វិភាគ៖ ប្រព័ន្ធ​យុត្តិធម៌​ប្រទេស នៃអ្នក​មាន​អំណាច និង​អ្នក​មាន​ប្រាក់?

«ច្បាប់» ជាអត្ថបទបញ្ញាត្តិមួយ ដែលអនុម័តដោយសភាជាតិ ក្រោមអំណាចនៃរដ្ឋធម្មនុញ្ញ ហើយត្រូវបានប្រកាសឱ្យប្រើដោយព្រះមហាក្សត្រ តាមមធ្យោបាយដែលបានបញ្ញតិ្ត និងក្នុងទម្រង់ដែលធ្វើឲ្យច្បាប់នោះក្លាយទៅជាច្បាប់ដែលមានសុពលភាព ។ ច្បាប់ប្រមូលផ្តុំនូវរាល់បញ្ញត្តិ និងការផ្តន្ទាទោសទៅលើបទល្មើសផ្សេងៗ ។ ច្បាប់ដែលមានសុពលភាព គឺសម្រាប់អនុវត្តទៅលើ គ្រប់បុគ្គលទាំងអស់ ដោយមិនប្រកាន់និន្នាការនយោបាយ មាសប្រាក់ ឬបក្ខពួកនិយមឡើយ។ ហើយច្បាប់ ក៏ដាក់បញ្ញត្តិ បញ្ជាក់ពីតួនាទីរបស់ អ្នកអនុវត្តច្បាប់ដែលរួមមាន អាជ្ញាធរមានសមត្ថកិច្ច និងតុលាការនោះដូចគ្នា។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: December 21, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ខណៈពេលដែលអ្នកនយោបាយខ្មែរ ឈប់កាប់សម្លាប់គ្នា ហើយយកប្រព័ន្ធតុលាការ មកដោះស្រាយជម្លោះ«ជាអាជីប»​ រវាងគ្នាវិញនោះ ប្រព័ន្ធយុត្តិធម៌នៅក្នុងប្រទេសកម្ពុជា កំពុងស្ថិតនៅឆ្ងាយនៅឡើយ ពីការកោតសរសើរថា ជាប្រព័ន្ធមួយ​យុត្តិធម៌ ឯករាជ្យ និងស្អាតស្អំ គួរជាទីទុកចិត្តបាន ពីសំណាក់ជនរងគ្រោះ នឹងអំពើអយុត្តិធម៌។ ការសម្រេចចិត្តរបស់​តុលាការ ទៅលើប៉ុន្មានសំនុំរឿងចុងក្រោយនេះ វាបានក្លាយជាកញ្ចក់យ៉ាងថ្លាឆ្វង់ ឆ្លុះបញ្ចាំងអោយឃើញពីវប្បធម៌មួយ ដែលអ្នកតាមដានវិភាគ និយាយថា អាចត្រឡប់ពីសរមកខ្មៅ និងពីខ្មៅទៅជាខៀវបាន។


តើយុត្តិធម៌មានទេ បើមនុស្សជាអ្នកកាន់វា ក្នុងដៃយ៉ាងនេះ? រូបថត Reuters/ Stéphane Mahé ។

«ច្បាប់» ជាអត្ថបទបញ្ញាត្តិមួយ ដែលអនុម័តដោយសភាជាតិ ក្រោមអំណាចនៃរដ្ឋធម្មនុញ្ញ ហើយត្រូវបានប្រកាសឱ្យប្រើ​ដោយព្រះមហាក្សត្រ តាមមធ្យោបាយដែលបានបញ្ញតិ្ត និងក្នុងទម្រង់ដែលធ្វើឲ្យច្បាប់នោះ ក្លាយទៅជាច្បាប់​ដែលមាន​សុពលភាព ។ ច្បាប់ប្រមូលផ្តុំនូវរាល់បញ្ញត្តិ និងការផ្តន្ទាទោសទៅលើបទល្មើសផ្សេងៗ ។ ច្បាប់ដែលមានសុពលភាព គឺសម្រាប់អនុវត្តទៅលើ គ្រប់បុគ្គលទាំងអស់ ដោយមិនប្រកាន់និន្នាការនយោបាយ មាសប្រាក់ ឬបក្ខពួកនិយមឡើយ។ ហើយច្បាប់ ក៏ដាក់បញ្ញត្តិ បញ្ជាក់ពីតួនាទីរបស់ អ្នកអនុវត្តច្បាប់ដែលរួមមាន អាជ្ញាធរមានសមត្ថកិច្ច និងតុលាការ​នោះ​ដូចគ្នា។

