«វិញ្ញាណលោកម្ចាស់គ្រញូង» ភាពយន្តដែលនិយាយពីព្រៃឈើ (vdo)
- ដោយ: ប្រាថ្នា ដោយ ប្រាថ្នា (ទាក់ទង៖ [email protected] ) - ភ្នំពេញ ថ្ងៃទី១៨ តុលា ២០១៤
- កែប្រែចុងក្រោយ: October 23, 2014
- ប្រធានបទ: សំពត់ស
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ខ្សែភាពយន្តមួយទៀត ក្រោមស្នាដៃនិពន្ធរបស់អ្នកស្រី ពាន់ ភួងបុប្ផា ដែលនិយាយពីទឹកភ្នែករបស់ឈើមួយប្រភេទ ដែលកំពុងរងការទន្រ្ទានពីឈ្មួញទាំងឡាយ គឺដើមក្រញូង នឹងចាក់បញ្ចាំង ក្នុងថ្ងៃទី២៣ ខែតុលានេះតទៅ។ ក្រៅពីចង់ពញ្ញាក់អារម្មណ៍ ដល់ទស្សនិកជន ជាពិសេសអ្នកដែលរកជំនួញ ឱ្យគិតគូរថែរក្សាព្រៃឈើ ប៉ុន្តែរឿងនេះ នៅមានលាយឡំ ឈុតឆាកស្នេហាឈឺចាប់ព្រាត់ប្រាស់ និងកំប្លុកកំប្លែងផងដែរ។
ចំណែកឯតួសម្ដែងវិញ សុទ្ធជាតារាល្បីៗ និងមានបទពិសោធ ក្នុងនោះលោក អ៊ុន សិទ្ធា និងកញ្ញា តូតា ជាតួឯក និងមានតួសម្តែងល្បីៗមួយចំនួនទៀត ដែលចូលរួមសម្តែងដូចជាលោក ស៊ឹម សុភ័ណ្ឌ លោក ដួង សុខគា អ្នកនាង ទូច ស្រីលក្ខណ៍ ឌីជេឃ្លាំង នេន ទុំ និងតារាមួយចំនួនទៀត។
បើតាមការអះអាងពីអ្នកស្រី ពាន់ ភួងបុប្ផា អ្នកនិពន្ធដ៏ល្បីឈ្មោះ បានឱ្យដឹងថា ភាពយន្តរឿង«វិញ្ញាណលោកម្ចាស់គ្រញូង» ចង់បង្ហាញឱ្យឃើញ ពីទុក្ខវេទនារបស់អំបូរឈើគ្រញូង។ អ្នកស្រីចំណាយពេលយ៉ាងយូរ ដើម្បីឱ្យខ្សែភាពយន្តមួយនេះ ចេញជាសាច់រឿងឡើង គឺចង់ធ្វើជាសារមួយដាស់តឿន ដល់អ្នកប្រព្រឹត្តិសកម្មភាពកាប់បំផ្លាញព្រៃឈើ ឱ្យគិតគូឡើងវិញ ពីផលប្រយោជន៍របស់ព្រៃឈើ និងមានគំនិតស្រឡាញ់ព្រៃឈើ ព្រោះព្រៃឈើបានផ្តល់ប្រយោជន៍ច្រើនណាស់ដល់មនុស្ស។ ម្យ៉ាង ព្រៃឈើវាក៏មានជិវិតដូចមនុស្សដែរ បើកាប់វាមួយដើម ប្រៀបដូចយើងសម្លាប់មនុស្សម្នាក់ដែរ ពួកគេនឹងត្រូវព្រាត់ប្រាស់គ្រួសារ បាត់ទីជម្រក រងទុក្ខខ្លោចផ្សាដូចគ្នា ។
តាមឈុតឆាកខ្លីនៃសាច់រឿង «វិញ្ញាណលោកម្ចាស់គ្រញូង» បានបង្ហាញថា រឿងនេះផ្ដើមចេញពីបុរសអ្នកស្រុកភូមិម្នាក់ សម្តែងដោយនាយក្រូច ដែលចូលចិត្តលេងល្បែងភ្នាល់អុក។ ថ្ងៃមួយ គេបានលេងល្បែងអុកភ្នាល់ឈ្នះ បានគ្រែគ្រញូងបុរាណមួយពី លោកដង្ខៅម្នាក់។ ហោរាបានទាយថា គ្រែគ្រញូងនោះមានដួងវិញ្ញាណថែរក្សា អ្នកដែលអាចដេកលើនោះបាន មានតែស្រីក្រមុំតែប៉ុណ្ណោះ។ បុរសនេះនិងប្រពន្ធ ក៏បានប្រគល់គ្រែនោះឱ្យទៅប្អូនរបស់គេ ឈ្មោះនាង កែវ ដែលជាស្រីក្រមុំ ធ្វើឲ្យនាងសប្បាយចិត្តជាខ្លាំង។
ជារឿយៗ បុរសដែលជាបងថ្លៃ តែងតែលួចគយគន់ សម្រស់កែវជាប្អូនថ្លៃ។ បុរសនោះឃើញនាងជាប្អូនថ្លៃស្រស់ស្អាត បានធ្វើឱ្យគេមានអារម្មណ៍ត្រេកត្រអាលជាខ្លាំង។ ដោយទ្រាំមិនបាន យប់មួយ បុរសចិត្តអាក្រក់បានលួចចូលបន្ទប់ចាប់បង្ខំនាង តែរំពេចនោះ ស្រាប់តែដួងវិញ្ញាណថែរក្សាគ្រែ គឺលោកម្ចាស់គ្រញូងចេញមករារាំង។ ម្ដងជាពីរដង លោកម្ចាស់គ្រញូង និងនាងកែវ បានចាប់ចិត្តស្រលាញ់គ្នា ប៉ុន្តែជាមួយគ្នានោះ ពួកគេបានរងការឈ្នានីសពីអ្នកស្រុក ធ្វើឱ្យស្នហារបស់ពួកគេជួបឧបសគ្គជាច្រើន។
តើអត្ថន័យនៃការអប់រំឱ្យស្រលាញ់ព្រៃឈើ ក្តីឈឺចាប់របស់ឈើក្រញ៉ូង និងស្នេហាព្រាត់ប្រាស់រវាងវិញ្ញាណលោកម្ចាស់ក្រញូង និងស្រីក្រមុំនោះ ទៅជាយ៉ាងណា?
ស្ពតផ្សាយរឿង «វិញ្ញាណលោកម្ចាស់គ្រញូង» ជាពីរវគ្គ៖