ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​អាណត្តិ​ទី​ប្រាំ ខណៈ​សម រង្សី​បន្ត​ចលនា​ទាមទារ

មិនមានអ្វីប្លែកទេ ហើយដូចទៅនឹងការគ្រោងទុកដូច្នេះ រដ្ឋសភាជាតិដែលមានសមាជិកតំណាងរាស្ត្រ មកពីគណបក្សប្រជាជនកម្ពុជា បានបើកនិតិកាលថ្មីរបស់ខ្លួន ដោយថែមទាំងបានប្រកាសផ្ដល់សេចក្ដីទុកចិត្ត ទៅលោក ហ៊ុន សែន ក្នុងការកាន់តំណែងជានាយករដ្ឋមន្ត្រីបន្តទៀត សម្រាប់អាណត្តិប្រាំឆ្នាំទៅមុខ។ រដ្ឋសភាជាតិថ្មី ក្រោមព្រះរាជធិបតីភាពដ៏«ខ្ពង់ខ្ពស់» នៃព្រះមហាក្សត្រព្រះករុណា ព្រះបាទ នរោត្ដម សីហមុនី ដែលត្រូវបានគណបក្សសង្គ្រោះជាតិ ចាត់ទុកថាជាសភាឯកបក្ស ខុសច្បាប់រដ្ឋធម្មនុញ្ញ។
Loading...
  • ដោយ: កេសរ កូល
  • កែប្រែចុងក្រោយ: September 23, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

មិនមានអ្វីប្លែកទេ ហើយដូចទៅនឹងការគ្រោងទុកដូច្នេះ រដ្ឋសភាជាតិដែលមានសមាជិកតំណាងរាស្ត្រ មកពីគណបក្ស ប្រជាជនកម្ពុជា បានបើកនិតិកាលថ្មីរបស់ខ្លួន ដោយថែមទាំងបានប្រកាសផ្ដល់សេចក្ដីទុកចិត្ត ទៅលោក ហ៊ុន សែន ក្នុង​ការកាន់តំណែងជានាយករដ្ឋមន្ត្រីបន្តទៀត សម្រាប់អាណត្តិប្រាំឆ្នាំទៅមុខ។ រដ្ឋសភាជាតិថ្មី  ក្រោម​ព្រះរាជធិបតីភាព​ដ៏​«ខ្ពង់ខ្ពស់» នៃព្រះមហាក្សត្រព្រះករុណា ព្រះបាទ នរោត្ដម សីហមុនី ដែលត្រូវបានគណបក្សសង្គ្រោះជាតិ ចាត់ទុកថា​ជាសភាឯកបក្ស ខុសច្បាប់រដ្ឋធម្មនុញ្ញ។


រដ្ឋសភានិងអ្នកតំណាងរាស្ត្រពីគណបក្សប្រជាជនកម្ពុជា ថ្ងៃទី២៣ខែកញ្ញា មុនអាគាររដ្ឋសភា។ (រូបថត MONOROOM.info/ O.vary)

រាជធានីភ្នំពេញ - «វត្តមានតំណាងរាស្រ្តទាំង៦៨រូបនេះ អាចធ្វើឲ្យសភាជាតិដំណើរការទៅបាន» នេះជាការប្រកាសរបស់​លោក ហេង សំរិន ព្រឹទ្ធសមាជិកដែលមានវ័យចំណាស់ជាងគេ ក្នុងថ្ងៃបើកនិតិកាលថ្មីនៃរដ្ឋសភាកម្ពុជា ដែលប្រកាស​កោះ​ប្រជុំដោយ​អង្គ​ព្រះមហាក្សត្រព្រះបាទ នរោត្ដម សីហមុនី។ អ្នកតំណាងរាស្ត្រទាំង៦៨រូបនោះ មកពីគណបក្ស​ប្រជាជន​កម្ពុជា របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែនទាំងអស់។ ដោយឡែក តំណាងរាស្រ្តមកពីគណបក្សសង្គ្រោះជាតិទាំង៥៥រូប ពុំមានវត្តមាន​នោះទេ។

ការបើកនិតិកាលថ្មីថ្ងៃទី២៣ខែកញ្ញានេះ មានរបៀបវារះចំនួនពីរ នោះគឺការសម្រេចពីសុពលភាព​នៃអាណត្តិរបស់សមាជិក​នីមួយៗ និងការអនុម័ត្របទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា ដោយគ្មានការជជែកពិភាក្សាអ្វីឡើយ និងជាការអនុម័ត្រដោយវិធី​លើក​ដៃ ក្នុងសម្លេងគាំទ្រង៦៨លើ៦៨ ពីអ្នកតំណាងរាស្ត្រដែលមកពីគណបក្សតែមួយ។