ជាក់ស្តែងសម្រាប់កម្ពុជា ច្បាប់ត្រូវបានបញ្ញត្តិ និងកំណត់បទល្មើសបានត្រឹមត្រូវហើយ តែការអនុវុត្តច្បាប់របស់បុគ្គល ប្រតិបត្តិច្បាប់ នៅមានលក្ខណៈលំអៀង និងដោយភាពមិនប្រក្រតី ។ ដូចជាករណីលោក ឈូក បណ្ឌិត អតីតអភិបាល​ក្រុងបាវិត ត្រូវបានតុលាការសម្រេច លើកលែងការចោទប្រកាន់ ដែលបានជាប់ចោទក្នុងរឿងបាញ់ស្ត្រីកម្មករ ថែមទាំង​មិនត្រូវបានឃុំខ្លួនទៀតផង ។ ករណីការបាញ់សំលាប់លោក ឈុត វុទ្ធី ជនដៃដល់ក៍ត្រូវបានតុលាការលើកលែងទោស ករណីជនដៃដល់បាញ់សម្លាប់កុមារី នៅភូមិកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ ក៏ត្រូវបានបិទសំណុំរឿងចោល​។ ទាំងអស់​នេះ​សុទ្ធតែជារឿងព្រហ្មទណ្ឌ តើករណីនេះជាជាការលើកលែងដោយ«ច្បាប់» ឬដោយ«បុគ្គលអនុវត្តច្បាប់» ។

តែផ្ទុយមកវិញ បើពិនិត្យមើលលើករណីផ្សេងទៀត ដូចជាការចោទប្រកាន់ទៅលើស្រ្តីមូយរូប និងស្វាមីដែលបានរារាំង ការចុះវាស់វែងដី របស់ក្រុមយុវជនស្ម័គ្រចិត្ត ជាមួយមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅខេត្ត​ស្ទឹងត្រែង - ករណីចាប់ខ្លួនលោក ម៉ម សូណង់ដូ ពាក់ពន័្ធនឹងដីធ្លី នៅភូមិកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ - ករណីប្រជា​ពលរដ្ឋនៅបឹងកក់ - ករណីចាប់ខ្លួនអ្នកស្រីយ៉ង់ បុប្ផា ដាក់ពន្ធនាគារករណីប្រជាពលរដ្ឋនៅបុរីកីឡា។ល។ ការចាប់ខ្លួន​ទាំងអស់នេះគឺសុទ្ធតែពាក់ពន័្ធ នឹងករណីដីធ្លីទាំងអស់។ ក្រុមសកម្មជន សង្គមស៊ីវិល បាននិយាយថា ពូកគាត់ទាំងនេះ គ្រាន់តែប្រើប្រាស់នូវសិទ្ធិការពារដីកម្មសិទ្ធិ និងការពារដីលំនៅដ្ឋាន របស់ពូកគាត់តែប៉ុណ្ណោះ ហើយមិនបានបាញ់បោះ ប្រើអាវុធជាតិផ្ទុះ អោយមានស្លាប់របួសនរណាម្នាក់ឡើយ។​ តែផ្ទុយទៅវិញ គ្មាននរណាម្នាក់បានរួចខ្លួន មិនបានប្រឈម​មុខ នឹងចំណាត់ការ«យ៉ាងច្បាស់លាស់» របស់អាជ្ញាធរមានសមត្ថកិច្ច និងប្រព័ន្ធតុលាការនៅកម្ពុជានោះទេ។

រីឯចំណាត់ការ និងការអនុវត្តច្បាប់របស់មន្ត្រីប្រតិបត្តិ និងរបស់តុលាការនោះវិញ មានភាព«ខុសប្លែក» ពីការអនុវត្តច្បាប់​របស់បណ្តាប្រទេសជុំវិញ ដែល«កម្ពុជាខ្លួនឯង» ទើបនឹងបានធ្វើជាប្រធានអាស៊ាន ពីកិច្ចប្រជុំថ្មីៗ ក្នុងគោលដៅបង្កើត​សហគមន៍អាស៊ាន ក្នុងឆ្នាំ២០១៥ខាងមុខ និងមិនត្រឹមតែប៉ុណ្ណោះ ថែមបានអនុវត្ត ដោយរំលោភទៅលើច្បាប់អន្តរជាតិ ដែល«កម្ពុជាខ្លួនឯង» ជាម្ចាស់ហត្ថលេខី នៅក្នុងសន្ធិសញ្ញាទាំងនោះទៀតផង។

