្លះទៀតសួរថា «នៅទីក្រុងម៉ុងរ៉េអាល់ មានកន្លែងណាមានសុវត្ថិភាពទេ?» គេហទំព័រ 2012fin.com បានដាក់នៅទំព័រមុខថា កម្មវត្ថុនៃគេហទំព័រ មិនមែនបង្កើតអោយមាន«ចលាចល»នោះទេ ហើយបាននៅបន្តទទួល មតិយោបល់របស់សមាជិកខ្លួន យ៉ាងសន្ធឹកសន្ធាប់ ជាពិសេស អ្នកខ្លះបាននិយាយថា «ថ្ងៃនេះ ខ្ញុំនៅរស់នៅឡើយទេតើ»។
ប្រតិទិន ម៉ាយ៉ា (maya)
ថ្ងៃ«អវសាននៃពិភពលោក» បានកំណត់ដោយប្រតិទិននៃជនជាតិម៉ាយ៉ា ដែលមានរស់នៅនៅឡើយ នៅទ្វីបអាមេរិកកណ្ដាលសព្វថ្ងៃ។ ប្រតិទិននោះ មានអាយុកាល ៥២០០ឆ្នាំ ហើយបានបញ្ឈប់កងចក្ររបស់ខ្លួន នៅក្នុងអំឡុងខែធ្នូឆ្នាំ២០១២នេះ។ បន្ទាប់មក ក្រុមអ្នកមានជំនឿផ្សេងទៀត បានជ្រើសរើសថ្ងៃទី២១ ខែ១២ ឆ្នាំ ២០១២ ដើម្បីកំណត់ជាថ្ងៃចុងក្រោយ នៃ«អវសាននៃពិភពលោក»។
តែបើតាមអ្នកប្រវត្តិវិទូទាំងឡាយក្នុងលោក គេមិនដែលទទួលបានលទ្ធផល ពីការស្រាវជ្រាវតាមបែបវិទ្យាសាស្ត្រណាមួយ ដែលនឹងកំណត់ថា មាន«ភ្លើងឆេះកាល»នោះទេ៕
------------------------------------------------
ដោយ៖ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