ខៀវ កាញារីទ្ធ៖ CPP មិន​ទ្រ​មេ​ឃុំ ចៅ​សង្កាត់​ណា​ដែល​ធ្លាក់​ឆ្នោត

រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា លោក ខៀវ កាញារីទ្ធ បានប្រតិកម្ម តបនឹង​ការ​ផ្សព្វ​ផ្សាយមួយ ដែលអះអាងថា គណបក្ស​ប្រជាជន​កម្ពុជា បង្គាប់ទៅ​រដ្ឋមន្ត្រី និងរដ្ឋលេខាធិការ ប្រមាណជា២៣នាក់ ឲ្យទទួលខុសត្រូវ ចំពោះ​មេឃុំ ឬ​ចៅ​សង្កាត់​ណា ដែលមិនបានជាប់ឈ្មោះ នៅ​ក្នុងការបោះឆ្នោតឆ្នាំ ២០១៧។ លោក កាញារីទ្ធ ចាត់ទុក​ថា បើ​មិន​ជាប់​ឆ្នោត គឺ​មេ​​ឃុំ ឬ​ចៅ​សង្កាត់​នោះ គ្មានការគាំទ្រ​ពីពលរដ្ឋ! បើអញ្ចឹង «ទៅប្រឹងទ្រអីទៀត»?
ខៀវ កាញារីទ្ធ៖ CPP មិន​ទ្រ​មេ​ឃុំ ចៅ​សង្កាត់​ណា​ដែល​ធ្លាក់​ឆ្នោត
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងពេលធ្វើកិច្ចសម្ភាសមួយ ទៅឲ្យក្រុមអ្នកយកព័ត៌មាន។ (រូបថត MONOROOM.info/ Nita)
Loading...
  • ដោយ: ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី២ មករា ២០១៧
  • កែប្រែចុងក្រោយ: January 03, 2017
  • ប្រធានបទ: បោះឆ្នោតឃុំសង្កាត់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

មេឃុំ ចៅសង្កាត់ ដែលចាញ់ឆ្នោត និងមេឃុំ ចៅសង្កាត់ ដែលមិនឈរឈ្មោះ ក្នុងការបោះឆ្នោត មិនដូចគ្នាទេ។ នេះ​បើ​តាមការពន្យល់ របស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន តបទៅនឹងការចុះផ្សាយមួយ របស់​វិទ្យុ​សម្លេង​ប្រជាធិបតេយ្យ (ឬហៅថា វីអូឌី «VOD») ដែលបានស្រង់សេចក្ដី នៅ​ក្នុង​លិខិត​មួយ ចុះហត្ថលេខា ដោយ​សេនាធិការ​គណបក្ស អ្នកស្រី ម៉ែន សំអន មករាយការណ៍ថា គណបក្សប្រជាជនកម្ពុជា តម្រូវទៅ​មន្ត្រី​«គ្រាក់ៗ» របស់​ខ្លួន ដែលមានតំណែង ជារដ្ឋមន្ត្រី និងរដ្ឋលេខាធិការ ប្រមាណជា២៣នាក់ ឲ្យទទួលខុសត្រូវ ចំពោះ​មេ​ឃុំ ឬ​ចៅ​សង្កាត់ ដែលមិនជាប់ឈ្មោះ ក្នុង​ការ​បោះ​ឆ្នោត។

លោក ខៀវ កាញារីទ្ធ បានចោទសួរ នៅលើគណនេយ្យ​ហ្វេសប៊ុករបស់លោក ដោយចំអក ទៅកាន់ប្រព័ន្ធ​ផ្សព្វផ្សាយ​នោះ​វិញ​ថា៖ «ជាព័ត៌មាន ឬជាការ​បំពុលព័ត៌មាន? (...) ជួយខ្សិបប្រាប់ កុំឲ្យគេថាជាអ្នក ក្រ សែត នាំខូចពូជ។»។

ដូចជាកំប្លែងពេកទេដឹង?