លោកស្រី ជា វណ្ណាត អ្នកវិភាគឯករាជ្យ បានសន្មតថា តុលាការគឺ យុត្តធ៌ម ឯករាជ្យ និង ស្អាតស្អំ ដូច្នេះរាល់ការសំរេច គឺសំអាងទៅលើអង្គេហតុ អង្គច្បាប់។ លោកស្រីបានបន្តថា ការដែលប្រជាពលរដ្ឋទាមទារសិទ្ធិ ទាក់ទងនិងបញ្ហាដីធ្លី អាជ្ញាធរក្តី មន្ទីរក្រសួងមានសមត្ថកិច្ចក្តី គួរតែរកមធ្យោបាយដោះស្រាយ របៀបឈ្នះឈ្នះ ដោយសន្តិវិធី មិនចាំបាច់ឲ្យ​អ្នកតវ៉ាទៅជាប់ពន្ធនាគារ ។ លោកស្រីបញ្ជាក់ថា «បើដោះស្រាយ តាំងពីជំហានទីមួយមិនកើត ទីពីរ (...) ទីបីមិនកើត ជួនកាលទាល់ច្រក គ្មានអ្វីក្រៅពីតុលាការ គ្មានអ្វីក្រៅពីគុក»។ លោកស្រីបានស្នើ ឲ្យមានការជួប «ជជែកពិភាក្សា​ទល់​មុខគ្នា ដោយមានការយោគយល់គ្នា រវាងអាជ្ញាធរនិងប្រជាពលរដ្ឋ (...)។ អាជ្ញាធរគួរមានតម្លាភាព និងការទទួលខុសត្រូវ មិនត្រូវទុកឲ្យប្រជាពលរដ្ឋ លោកទាល់ច្រក ហើយឆ្លើយដាក់ប្រជាពលរដ្ឋថាជាអ្នកបង្ករ» ។

ឯលោក មឿន តុលា ប្រធានផ្នែកសិទ្ធិការងារ របស់មជ្ឈមណ្ឌលអប់រំច្បាប់ សម្រាប់សហគមន៍ លោកបានលើកឡើងថា ករណីលោក ឈូក បណ្ឌិត ជាបទល្មើសជាក់ស្តែង នៅកន្លែងកើតហេតុមាននគរបាល និងប៉ូលីសច្រើនណាស់ ពួកគាត់​មានសិទ្ទិចាប់ជនដៃដល់នោះនៅហ្នឹងកន្លែង ប៉ុន្តែពួកគាត់រមិនបានអនុវត្តតាមច្បាប់ឡើយ។ លោកបន្តថា «កន្លែងនេះ សរបញ្ជាក់ឲ្យឃើញតែម្តង យើងនៅក្រោមដំបូល ឬមេឃតែមួយ គឺមានម្ខាងខ្មៅ និងមានម្ខាងសរ។ យើងឃើញ​ច្បាស់​តែម្តង ករណីរឿងលោក ឈូក បណ្ឌិត ករណីអ្នកបឹងកក់ដប់បីនាក់ បន្ទាប់មកចាប់អ្នកស្រីយ៉ង់ បុប្ផា ដាក់ពន្ធនាគារ រឿង​បុរីកីឡា រឿងលោកម៉ម សូណង់ដូ (...) គឺជាកញ្ចក់មួយច្បាស់តែម្តងថា ប្រព័ន្ធតុលាការទទួលឥទ្ធិពលពីរសំខាន់ណាស់ គឺឥទ្ធិពលនយោបាយ និងឥទ្ធិពលដុល្លា។ ឥទ្ធិពលលុយ គឺពុករលួយហ្នឹងឯង» ។

