មហាសេដ្ឋីហុងកុងម្នាក់ចំណាយឲ្យបុគ្គលិក ១៣០០០ នាក់ទៅដើរលេងនៅថៃ!
- ដោយ: ដារី អត្ថបទ ៖ ដាវី ([email protected]) - ភ្នំពេញ ថ្ងៃទី ១៧ ឧសភា ២០១៥
- កែប្រែចុងក្រោយ: May 17, 2015
- ប្រធានបទ: ទេសចរណ៍
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ដំណើរកំសាន្ដ នៅក្នុងប្រទេសបារាំង របស់បុគ្គលិក ជាង៦៤០០ (ប្រាំមួយពាន់បួនរយ) នាក់ របស់សហគ្រាសមួយ នៅខេត្តធៀនជិន (Tianjin) ប្រទេសចិន ដែលត្រូវបានចំណាយ ដោយមហាសេដ្ឋី ម្ចាស់សហគ្រាសនោះ បានធ្វើឲ្យមនុស្សពេញមួយផែនដី ភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយហេតុថា នេះជាលើកទីមួយហើយ ដែលប្រធានក្រុមហ៊ុនមួយ បានចេញលុយ «រាប់សិបលានយ័ន» ឲ្យបុគ្គលិករបស់ខ្លួន ចេញទៅលំហែកាយដូច្នេះ។
ប៉ុន្តែករណី បុគ្គលិកជាង ៦៤០០ នាក់ ខាងលើ លែងជាករណីតែមួយ ក្នុងលោកយើងនេះទៀតហើយ ព្រោះមហាសេដ្ឋីម្នាក់ទៀត នៅក្នុងក្រុង ហុងកុង ប្រទេសចិនដដែល បានបន្ថែមមួយករណីទៀត កាន់តែខ្លាំងជាងមុន ដោយចំណាយប្រាក់ «រាប់រយលានយ័ន» ដើម្បីឲ្យបុគ្គលិករបស់ខ្លួន ជាង១៣ ០០០ (មួយម៉ឺនបីពាន់) នាក់ ចេញទៅដើរទេសចរណ៍ នៅក្នុងប្រទេសថៃ។ នេះបើតាមសេចក្ដីរាយការណ៍ របស់សារព័ត៌មានចិន China.org.cn។
លោក លី ហ៊ុនលីន (Li Huilin) អគ្គនាយក្រុមហ៊ុន Infinitus បានអញ្ជើញបុគ្គលិក ដែលមានចំនួនដ៏ច្រើន របស់លោក និងដែលធ្វើការ សឹងនៅមួយចំហៀងប្រទេសចិន ឲ្យធ្វើដំណើរកំសាន្ដ នៅក្នុងប្រទេសថៃ។ យន្ដហោះជាង១០០គ្រឿង និងរថយន្ដក្រុង ជាង៤០០គ្រឿង ត្រូវបានជួលផ្ដាច់ ដើម្បីដឹកជញ្ជូន ក្រុមអ្នកទេសចរណ៍ទាំងនេះ ដោយរាប់ទាំងកាណូតធំៗ ៣៦គ្រឿង ដែលយកមកធ្វើ ជាសាឡាង ដឹកចម្លងឆ្លងទន្លេមេគង្គនោះផង។
តាមពិតទៅ នេះមិនមែនជាលើកទីមួយទេ ដែលក្រុមហ៊ុន Infinitus បានរៀបចំដំណើរកំសាន្ដ សម្រាប់បុគ្គលិករបស់ខ្លួន ទៅកាន់ប្រទេសថៃ តែលើកនេះ ជាលើកទី៦ហើយ ដោយគ្រាន់តែលើកនេះ ដំណើរកំសាន្ដ ត្រូវបានកត់សំគាល់ ដោយចំនួនដ៏ច្រើនលើសលប់ នៃបុគ្គលិករបស់ក្រុមហ៊ុន។ ប៉ុន្តែនៅឆ្នាំក្រោយ ការភ្ញាក់ផ្អើល នឹងមានកាន់តែខ្លាំង ដោយសារសហគ្រាស មួយនេះ គ្រោងរៀបចំដំណើរកំសាន្ដមួយទៀត សម្រាប់បុគ្គលិក ដែលមានចំនួនរហូតដល់ទៅ ២២ ០០០ (ពីរម៉ឺនពីពាន់) នាក់៕