ក្នុងថ្ងៃនេះដដែល ព្រះមហាក្សត្រព្រះបាទ នរោត្ដម សីហមុនី ទ្រង់ក៏បានត្រាស់បង្គាប់តែងតាំង លោក ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រីអាណត្តិទីប្រាំ ដើម្បីកាន់តំណែងជាបន្តទៀត ខណៈពេលដែលបុរសខ្លាំងរូបនេះ បានស្ថិតក្នុងតំណែងនេះ តាំងពីជាង៣០ឆ្នាំមកហើយ។ នៅមុននេះបន្តិច ព្រះសង្កថាថ្លែងបើកនិតិកាលថ្មីរបស់រដ្ឋសភា ក៏ត្រូវបានគេចែក​ផ្សាយ​ទៅ​ដល់ដៃអ្នកសារព័ត៌មានដែរ។ នៅក្នុងព្រះសង្កថា ព្រះមហាក្សត្រទ្រង់មានបន្ទូលថា «ស្ថាប័នរដ្ឋយើងទាំងអស់ ធានារ៉ាប់រង​ភារកិច្ចដ៏ធំធេង បានកសាងសមិទ្ធិផលដ៏ច្រើនមហិមា (...)។ ស្នាដៃខាងលើនេះ ឆ្លុះបញ្ចាំងឲ្យឃើញ តាមរយៈជីវភាព​ដ៏​សុខសន្តិភាព ស្ថិរភាព មានការអភិវឌ្ឍន៍ តាំងពីទីក្រុងដល់ជនបទ ជាហេតុនាំឲ្យកិត្យានុភាពរបស់កម្ពុជាយើង កាន់តែ​ឡើងខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ លើឆាកអន្តរជាតិ»។

រដ្ឋសភាកម្ពុជាដែលទើបនឹងបើកនិតិកាលថ្មី ហើយដែលឈានទៅដល់ការតែងតាំង លោក ហ៊ុន សែន ជានាយក​រដ្ឋមន្ត្រី​នេះ ត្រូវបានគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងចាត់ទុកថា ជាសភាឯកបក្សផ្ទុយ​ទៅនឹងគោលការណ៍​ប្រជាធិបតេយ្យសេរីពហុបក្ស។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយរបស់ខ្លួន ចេញផ្សាយនៅព្រឹកនេះដដែល គណបក្ស​ប្រឆាំង​បានថ្លែងថា នេះជាការនាំប្រទេសកម្ពុជា ទៅកាន់របបផ្ដាច់ការសារជាថ្មីម្ដងទៀត។

ចំណែកឯប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ វិញ បានថ្លែងបញ្ជាក់ឡើងវិញពីការជឿជាក់យ៉ាងខ្លាំង របស់​បុព្វហេតុនៃក្រុមរបស់លោកពីទីក្រុងសៀមរាប-អង្គរ ទីកន្លែងដែលគណបក្សនេះបានប្រមូល បេក្ខជនតំណាងរាស្ត្រ​ជាប់​ឆ្នោតរបស់ខ្លួន ទៅស្បថនៅមុខប្រាសាទអង្គរថា«មិនក្បត់ឆន្ទះរាស្ត្រ»ម្ចាស់ឆ្នោត។ មេដឹកនាំគណបក្សរូបនេះ បា​ន​អះអាង​ថា លោកនឹងបន្តយុទ្ធនាការនៅក្នុងពិភពលោក ស្វែងរកការពិត  ដើម្បីឲ្យការស៊ើបអង្កេតលើភាពមិនប្រក្រតី ក្នុងការ​បោះ​ឆ្នោតឲ្យមានប្រសិទ្ធិភាព។ លោកបានថ្លែងឲ្យដឹងទៀតថា «យើងនឹងធ្វើចលនានៅក្នុងសហគមន៍អន្តរជាតិ កុំឲ្យគេ​ទទួល​ស្គាល់របបណ្នឹង ព្រោះរំលោភកិច្ចព្រមព្រៀងទីក្រុងប៉ារីស រំលោភគោលការណ៍ប្រជាធិបតេយ្យ រំលោភឆន្ទះប្រជារាស្ត្រ»៕

------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...