បន្ទាប់មក រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលមាននាទីដ៏សំខាន់ នៅក្នុងគណបក្ស​ប្រជាជន​កម្ពុជា​ដែរ​នោះ បាន​រៀបរាប់​ថា៖ «ឃើញប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​និយាយថា ថ្នាក់ដឹកនាំគណបក្សប្រជាជន ណែនាំមន្ត្រីខ្លួន ជួយ​រក​កន្លែង​សំរាប់​មេឃុំ ចៅសង្កាត់ ដែលមិនជាប់ឆ្នោត»។

លោក បានសរសេរ​​ពន្យល់​​មកវិញថា៖ «ដូចជាកំប្លែងពេកទេដឹង? បើមិនជាប់ឆ្នោត គឺខ្លួនគ្មានការគាំទ្រ របស់​ប្រជាជន​ហើយ ទៅប្រឹងទ្រអីទៀត? ការ​ណែនាំ (EDitor's Note៖ ចង់សំដៅទៅលិខិតរបស់អ្នកស្រី ម៉ែន សំអន) គឺមេឃុំ ឬ ចៅសង្កាត់ណា ដែលមិនឈរជាបេក្ខជនទៀត ក៏ត្រូវតែជួយ​ទំនុក​បំរុង​គាត់ ជា​ព្រឹទ្ធាចារ្យម្នាក់ នៅ​ក្នុង​ជួរ​(គណ)បក្សឃុំ។»

មិនឈរឈ្មោះ ឬធ្លាក់ឆ្នោត?

ការលើកឡើង របស់លោក ខៀវ កាញារីទ្ធ មានភាពប្រហាក់ប្រហែល​ច្រើន ជាមួយនឹងការថ្លែងឡើង របស់​លោក សុខ ឥសាន អ្នកនាំពាក្យ​របស់​គណបក្ស​ប្រជាជនកម្ពុជា ដែលត្រូវបានស្រង់សំដី ដោយវិទ្យុ​«វីអូឌី»​ដដែល។ រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន និយាយពីការ«ជួយទំនុកបំរុង» មេឃុំ ចៅសង្កាត់ ដែលមិន​បាន​ឈរ​ឈ្មោះ ជា​បេក្ខជន ឲ្យ​ទៅ​ជា​«ព្រឺទ្ធាចារ្យ»ម្នាក់ នៅក្នុង«ជួរបក្សឃុំ» ខណៈលោក សុខ ឥសាន បានលើកឡើង ពី​«ប្រាក់​ឧបត្ថម្ភ» ដែល​គណបក្ស​​តម្រូវ​​ឲ្យ​មន្ត្រី​ទទួល​ខុសត្រូវ តាមតំបន់នីមួយៗ (ទាំង២៣រូប គ្រាក់ៗ ដែលមានឈ្មោះ នៅ​​ក្នុង​​លិខិត) ធ្វើការ​បរិច្ចាគ​ទៅឲ្យ (អតីត)មេឃុំ ចៅសង្កាត់​ទាំង​នោះ។

ប៉ុន្តែអ្នកនាំពាក្យគណបក្សកាន់អំណាច ហាក់សង្កត់ករណីនេះ ទៅលើបេក្ខជន ដែលធ្លាក់​ឆ្នោតទៅវិញ។ លោក សុខ ឥសាន បានថ្លែងប្រាប់​​វិទ្យសម្លេង​​ប្រជាធិបតេយ្យ​ថា៖ «អាហ្នឹង ស៊ីសងអាស្រ័យ លើការ​ស្ម័គ្រ​ចិត្ត របស់​អ្នក​​ទទួល​​ខុស​​ត្រូវ​ហ្នឹង​ទេ។ ខ្ញុំយល់ថា វាមិនធ្ងន់ធ្ងរទេ ពីព្រោះនៅតាមឃុំ សង្កាត់ តាមខេត្តមួយចំនួន មិន​មែន​បេក្ខជន​​ដែល​​ឈរ​​ឈ្មោះ វា​ធ្លាក់​ទាំង​អស់​ឯណា រាប់រយនាក់។ មួយពីរ តែប៉ុណ្ណឹងទេ។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...