បវរកញ្ញាចក្រវាឡ២០១២៖ អូលីវីយ៉ា ខ័លប៉ូ ជោគជ័យក្នុងឈុតពណ៌ក្រហម
នៅចំពោះទស្សនិកជន រាប់លាន់នាក់ នៅក្នុងពិភពលោក ដែលនារីរូបស្អាត កញ្ញា អូលីវីយ៉ា ខ័លប៉ូ ជនជាតិអាមេរិក អាយុ២០ឆ្នាំ បានជាប់ជាបវរកញ្ញាចក្រវាឡ នៅទីក្រុងឡាស វេហ្គាស កាលពីថ្ងៃពុធទី១៩ធ្នូកន្លងទៅ។
កញ្ញា អូលីវីយ៉ា ខ័លប៉ូ ពេលបានក្លាយជារាជនីសម្រស់ នៃចក្រវាឡប្រចាំឆ្នាំ២០១២។
នៅក្រោយតែប៉ុន្មានសប្ដាហ៍ បន្ទាប់ពីប្រលងជ្រើសរើសបវរកញ្ញាបារាំងមក នៅសហរដ្ឋអាមេរិកឯណោះ ជាពិសេសនៅកណ្ដាលទីក្រុងឡាសវេហ្គាសតែម្តង ដែលពិធីប្រលងជ្រើសរើសបវរកញ្ញា ចក្រវាឡលើកពី៦១ បានធ្វើឡើងនៅក្នុងមហាសណ្ឋាគារ យ៉ាងល្អប្រណិតមួយ មានឈ្មោះថា ប្លាណែត ហូលីវូដ (Planet Hollywood)។
ពីក្នុងបេក្ខនារីទាំងអស់ ដែលមានចំនួន៨៩នាក់ មានអាយុពី១៨ដល់២៧ឆ្នាំនោះ កញ្ញា អូលីវីយ៉ា ខ័លប៉ូ (Olivia Culpo) ក្នុងឈុតពណ៌ក្រហម បានធ្វើអោយការចាប់អារម្មណ៍ យ៉ាងលេចធ្លោជាងគេ ជាពិសេសពីក្នុងចំណោម កញ្ញាទាំងប្រាំ ចុងក្រោយ ជម្រើសសម្រាប់ជាប់ជា«រាជនីសម្រស់» នៃចក្រវាឡប្រចាំឆ្នាំ២០១២។ ការរៀបចំពិធីក្នុងពេលរាត្រី ប្រកបដោយភាពអឹកអធឹកនេះ បានផ្ដល់កិត្តិយសអោយ នាងដ៏ស្រស់ស្អាតនេះ បានជាប់ចំណាត់ថ្នាក់លេខមួយ និងជាលើកទីមួយ សម្រាប់ប្រទេសរបស់នាង (អាមេរិក) បើរាប់តាំងពី១៥ឆ្នាំមកហើយ។
នាងកញ្ញា អូលីវីយ៉ា ខ័លប៉ូ ដែលជានិស្សិត នៅសកលវិទ្យាល័យប៊ូស្តុន (Boston) បានទទួលតំណែងជាប់ជានារី ដែលស្អាតជាងគេ ក្នុងពិភពលោក ជំនួសបវរកញ្ញាឆ្នាំមុន មកពីប្រទេសអង់ហ្គូឡា នាងកញ្ញា ឡីឡា ឡូប៉េស (Leila Lopes)។ បវរកញ្ញាមកពីប្រទេសហ្វីលីពីន នាងកញ្ញា ចានីន ទូហ្គូណុន (Janine Tugonon) បានជាប់ចំណាត់ថ្នាក់លេខពីរ រីឯចំណាក់ថ្នាក់លេខបី បានធ្កាក់ទៅលើនាងកញ្ញា អៀរ៉ែន សូហ្វីយ៉ា អេសែ កាំងតេរ៉ូ (Irene Sofia Esser Quintero) បវរកញ្ញាមកពីប្រទេសវេនេស៊ុយអេឡា។
គួររំលឹកថា នាងកញ្ញា អូលីវីយ៉ា ខ័លប៉ូ បានឈ្នះការប្រលងជ្រើសរើសបវរកញ្ញាប្រចាំតំបន់ រ៉ូដ អាយឡេន (Rhode Island) ទីកន្លែងដែលនាងធ្លាប់រស់នៅ ជាមួយនឹងឈុតសំពត់ជួលតម្លៃ២០ដុល្លា ហើយថែមទាំងមានប្រហោងទៀតផង។ តាំងពីនោះមក នាងកញ្ញាបានកាត់បន្ថយរបបអាហារ និងពង្រីកចំណោះដឹង ដើម្បីឈានទៅដណ្ដើមអោយបាន នូវម្កុដបវរកញ្ញាប្រចាំប្រទេសអាមេរិក ដែលនាងបានឈ្នះ នៅខែមិថុនាមុន។
ជាកូនស្រីរបស់អ្នកលេងភ្លេងអាជីប ទាំងឪពុកទាំងម្ដាយ នាងកញ្ញា អូលីវីយ៉ា ខ័លប៉ូ បានលេងវិយ៉ូឡុង ជាមួយនឹងអ្នកលេងវិយ៉ូឡុងអន្តរជាតិដ៏ល្បីម្នាក់ ឈ្មោះ យ៉ូ-យ៉ូ ម៉ា (Yo-Yo Ma) ហើយនាងរំពឹងថា នឹងបន្តវេនពីឪពុកម្ដាយនាង តទៅខាងមុខទៀត។
តាមធម្មតា បវរកញ្ញាចក្រវាឡរូបនេះ នឹងទទួលបានប្រាក់ខែ ដែលចំនួន មិនត្រូវបានគេដឹងថាប៉ុន្មាននោះទេ សំពត់រ៉ូបសម្រាប់រាជនីមួយឈុត អំណោយគ្រៀងសម្អាងយ៉ាងសន្ធឹកសន្ធាប់ និងផ្ទះស្នាក់នៅយ៉ាងស្កឹមស្កៃ នៅកណ្ដាលទីក្រុងញ៉ូយក ប្រទេសអាមេរិក៕
-------------------------------------------------
ដោយ ឈូករ័ត្ន - ប៉ារីស ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