ចំណែកឯលោកមេធាវី ហុង គឹមសួន ប្រធានក្រុមមេធាវី នៃអង្គការស៊ីឌីភី (CPD ក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា) មាន​ចំណាប់អារម្មណ៍ថា «ប្រសិនបើគេប្រើឥទ្ធិពល ឬឆន្ទានុសិទ្ធិ គឺថាកំលាំងសមត្ថកិច្ច អនុវត្តបានតែទៅលើប្រជាពលរដ្ឋ ចង់បង្រ្កាប ចង់បំបាក់ស្មារតីគាត់ គឺប្រើអំណាចតាមផ្លូវច្បាប់ធ្វើ។ ដល់ប្រើទៅលើក្រុមអ្នកមានអំណាចវិញ មិនប្រើទេ។ នោះវាឃើញ មានភាពមិនឯករាជ្យ និងនិទណ្ឌភាព ភាពគ្មានទោសទៅដល់អ្នកមានអំណាចហ្នឹង។ នោះអយុត្តិធម៌ មិន​ដឹងរកលេខដាក់យ៉ាងម៉េចទេ ?» ។ លោកបន្តថា ក្នុងគោលការណ៍ច្បាប់វិញ ក្នុងរដ្ឋធម្មនុញ្ញក៏ដោយ ជនគ្រប់រូប​មាន​សិទ្ធិស្មើគ្នាចំពោះមុខច្បាប់ ។ «ច្បាប់គ្មានការរើសអើង ចំពោះជនណាម្នាក់ឡើយ។ តែការអនុវត្តជាក់ស្តែងមិនអញ្ចឹង។ ហេតុនេះ វាមិនមាននីតិរដ្ឋណាពិតប្រាកដទេ ទើបគេចេះតែថ្កោលទោស។ ហើយជនដែលគេមើលឃើញ គេរិះគន់ ទទួលយកមកពិនិត្យមើលទៅ តើវាដូច្នេះមែនអត់?» លោកសង្កត់ធ្ងន់ថា «កុំលុះក្រោមឥទ្ធិពលអ្នកមានអំណាច វានាំ​ឲ្យប្រទេសជាតិអាប់ឱនកិតិ្តយស ប្រជាពលរដ្ឋគ្មានជំនឿលើសមត្ថកិច្ចតទៅទៀតទេ នោះវាមិនអាចអភិវឌ្ឍន៍ ប្រទេសជាតិបានទេ គឺនៅតែរបៀបកុម្មុយនីស្តិ៍ ផ្តាច់ការដដែលហ្នឹង !»

ដោយឡែកលោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី បានថ្លែងតាមវិទ្យុក្នុងស្រុក វាយោអេហ្វអ៊ឹម ដោយបានលើកនិយាយ តែពីដែនសមត្ថកិច្ចរបស់តុលាការប៉ុណ្ណោះ។ លោកនិយាយថា «រដ្ឋាភិបាល​មិនដែល មានគំនិតអ្វីថ្លែង អំពីដែនសមត្ថកិច្ចរបស់ចៅក្រម ឬការសម្រេចរបស់តុលាការនោះទេ។ អ្វីៗជាការសម្រេច​របស់តុលាការ អាហ្នឹងជាហេតុផលមួយរបស់តុលាការ។ ហើយបើសិនជារាល់ភាគី ដែលពាក់ពន្ធ័នៅក្នុងករណីហ្នឹង គេអាចបន្តរកការ​វិនិឆ្ឆ័យក្តី បន្តរបន្ទាប់ទៀត ដូចនៅសាលាឧទ្ធរណ៍ ឬតុលាការកំពូល (...)។»

តែអ្នកវិភាគពន្យល់មកវិញថា ការបំភ្លឺរបស់លោក ផៃ ស៊ីផាន ជាការ«អេះមិនចំកន្លែងរមាស់» ព្រោះបើក្រឡេកមកមើល ករណីលោក ឈូក បណ្ឌិតនេះ កងកម្លាំងសមត្ថកិច្ច មិនបានចាត់ទុកថា ការបាញ់បោះ ដោយប្រើអាវុធជាតិផ្ទុះ របស់​ជនប្រព្រឹត្ត ថាជាករណីប្រព្រឹត្តិជាក់ស្ដែងនោះទេ។ ម្យ៉ាងទៀត នៅចំពោះមុខប្រជាជាតិខ្មែរ និង​បណ្ដាប្រទេសម្ចាស់​ជំនួយ ក៏ដូចបណ្ដាដៃគូរទាំងឡាយក្នុងពិភពលោក រដ្ឋាភិបាលកម្ពុជា ជាអ្នកបានសន្យា និងជាអ្នកទទួលខុសត្រូវតែមួយគត់  នូវរាល់គ្រប់​កំណែទម្រង់ ដែលមាននៅក្នុងការអភិវឌ្ឍន៍ប្រទេស រួមទាំងប្រព័ន្ធយុត្តិធម៌នេះផង៕

---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...