ឆ្លងថ្នល់ពេលចេញពីធ្វើការ ត្រូវម៉ូតូឌុបបុករងរបួសក្បាល
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ២២ មិថុនា ២០១៥
- កែប្រែចុងក្រោយ: June 23, 2015
- ប្រធានបទ: ចរាចរណ៍
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អ្នកឃើញហេតុការណ៍នេះ លោក រិទ្ធ អាយុ ៣២ ឆ្នាំរស់នៅភ្នំពេញ បានប្រាប់ទស្សនាវដ្តីមនោរម្យអាំង.ហ្វូថា នៅមុនពេលកើតហេតុ ម៉ូតូដែលមានស្លាកលេខ ភ្នំពេញ ១AW-០៤១១ ធុន សង់ឌ្រីមសេរី១០១១ ត្រូវបានម្ចាស់ម៉ូតូ បើកយ៉ាងលឿន ក្នុងទិសដៅពីលិចទៅកើត។ ស្រាប់តែមកដល់មុខ មណ្ឌលសុខភាពទឹកថ្លា បានបុកពេញទំហឹង ជាមួយស្រ្តីម្នាក់ដែលកំពុងដើរឆ្លងថ្នល់។
ម្ចាស់ម៉ូតូ លោក នួន លី បានប្រាប់ឲ្យដឹងដែរថា លោកគ្មានចេតនាទេ លោកជាអ្នករត់ម៉ូតូឌុប ពេលមានគ្រោះថ្នាក់នេះ លោកកំពុងតែឌុបភ្ញៀវទៅផ្សារសូរិយា ហើយក៏ស្រាប់តែមាន គ្រោះថ្នាក់បែបនេះ។ លោកថា៖ «ខ្ញុំមើលមិនឃើញមានមនុស្សទេ ដោយដើរបាំងឡាន»។
ជនរងគ្រោះ អ្នកស្រី ទាវ សុគន្ធា បាននិយាយនៅពេលភ្លាមៗ ទាំងស្មារតីមិនទាន់មានច្បាស់ នៅបន្ទាប់ពីកើតហេតុថា អ្នកស្រីជាអ្នកធ្វើការោងចក្រ នៅក្បែរនោះឈ្មោះ អេវើរហ្រ្គីន អឹភែរឹល (AEC)។ បច្ចុប្បន្នជនរងគ្រោះ ស្នាក់នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ករណីនេះ នៅមិនទាន់បានដោះស្រាយរួចរាល់ទេ នេះបើតាមការបញ្ជាក់ របស់ស្វាមីជនរងគ្រោះលោក វុទ្ធី កាណាន់ នៅឯមន្ទីពេទ្យលោកសង្ឃ។ លោកប្រាប់ឲ្យដឹងថា លោកបានជូបជាមួយអ្នករត់ម៉ូតូឌុប ដែលធ្វើឲ្យប្រពន្ធរបស់លោក រងរបួសនោះហើយ តែនៅមិនទាន់ដោះស្រាយបានថា ចេញថ្លៃព្យាបាលប៉ន្មាននោះទេ ព្រោះគ្រូពេទ្យមិនទាន់បញ្ជាក់ថា អ្នកជំងឺមានរបួសធ្ងន់ឬស្រាល៕