ត្រាំ ចាកចេញពី​«G7»​មុនគេ តែ​ទន់ភ្លន់

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានចាកចេញពីជំនួបកំពូល «G7» នៅល្ងាចនេះ ជាមួយការអះអាងមួយ ដែលមានលក្ខណៈទន់ភ្លន់។ លោកបានធ្វើដំណើរ ទៅកាន់ប្រទេសសិង្ហបូរី ដើម្បីរៀបចំជំនួប ជាមួយមេដឹកនាំកូរ៉េខាងជើង ដែលនឹងគ្រោងធ្វើ នៅថ្ងៃអង្គារខាងមុខ។
ត្រាំ ចាកចេញពី​«G7»​មុនគេ តែ​ទន់ភ្លន់
ពីឆ្វេងទៅស្ដាំ៖ លោក ដូណាល់ ត្រាំ (ប្រធានាធិបតីអាមេរិក) លោក ជូស្ទីន ទ្រូដូ (នាយករដ្ឋមន្ត្រីកាណាដា) និងភរិយាលោក ជូស្ទីន ទ្រូដូ។ (រូបថតលើទ្វីសធើរ)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី០៩ មិថុនា ២០១៨
  • កែប្រែចុងក្រោយ: June 10, 2018
  • ប្រធានបទ: មហា​អំណាច​សេដ្ឋកិច្ច
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ចាកចេញមុនគេ នៅល្ងាចថ្ងៃសៅរ៍នេះ ពីជំនួបកំពូល​នៃក្រុមប្រទេសមហាយក្ស ផ្នែកសេដ្ឋកិច្ច និងឧស្សាហកម្ម​ ទាំង៧ «G7» របស់ពិភពលោក ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានបន្សល់ទុក នូវពាក្យពេជន៍វិជ្ជមានមួយចំនួន ដោយហៅជំនួបពិភាក្សា នៃក្រុមប្រទេស «G7» ថាជា«កិច្ចពិភាក្សា ដែលទទួលបានផលដ៏ល្អប្រសើរ»។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ក្នុងល្ងាចថ្ងៃសៅរ៍នេះ លោក ត្រាំ បានថ្លែងឡើងថា៖ «យើងមានការពិភាក្សា ដែលទទួលបានផល ដ៏ល្អប្រសើរ ទៅលើភាពចាំបាច់ ដែលតម្រូវឲ្យមាន នូវការផ្លាស់ប្ដូរពាណិជ្ជកម្មស្មើភាព»។ ប្រធានាធិបតីអាមេរិក បានស្នើទៅក្រុមប្រទេសជាដៃគូ នៅក្នុង «G7» ឲ្យធ្វើការពិចារណា ក្នុងការបង្កើតនូវ «តំបន់ផ្លាស់ប្ដូរពាណិជ្ជកម្មសេរី» មួយឡើង ខណៈរដ្ឋបាលរបស់លោក ទើបនឹងបង្កើនការយកពន្ធ ទៅលើការនាំចូលក្នុងសហរដ្ឋអាមេរិក នៃផលិតផលដែកថែប។

តំបន់ផ្លាស់ប្ដូរពាណិជ្ជកម្មសេរី ដែលសម្រាប់លោក ដូណាល់ ត្រាំ គេត្រូវតែ «លុបចោល​នូវតម្លៃពន្ធគយ - លុបចោល​នូវរបាំងអាត្រាពន្ធ និងលុបចោល នូវប្រាក់ឧបត្ថម្ភ»។

សម្រាប់សំណុំរឿងនុយក្លេអ៊ែរ របស់ប្រទេសអៀរ៉ង់ វិញ ប្រធានាធិបតីអាមេរិក បានថ្លែងឲ្យដឹងថា ក្រុមប្រទេស «G7» នៅតែប្រកាន់ជំហររបស់ផងខ្លួន ក្នុងការត្រួតពិនិត្យ ទៅលើមហិច្ឆតានុយក្លេអ៊ែរ របស់រដ្ឋាភិបាលក្រុង តេអៀរ៉ង់។

លោក ដូណាល់  ត្រាំ បានចាកចេញពីជំនួបកំពូល ដែលបានប្រព្រឹត្តិទៅ ចំនួនពីរថ្ងៃ (ថ្ងៃសុក្រ និងសៅរ៍) ក្នុងក្រុង «La Malbaie» នៃប្រទេសកាណាដា មុននឹងបន្តដំណើររបស់លោក ឆ្ពោះទៅកាន់ប្រទេសសិង្ហបូរី ដើម្បីត្រៀម​ជួបជាមួយ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុង-អ៊ុន (Kim Jong-un) ដែលគ្រោងធ្វើនៅថ្ងៃអង្គារ ទី១២ ខែមិថុនាខាងមុខ។

មុននឹងចាកចេញពីប្រទេសកាណាដា លោក ត្រាំ បានដាក់ពិន្ទុ ១០ លើ ១០ ចំពោះទំនាក់ទំនងរវាងរូបលោក និងមេដឹកនាំ «G7» ដូចជាលោក ជូស្ទីន ទ្រូដូ (Justin Trudeau) នាយករដ្ឋមន្ត្រីកាណាដា - លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីបារាំង និងអ្នកស្រី អង់ជឺឡា ម៉ែរគែល (Angela Merkel) អធិការបតីអាល្លឺម៉ង់ជាដើម ខណៈនៅមុននេះ ភាពតានតឹងបានផ្ទះឡើងខ្លាំងក្លា រវាងរូបលោក និងបណ្ដាមេដឹកនាំខាងលើ បណ្ដាលមកពីការបង្កើនពន្ធអាករ ទៅលើផលិតផលដែកថែប ដែលនាំចូលក្នុងសហរដ្ឋអាមេរិក។

ក្រុមប្រទេសមហាអំណាចសេដ្ឋកិច្ចទាំង៧ ដែលជួបគ្នា ក្នុងឆ្នាំ២០១៨នេះ រួមមាន អាមេរិក បារាំង អង់គ្លេស អាល្លឺម៉ង់ ជប៉ុន អ៊ីតាលី និង កាណាដា។ រីឯប្រទេសរ៉ូស្ស៊ី ដែលមានសមាជិកភាព នៅក្នុងក្រុមប្រទេសមហាអំណាចសេដ្ឋកិច្ច​ ទាំងនេះដែរនោះ (បើរួមទាំងរ៉ូស្ស៊ី គេត្រូវហៅ «G8») ត្រូវបានបណ្ដេញចេញពីជំនួប តាំងពីឆ្នាំ២០១៤ បន្ទាប់ពីវិបត្តិនៅឧបទ្វីបគ្រីមៀ (អ៊ុយក្រែន-រ៉ូស្ស៊ី) និង ព្រឹត្តិការណ៍នយោបាយ នៅក្នុងប្រទេសអ៊ុយក្រែន៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...