បើបើកឡានដឹកធុងហ្គាស... កុំជក់បារី! (vdo)
- ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី១៦ ឧសភា ២០១៥
- កែប្រែចុងក្រោយ: May 18, 2015
- ប្រធានបទ: គ្រោះថ្នាក់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
គ្រោះថ្នាក់ផ្ទុះធុងហ្គាសរបៀបនេះ ពិបាកនឹងមើលឃើញ ឬដឹងជាមុនណាស់ ជាពិសេសករណី ដែលអាចបង្ក ឲ្យទៅជាវិនាសកម្មមួយ មិនអាចស្មានដល់។ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៥កន្លងទៅនេះ នៅក្នុងទីក្រុង វ៉េលីគីយ៉េ លូគី (Velikié Louki) នៃប្រទេសរ៉ូស្សី ស្ត្រីម្ចាស់រថយន្ដមួយរូប បានរងគ្រោះនឹងអគ្គិភ័យ ក្នុងខណៈពេល ដែលនាងកំពុងបើក រថយន្ដ។
យុវតីវ័យក្មេង មានបំណងចង់ដុតបារីជក់ នៅក្នុងពេលកំពុងបើកបរ ប៉ុន្តែនាងមិនបានដឹងថា ធុងហ្គាសដែលនាងកំពុងដឹក ដាក់ក្នុងរថយន្ដជាមួយ បានបែកធ្លាយនោះឡើយ។ អណ្ដាតភ្លើង ដែលចេញពីដែកកេះរបស់នាង បានឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅ នៅក្នុងរថយន្ដ ហើយឆេះដោយទាំងខ្លួននាងផង។
តែសំណាងល្អ នាងបានបើកទ្វារថយន្ដ រត់ចេញមកក្រៅបាន និងបានរងរបួស តែបន្តិចបន្តួចប៉ុណ្ណោះ។ រីឯរថយន្ដរបស់នាងវិញ បានរងការខូចខាត សឹងតែទាំងអស់ ដោយត្រូវរង់ចាំអ្នកពន្លត់អគ្គិភ័យមកដល់ ដើម្បីធ្វើការពន្លត់ភ្លើង ជាមួយនឹងទឹកពពុះប្រឆាំងអគ្គិភ័យ។
ហេតុការណ៍នេះ ត្រូវបានថតជាប់ ដោយម៉ាស៊ីនថតវីដេអូសុវត្ថិភាព ដែលដាក់បំពាក់ជាប់នឹងរថយន្ដ ដែលបើកបរ ពីខាងក្រោយរថយន្ដយុវតីរងគ្រោះ។ សូមបញ្ជាក់ដែរថា ថ្ងៃខែឆ្នាំ ដែលឃើញនៅលើវីដេអូ មិនមែនជាថ្ងៃខែឆ្នាំមែនទែននោះទេ តែហេតុការណ៍ វាពិតជាបានកើតឡើង នៅមួយសប្ដាហ៍មុន ហើយម្ចាស់វីដេអូ ទើបនឹងយកមកបង្ហោះ ក្នុងថ្ងៃទី១៣ ខែឧសភានេះប៉ុណ្ណោះ៕