ទីប្រឹក្សាក្រសួងព័ត៌មាន ស្រាយមន្ទិល ចន ច័ន្ទលក្ខណា
- ដោយ: ប្រាថ្នា ដោយ ប្រាថ្នា (ទាក់ទង៖ [email protected] ) - ភ្នំពេញ ថ្ងៃទី២១ តុលា ២០១៤
- កែប្រែចុងក្រោយ: October 23, 2014
- ប្រធានបទ: ពិធីការិនី
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
កាលពីថ្ងៃទី១៩ ខែតុលា ទីប្រឹក្សាក្រសួងព័ត៌មានលោក អ៊ុក គឹមសេង បានបង្ហាញសាររិះគន់មួយ ទៅលើអាជីពជាពិធីករ-ពិធីការិនីរបស់តារាមួយចំនួន ដោយដាក់អមដោយរូបថតអ្នកនាង ចន ច័ន្ទលក្ខណា ដែលមានន័យថា៖ «បើកភ្នែកឃើញ និងលឺសំភាសន៍ ។ សួរដើម្បីសួរ=និយាយដូចអត់និយាយ។ គួររៀនរបៀបសំភាសន៍។ ត្រៀមអ្វីខ្លះ ? សំណួរផ្តើមសេចក្តី សំណួរបិទ សំណួរបើក។» ខ្លឹមសារក្នុងន័យដាស់តឿន និងកែលម្អ ដោយមិនសំដៅទៅលើបុគ្គលណាម្នាក់នេះ បានធ្វើឱ្យអ្នកនាង ចន ច័ន្ទលក្ខណា ក្តៅស្លឹកត្រចៀកតែម្តង។
ប្រតិកម្មរបស់អ្នកនាង ចន ច័ន្ទលក្ខណា ដែលគេហទំព័រក្នុងស្រុកមួយបានធ្វើការចុះផ្សាយ បានឱ្យដឹងថា នេះជាលើកទី១ហើយ ដែលនាងទទួលរង នូវការរិះគន់បែបនេះ ព្រោះថាកន្លងមកមាន ការរិះគន់ពីទស្សនិកជនមិត្តភក្តិ ក្នុងន័យស្ថាបនាទាក់ទង នឹងសំឡេងរបស់អ្នកនាង។ ម៉េម៉ាយសាច់ខ្ចីសម្តីស្អករូបនេះ បន្តថានាងទទួលស្គាល់ថា សំឡេងរបស់នាងមិនសូវពីរោះ និងគ្មានទឹកដមដូចពិធីការិនីដទៃឡើយ ប៉ុន្តែនេះជាធម្មជាតិនៃសម្លេងរបស់នាង ព្រោះរូបនាងផ្ទាល់ក៏មិនអាចកែប្រែវាបាន។
អ្នកនាង ចន ច័ន្ទលក្ខិណា បានបន្ថែមទៀតថា នាងទទួលថា ការងារជាអាជីពពិធីការិនី របស់នាងគឺនៅមានកម្រិត ហើយនៅ ក្នុងនោះ នាងក៏ខំប្រឹងពង្រឹងសមត្ថភាព និងហាត់រៀនពីរៀមច្បងដែរ កាលពីពេលកន្លងមក គ្រាន់តែមនុស្សយើងម្នាក់ៗ មានជំនាញផ្សេងៗពីគ្នា មិនអាចមានជំនាញ និងពូកែគ្រប់ទាំងអស់ឡើយ តែងតែមានខ្វះចន្លោះ ហើយគ្រាន់តែតិច និងច្រើនប៉ុណ្ណឹងឯង។
តារារាងខ្ពស់ស្រឡះរូបនេះ បាននិយាយទៀតថា៖ «សម្រាប់ខ្ញុំផ្ទាល់ ខ្ញុំគិតថា ប្រយោគរិះគន់ ដែលគាត់ (អ៊ុក គឹមសេង) សរសេររិះ គន់នោះ គឺប្រើប្រាស់ប្រយោគមិនសមរម្យទេ។ ការដែលខ្ញុំនិយាយបែបនេះ គឺខ្ញុំពិតជាមិនយល់ ចំពោះសម្តីរបស់គាត់ ឬក៏និយាយ ម្យ៉ាងទៀតថា គាត់អ្នកចេះដឹងច្រើនជាងខ្ញុំ ទើបខ្ញុំមិនយល់ក៏មិនដឹង។»។
ឆ្លើយតបនឹងប្រតិកម្ម របស់ពីធីការិនីរបស់ស្ថានីយ៍ ទូរទស្សន៍បាយ័នខាងលើនេះ លោក អ៊ុក គឹមសេង ទីប្រឹក្សាក្រសួងព័ត៌មាន បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកថា៖ «ជាទូទៅ ប្រតិកម្មសុទ្ធតែស្ថាបនា ថែមទាំងសុភាពរាបសារទៀតផង ។ បើមិននិយាយ វានៅតែអញ្ចឹងរហូត។» លោកសរសេរបន្តថា ចំពោះពាក្យសម្តីរបស់លោក មិនបានសំដៅលើ តែអ្នកនាង ចន ច័ន្ទលក្ខិណា តែម្នាក់នោះទេ ប៉ុន្តែអ្នកនាងជាតួអង្គសំខាន់ មហាជនចាប់អារម្មណ៍។
លោកបន្ថែមថា៖ «ក្នុងកម្មវិធីនោះ ពិធីករ ពិធីការនី ព្យាយាមប្រាប់ពីរឿងរបស់គាត់ ជូនភ្ញៀវក្នុងកម្មវិធី រីឯភ្ញៀវកំពុងតែប្រាប់ ពីបំណងពង្រីកបទចម្រៀង ខ្មែរជួយខ្មែរ ដល់ចឹងទៅ ខ្ញុំគិតថា ពួកគាត់មិនដឹងចង់ផ្ញើសារណាមួយ ជូនដល់សាធារណជន។ បែជាដណ្តើមភ្ញៀវនិយាយ។ រិះគន់អ្នកល្បី ទើបផ្ញើសារជូន។ រូបរបស់គាត់ មិនបានចោទគាត់ទាំងស្រុងនោះទេ។ ចូលសាលាព័ត៌មានច្រើន ទើបដឹងពីសារសំខាន់ពីពិធីករ និងវាគ្មិន។»
អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកម្នាក់ បានលើកឡើងថា ការរិះគន់របស់ទីប្រឹក្សាក្រសួងព័ត៌មាន ពិតជាត្រឹមត្រូវ មិនគួរណា អ្នកនាង ចន ច័ន្ទលក្ខណា បញ្ចេញប្រតិកម្មអញ្ចឹងទេ។ នាងគួរតែយកពាក្យរិះគន់នេះ ទៅស្ថាបនាខ្លួនឯង។ ប្រិយមិត្តរូបនោះ បានសរសេរឲ្យយោបល់បន្ថែមថា៖ «គាត់ជាតំណាងអោយក្រសួងសាម៉ី ត្រូវរិះគន់ពីចំណុចល្អ និងចំណុចអាក្រត់ខ្លះចឹងហើយ (ពេលខ្លះកម្មវិធីជជែក១ម៉ោង អត់ដឹងចង់និយាយពីមុំអ្វី អោយពិតប្រាកដ និយាយអានេះបន្តិច អានោះបន្តិចរកសាច់ការគ្មាន)»៕